កម្ពុជា​​រក​​ឃើញ​​ករណី​​វិជ្ជមាន​​ជំងឺ​​កូ​វីដ​១៩​ថ្មី​​ចំនួន​១៥​នាក់​ ភាគ​ច្រើន​​ជា​​ជន​ជាតិ​​ចិន​​

អ្នករត់ម៉ូតូឌុបម្នាក់ កំពុងចាំភ្ញៀវនៅមុខក្រសួងសុខាភិបាល​នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (រូបភាព៖ ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាលបាន​ប្រកាស​ពី​ការ​រក​ឃើញ​ករណី​វិជ្ជមាន​ជំងឺ​កូ​វីដ១៩ថ្មី​ចំនួន១៥នាក់​ទៀត ក្នុង​នោះ​មាន​ជនជាតិ​ចិន១៣នាក់​និង​មាន​អ្នកជា​សះស្បើយ​ចំនួន១នាក់។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​សុខាភិបាល​ចេញផ្សាយ​នៅ​ថ្ងៃអង្គារ​នេះ បុរសនិង​ស្ត្រីជន​ជាតិចិន​ទាំង១៣នាក់​បាន​ធ្វើដំណើរ​មក​ពី​ប្រទេស​ហ្វីលីពីន​រួម​ជាមួយនឹង​ជនជាតិ​ចិន​ផ្សេងទៀត​សរុប​ចំនួន១១៩នាក់ តាម​ជើងហោះហើរ​ដែល​មកដល់​កម្ពុជាកាលពី​ថ្ងៃទី០៩ ខែសីហា។

ក្រសួង​បន្ត​ថា អ្នកជំងឺ​ទាំងនោះ​ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌលសុខភាព​ចាក់​អង្រែ រាជធានី​ភ្នំពេញ ខណៈ​អ្នក​ដែល​មាន​លទ្ធផល​តេ​ស្ត​អវិជ្ជមាន​ទាំងអស់​ត្រូវ​បាន​ដាក់​ឱ្យ​ធ្វើ​ចត្តាឡីស័​ក(ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​)ចំនួន១៤ថ្ងៃ នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ។

ក្រសួង​បញ្ជាក់​ថា ចំពោះ​ពលរដ្ឋខ្មែរ​ចំនួន២នាក់​ដែល​ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូ​វីដ១៩ដែរ​នោះ​ជា​កុមារី​ជនជាតិ​ខ្មែរ​អាយុ១៣ឆ្នាំ ស្នាក់នៅ​សង្កាត់​បឹងកេងកង ខណ្ឌចំការមន រាជធានី​ភ្នំពេញ​ និង​ស្ត្រី​អាយុ៤៨ឆ្នាំ​ នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

ក្រសួង​បន្ថែម​ថា កុមារី​និង​ស្ត្រី​ខ្មែរ​ទាំងពីរ​នាក់​ជា​អ្នកធ្វើ​ដំណើរ​មក​ពី​សហរដ្ឋអាមេរិក ដោយ​ឆ្លងកាត់​ប្រទេស​ចិន​(តៃវ៉ាន់​) តាម​ជើងហោះហើរ​មកដល់​កម្ពុជា នៅ​ថ្ងៃទី០៩ ខែសីហា ដោយមាន​អ្នកដំណើរ​សរុប៧៥នាក់។ ក្រសួង​ថា អ្នក​ដែល​មាន​លទ្ធផល​តេ​ស្ត​អវិជ្ជមាន​ត្រូវ​បាន​ដាក់​ឱ្យ​ធ្វើ​ចត្តាឡីស័​កនៅ​សណ្ឋាគារ​ចំនួន៣និង​នៅ​មណ្ឌល​ចត្តាឡីស័​កទ័ព​អាកាស​ពោធិ៍​ចិន​តុង ក្នុង​រាជធានី​ភ្នំពេញ។

ចំពោះ​អ្នកជា​សះស្បើយ​វិញ ក្រសួងសុខាភិបាល​បានឱ្យ​ដឹង​ថា ជា​បុរស​ជនជាតិ​ខ្មែរ​រស់នៅ​ខេត្ត​ត្បូងឃ្មុំ ដែល​បាន​ធ្វើដំណើរ​មក​ពី​ប្រទេស​រុស្សី ដោយ​ឆ្លងកាត់​ប្រទេស​ម៉ាឡេស៊ី មកកាន់​កម្ពុជា។

បើ​តាម​ក្រសួងសុខាភិបាល គិត​ត្រឹម​ព្រឹក​ថ្ងៃ១១ ខែសីហា ឆ្នាំ២០២០នេះ មាន​មនុស្ស​ចំនួន ២៦៦នាក់​ហើយ​ត្រូវ​បាន​រក​ឃើញ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ​អ្នកជំងឺ២២០នាក់ បាន​ព្យាបាល​ជាសះស្បើយ​និង៤៦នាក់​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​រដ្ឋនិង​ឯកជន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ