ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន២ករណីថ្មីទៀត

ក្រុមគ្រូពេទ្យក្នុងសម្លៀកបំពាក់ការពារក្នុងការពិសោធន៍ នៃវិទ្យាស្ថានប៉ាស្ទ័រ។ (Institut Pasteur du Cambodge)

ក្រសួងសុខាភិបាល បានប្រកាស​រកឃើញអ្នកឆ្លងវីរុស​​កូវីដ១៩ចំនួន២នាក់បន្ថែម​ទៀត ដែលនាំឱ្យ​ករណី​កូវីដ១៩នៅកម្ពុជាកើនដល់២៤៨នាក់។

យោងតាមសេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួង​សុខាភិបាល នៅថ្ងៃទី៩ ខែសីហានេះ បាន​លើកឡើងថា អ្នកឆ្លងវីរុស​កូវីដ១៩ថ្មី ជាស្ត្រីជនជាតិខ្មែរ មានអាយុ២៧ឆ្នាំ ដែលជាក្រុមមួកខៀវ អង្គការសហប្រជាជាតិរបស់កម្ពុជា ទើបវិលត្រឡប់មកពីប្រទេសម៉ាលី មកកាន់កម្ពុជា និងមានអាស័យដ្ឋាននៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ គាត់ត្រូវបាន​រកឃើញថាមានកូវីដ១៩ នៅពេល​​ធ្វើតេស្តលើកទី៥។ ស្រ្តីរូបនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ​ជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល។

រីឯអ្នកឆ្លងជំងឺកូវីដម្នាក់ទៀត ជាស្ត្រីជនជាតិកាណាដាអាយុ ៤១ឆ្នាំ រួមដំណើរមានកូនប្រុស០១នាក់ និងកូនស្រី០១នាក់ បានធ្វើដំណើរមកពីប្រទេស Ubekiztan ឆ្លងកាត់តាមឌូបៃ និងបន្តជើងហោះហើរ នៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០។ស្រ្តីរូបនោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព​ខ្មែរសូវៀត។

ដោយឡែក អ្នកដែលទើបព្យាបាលជាសះស្បើយ២នាក់ ជាបរុសជនជាតិខ្មែរ អាយុ៣០ឆ្នាំ មានអាស័យដ្ឋាននៅភូមិព្រៃខ្ជាយ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងបុរសអាយុ ២៩ឆ្នាំ មានអាស័យដ្ឋាននៅភូមិ១ ឃុំឡាមិញ ស្រកបរកែវ ខេត្តរតនគិរី។ បុរសទាំង០២នាក់នេះ បានធ្វើដំណើរមកពីប្រទេសប៉ាគីស្ថាន បន្តជើងយន្តហោះនៅ ប្រទេសម៉ាឡេស៊ី មកប្រទេសកម្ពុជា។

បើតាមក្រសួង​សុខាភិបាល គិត​ត្រឹម​ព្រឹក​ថ្ងៃ៩ ខែសីហា ឆ្នាំ២០២០នេះ មាន​មនុស្ស​ចំនួន ២៤៨នាក់​ហើយ ដែល​ត្រូវ​បាន​រក​ឃើញ​ឆ្លង​វីរុស​កូ​វីដ-១៩ នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ​អ្នកជំងឺ២១៧នាក់ ​ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ និង​អ្នកកំពុង​សម្រាក​​​ព្យាបាលនៅក្នុង​មន្ទីរ​ពេទ្យ​រដ្ឋ​ និង​ឯកជន​ចំនួន ៣១នាក់​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ