ប្រជាពលរដ្ឋប្រមាណ៣០នាក់មកពីខេត្តត្បូងឃ្មុំ បាននាំគ្នាប្រមូលផ្តុំនៅមុខក្រសួងយុត្តិធម៌នៅថ្ងៃនេះ ដើម្បីស្នើក្រសួងជួយអន្តរាគមន៍ឱ្យមានការដោះលែងតំណាងពួកគាត់ ដែលត្រូវបានតុលាការខេត្តចោទប្រកាន់ពាក់ព័ន្ធនឹងជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន។
លោក ថា លីដា ដែលអះអាងជាតំណាងពលរដ្ឋ៩៨គ្រួសារនៅសហគមន៍ស្រែប្រាំង ស្ថិតក្នុងស្រុកតំបែរ បានប្រាប់វីអូឌីថា តំណាងអ្នកភូមិ៣នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់ទៅតាមបណ្ដឹងរបស់ក្រុមហ៊ុនមួយនេះពាក់ព័ន្ធនឹងជម្លោះដីធ្លីរ៉ាំរ៉ៃជាមួយក្រុមហ៊ុនចិន ហាម៉ឹនី វីន អ៊ិនវេសមេន (Harmony Win Investment) ជិត១០ឆ្នាំមកហើយនោះ។
ពលរដ្ឋរូបនេះប្រាប់ថា ក្រុមអ្នកភូមិបានសម្រេចស្វែងរកអន្តរាគមន៍ពីក្រសួងយុត្តិធម៌នៅព្រឹកនេះ ដើម្បីទាមទារឱ្យដោះលែងនិងទម្លាក់ការចោទប្រកាន់តំណាងរបស់ពួកគេ ក្រោយសំណើទៅក្រសួងនិងស្ថាប័នពាក់ព័ន្ធដទៃទៀតរួចមកហើយនោះមិនឈានដល់ដំណោះស្រាយណាមួយនោះ។

លោក ថា លីដា ប្រាប់ថា៖ «វាអយុត្តិធម៌ គេយកដីយើងហើយ គេចាប់តំណាងយើងដាក់គុកទៀត។ លោក សែម សាង មិនមានកំហុសដូចការចោទប្រកាន់នោះទេ»។
តំណាងអ្នកភូមិ លោក សែម សាង និងលោក ផុន ឈឿន ត្រូវសាលាដំបូងខេត្តត្បូងឃ្មុំសម្រេចផ្តន្ទាទោសឱ្យជាប់ពន្ធនាគារម្នាក់៧ឆ្នាំកាលពីដើមខែមិថុនា ក្រោមបទចោទថា«បានកំហែងយកដោយមានអាវុធ»ទៅតាមបណ្តឹងក្រុមហ៊ុន។ ចំណែកលោក ហឿន ស៊ីនាថ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៤ ខែសីហានេះ ទៅតាមដីកាតុលាការពាក់ព័ន្ធនឹងការចោទថា បានដឹកនាំពលរដ្ឋតវ៉ានិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្រុមហ៊ុន។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានប្រាប់ថា ក្រសួងនឹងពិនិត្យមើលពាក្យបណ្ដឹងទៅតាមនីតិវិធីច្បាប់ នៅពេលណាទទួលពាក្យបណ្ដឹង ហើយការឆ្លើយតបនឹងត្រូវធ្វើឡើងនាពេលក្រោយ។
លោក ជិន ម៉ាលីន ប្រាប់តាមតេឡេក្រាមថា៖ «ក្រសួងយុត្តិធម៌ បើកាលណាទទួលពាក្យបណ្ដឹង គេនឹងធ្វើការពិនិត្យមើលទៅតាមនីតិវិធីច្បាប់ ហើយលទ្ធផលយ៉ាងម៉េច គេនឹងឆ្លើយតបទៅវិញ»។
ក្រុមពលរដ្ឋដែលឡើងមកតវ៉ានៅថ្ងៃនេះ ស្ថិតក្នុងចំណោមអ្នកភូមិប្រមាណ២០០គ្រួសារ នៅភូមិស្រែប្រាំងនិងភូមិបុស្សស្នោ ក្នុងឃុំត្រពាំងព្រីង មានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន ហាម៉ឹនី វីន អ៊ិនវេសមេន ចាប់តាំងពីឆ្នាំ២០១២មក លើទំហំដីជាង១ ២០០ហិកតា។

អ្នកស្រី យេន ណេន ពលរដ្ឋម្នាក់មកពីភូមិស្រែប្រាំង និយាយថា ពួកគាត់ជាង៣០នាក់បានរត់គេចចេញពីភូមិរយៈពេលជិត១០ថ្ងៃហើយ ក្រោយអាជ្ញាធរចាប់ខ្លួនពលរដ្ឋជាង២០នាក់កាលពីថ្ងៃទី៣ ខែសីហា និងព្រមានចាប់ខ្លួនអ្នកផ្សេងទៀត។
អ្នកភូមិរូបនេះបានអះអាងថា ក្រុមហ៊ុនបានប្រើប្រាស់កម្លាំងកងរាជអាវុធហត្ថនិងនគរបាលទៅគំរាមកំហែងលើពលរដ្ឋមិនឱ្យចូលទៅលើដីធ្លីដែលខ្លួនកំពុងអាស្រ័យផល និងប្រើប្រាស់គ្រឿងចក្រឈូសឆាយផលដំណាំជាដើម។
អ្នកស្រី យេន ណេន ប្រាប់ថា៖ «អាជ្ញាធរគំរាមកំហែងប្រជាពលរដ្ឋមិនឱ្យចូល ប៉ុន្តែគេឱ្យក្រុមហ៊ុនចូលទៅឈូសឆាយនៅលើដីហ្នឹង។ ខ្ទមចាំចម្ការនិងរបស់របរអីវ៉ាន់ផ្សេងរបស់ពួកខ្ញុំ គេបំផ្លិចបំផ្លាញអស់»។
ស្ត្រីម្នាក់បានអះអាងថាជាតំណាងក្រុមហ៊ុន ហាម៉ឹនី វីន អ៊ីនវេសមេន ដែលសុំមិនប្រាប់ឈ្មោះ មានប្រសាសន៍ថា ក្រុមហ៊ុនមកវិនិយោគនៅតំបន់នោះគឺមានការអនុញ្ញាតពីរដ្ឋាភិបាលនិងមានបណ្ណកម្មសិទ្ធិកាន់កាប់ត្រឹមត្រូវទៅតាមផ្លូវច្បាប់។
តំណាងក្រុមហ៊ុនរូបនេះចោទពលរដ្ឋថា បានចូលទៅបង្កបង្កើនផលលើដីដែលក្រុមហ៊ុនបានឈូសឆាយរួចរាល់ ហើយកន្លងមកពលរដ្ឋបានប្រើអំពើហិង្សានិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្រុមហ៊ុនថែមទៀត។
អ្នកស្រីបន្ថែមថា៖ «អាជ្ញាធរស្រុកក៏គេបានជូនដំណឹង ខេត្តក៏គេបានជូនដំណឹង ថាកុំឱ្យពលរដ្ឋទាំងនោះចូលទៅទន្ទ្រាននៅលើដីក្រុមហ៊ុនបន្តទៀត ពីព្រោះក្រុមហ៊ុនគេមានឯកសារស្របច្បាប់ ប៉ុន្តែពួកគាត់នៅតែចូលទៅទៀត អីចឹងខាងរដ្ឋអំណាចគេចាត់វិធានការតាមផ្លូវច្បាប់ហើយ»។
នាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំ លោក ម៉ៅ ឌុង មានប្រសាសន៍ថា ដីដែលពលរដ្ឋកំពុងចូលកាន់កាប់និងអាស្រ័យផលនោះ ជាដីស្របច្បាប់របស់ក្រុមហ៊ុនមួយនេះ។ លោកថា ពលរដ្ឋដែលកំពុងតវ៉ានោះ គឺមានអ្នកញុះញង់នៅពីក្រោយ។
លោក ម៉ៅ ឌុង ប្រាប់ថា៖ «ដីហ្នឹងជាដីស្របច្បាប់របស់ក្រុមហ៊ុន។ កិច្ចការហ្នឹងវាបានកើតឡើងយូរហើយ។ យើងបានដោះស្រាយ យើងបានពន្យល់ពួកគាត់កុំឱ្យទៅយកដីកម្មសិទ្ធិរបស់គេ ប៉ុន្តែគាត់នៅតែចូលទៅ គាត់ធ្វើរោង ហើយកន្លងមកទៅបំផ្លាញសម្ភាររបស់គេទៀត»។
កាលពីខែកក្កដា ឆ្នាំ២០១៩ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបដិសេធមិនដោះស្រាយជម្លោះដីធ្លីនេះឡើយ ដោយថា ពលរដ្ឋបានលក់ដីរបស់ពួកគេទៅឱ្យក្រុមហ៊ុនចិនមួយនេះតាំងពីឆ្នាំ២០១១មកម៉្លេះ ហើយក្រសួងបានចុះបញ្ជីជូនក្រុមហ៊ុនរួចរាល់ហើយដែរ។
មន្ត្រីអង្កេតនៃសមាគមការពារសិទ្ធិមនុស្សប្រចាំខេត្តត្បូងឃ្មុំ លោក ឡេង សេងហាន ប្រាប់ថា ជម្លោះដីធ្លីនេះនឹងមិនអាចឈានដល់ដំណោះស្រាយនោះទេ ខណៈពលរដ្ឋរងការគំរាមកំហែង ចោទប្រកាន់ និងចាប់ខ្លួនដាក់ពន្ធនាគារនោះ។
មន្ត្រីសិទ្ធិមនុស្សរូបនេះ ស្នើឱ្យមានការស្រាវជ្រាវពីស្ថាប័នថ្នាក់ជាតិឱ្យបានច្បាស់លាស់ ដើម្បីដោះស្រាយជូនពលរដ្ឋឱ្យបានត្រឹមត្រូវ ដោយសារតែការកាន់កាប់កម្មសិទ្ធិដីធ្លីពីសំណាក់ក្រុមហ៊ុនកំពុងមានជម្លោះជាមួយពលរដ្ឋ។
លោក ឡេង សេងហាន ប្រាប់ថា៖ «ប្រសិនបើរឿងហ្នឹងនៅតែបន្តអូសបន្លាយបែបហ្នឹង យើងគិតថា មិនមែនជាមធ្យោបាយល្អទេសម្រាប់ភាគីទាំងអស់គ្នា។ អីចឹងគ្រាន់ជាតែការស្នើសុំទេ ឱ្យអាជ្ញាធរថ្នាក់ជាតិលោកត្រូវតែស្រាវជ្រាវឬក៏ចុះដោះស្រាយជូនពលរដ្ឋទៅ ពីព្រោះសុទ្ធតែពលរដ្ឋខ្លួនឯងទេ មិនមែនពលរដ្ឋដទៃទេ»៕