ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៣នាក់បន្ថែមទៀតនិងករណីជាសះស្បើយចំនួន២នាក់ ដែលធ្វើឱ្យចំនួនអ្នកមានវីរុសកូវីដ១៩សរុបនៅកម្ពុជា កើនដល់២៥១នាក់។
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃចន្ទនេះ បានលើកឡើងថា អ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៣នាក់នោះ ជាបុរសជនជាតិខ្មែរ មានទីលំនៅនៅខេត្តត្បូងឃ្មុំ ដោយពួកគេបានធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ីមកដល់កម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។
ក្រសួងបន្តថា ពួកគាត់ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យបង្អែកខេត្តកាលពីថ្ងៃទី០៤ ខែសីហា និងត្រូវបានធ្វើតេស្តលើកទី៤ ដែលជាថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ក ដោយទទួលបានលទ្ធផលវិជ្ជមានកូវីដ១៩ ហើយបច្ចុប្បន្នត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ដោយឡែក អ្នកជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន២នាក់វិញ ក្រសួងបានបញ្ជាក់ថា ជាបុរសជនជាតិខ្មែរដែលធ្វើដំណើរមកពីប្រទេសរុស្សី ហើយបានបន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ីមកកម្ពុជា ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលធ្វើតេស្តអវិជ្ជមានវីរុសកូវីដ១៩ចំនួន២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជា មានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន២៥១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២១៩នាក់ និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋនិងឯកជនចំនួន៣២នាក់៕