មន្ត្រី​​សុខា​ភិបាល​​ខេត្ត​​ត្បូង​ឃ្មុំ​​អះអាង​​ថា​ បុរស​​ជា​សះ​ស្បើយ​​ពី​​កូ​វីដ​១៩​បាន​​លាប់​ឡើង​វិញ​

ក្រុមគ្រូពេទ្យចុះទៅពិនិត្យនៅមណ្ឌលចត្តាឡីស័ក នៅក្នុងអនុវិទ្យាល័យស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ក្រោយពេលបុរសម្នាក់ស្លាប់អំឡុងពេលធ្វើចត្តាឡីស័ក កាលពីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០។ (ទូរទស្សន៍ជាតិកម្ពុជា)

​មន្ត្រី​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ អះអាង​ថា បុរស​ជនជាតិ​ខ្មែរ​ម្នាក់​នៅ​ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​ជំងឺ​កូ​វីដ១៩ឡើងវិញ ២សប្ដាហ៍​ក្រោយពី​បុរស​រូប​នេះត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ ហើយ​មនុស្ស៤៧នាក់ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដាច់ដោយឡែក​ក្រោយ​ប៉ះពាល់​នឹង​បុរស​ម្នាក់​នេះ។

ប្រធានមន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ លោក​វេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា បុរស​ជនជាតិ​ខ្មែរ​ម្នាក់​អាយុ២៩ឆ្នាំ ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​ពញាក្រែក ក្រោយពី​ត្រូវ​បាន​ធ្វើតេស្តនិង​រក​ឃើញ​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ជាថ្មី​នៅ​ថ្ងៃទី៩ ខែសីហា។

មន្ត្រី​សុខាភិបាល​រូប​នេះបានឱ្យ​ដឹង​ទៀត​ថា ពលរដ្ឋខ្មែរ​រូប​នេះត្រូវ​បាន​ព្យាបាល​ជាសះស្បើយនិង​អនុញ្ញាត​ឱ្យ​ចាកចេញ​ពី​មណ្ឌលសុខភាព​ចាក់​អង្រែ​កាលពី​ថ្ងៃទី២៦ ខែកក្កដា​កន្លងមក​នេះ ក្រោយពី​ត្រូវ​បាន​រក​ឃើញ​ឆ្លង​វីរុស​កូ​រ៉ូ​ណាបន្ទាប់ពី​ធ្វើដំណើរ​វិលត្រឡប់​ពី​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។

លោក កែវ វណ្ណៈ មានប្រសាសន៍​ថា៖ «គាត់​ចេញ​មន្ទីរពេទ្យ​ចាក់​អង្រែ​កាលពី​ថ្ងៃទី២៦ ខែកក្កដា។ គាត់​អាយុ២៩ឆ្នាំ គាត់​មក​ពី​ប្រទេស​អារ៉ាប់​ប៊ី​សា​អ៊ូឌីត។ ដោយសារ​ការ​តាមដាន​របស់​ក្រុម​គ្រូពេទ្យ គេ​ទុក​ឱ្យ​នៅ​រយៈពេល១៣ថ្ងៃ ត្រូវ​ពិនិត្យមើល​ឡើងវិញ​រាល់​អ្នកជំងឺ​វិជ្ជមាន​ដែល​បាន​ព្យាបាល គឺ​ត្រូវតែ​តាមដាននិង​ស្នាក់នៅ​ផ្ទះ១៣ថ្ងៃ​ទៀត។ ក្រុម​គ្រូពេទ្យ​នឹង​ខល​ទៅមក​ជួប ដើម្បី​ពិនិត្យ​សំណាក​ឡើងវិញ យើង​ពិនិត្យ​សំណាក​ឡើងវិញ​នៅ​ថ្ងៃទី៨»។

លោក​វេជ្ជបណ្ឌិត កែវ វណ្ណៈ បន្ត​ថា មនុស្ស៩នាក់​ដែល​ប៉ះពាល់​នឹង​បុរស​ខ្មែរ​រូប​នេះ​ដោយ​ផ្ទាល់ ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដាច់ដោយឡែក​នៅ​វិទ្យាល័យ​សម្ដេច​តេជោ ហ៊ុន សែន នៅ​ក្រុង​សួង ហើយ​មនុស្ស៣៨នាក់​ទៀតដែល​ប៉ះពាល់​ប្រយោល ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដាច់ដោយឡែក​ក្នុង​សាលារៀន​មួយ​ស្ថិតនៅ​ភូមិ​ទួល​ថ្មី ឃុំ​គរ ស្រុក​ត្បូងឃ្មុំ។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ អ្នកស្រី ឱ វណ្ណ​ឌីន អះអាង​ថា បើ​តាម​ការសិក្សា​របស់​អ្នក​វិទ្យាសាស្រ្តនិង​អង្គការសុខភាព​ពិភពលោក អ្នកជំងឺ​កូ​វីដ១៩ដែល​ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​ហើយ អាច​លាប់​ជំងឺ​នេះ​ឡើងវិញ ដោយសារ​ការ​នៅ​សេសសល់​នៃសំណល់នៃ​វីរុស​កូ​រ៉ូ​ណា។

អ្នកស្រី ឱ វណ្ណ​ឌីន ប្រាប់​ថា៖ «ការ​នៅ​សេសសល់​នៃ​សំណល់​នៃ​វីរុស​កូ​វីដ១៩ បាន​ថមថយ ការ​តតាំង​នៃ​សរីរាង្គ​របស់​បុគ្គល​នោះ មានន័យថា ភាពផ្ស៊ាំ​នៃ​បុគ្គល​នោះ​បាន​វាយតប​ជាមួយ​វីរុស​នោះ មាន​កម្លាំង​ខ្លាំង​ជាង ក៏ប៉ុន្តែវីរុស​នោះ​វា​ថយ​ទៅ​ហើយ ចាញ់​ទៅ ក៏ប៉ុន្តែ​នៅ​សល់​សំណល់​វីរុស​កូ​វីដ១៩ហ្នឹង​[ទើប​កើតឡើង​]»។

នេះ​គឺជា​ករណី​លាប់​ទីពីរ​ហើយ បន្ទាប់ពី​បុរស​ខ្មែរ​ម្នាក់​នៅ​រាជធានី​ភ្នំពេញ បាន​លាប់​ជំងឺ​កូ​វីដ១៩ឡើងវិញ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​សារជាថ្មីកា​លពី​ខែមេសា​កន្លងមក ១៥ថ្ងៃក្រោយ​ពី​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ។

គិត​ត្រឹម​ព្រឹក​ថ្ងៃអង្គារ​នេះ មនុស្ស​ចំនួន២៦៦នាក់​ហើយត្រូវ​បាន​រក​ឃើញ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ​អ្នកជំងឺ២២០នាក់ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ ហើយ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ ខណៈ​មនុស្ស៤៦នាក់​ទៀតកំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ