ក្រសួងសុខាភិបាលបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកជាបណ្តោះអាសន្ននូវជើងហោះហើរពីប្រទេសហ្វីលីពីនមួយរយៈ ចាប់ពីថ្ងៃទី១៣ ខែសីហានេះតទៅ ដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ១៩។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃនេះថា ការផ្អាកជើងហោះហើរពីប្រទេសហ្វីលីពីននេះ បានធ្វើឡើងបន្ទាប់ពីមានចំណារយល់ព្រមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
សេចក្តីប្រកាសព័ត៌មានបានលើកហេតុផលថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងកត់សម្គាល់ឃើញថា អត្រាអ្នកឆ្លងជំងឺកូវីដ១៩បានហក់ឡើងយ៉ាងគំហុកនៅប្រទេសហ្វីលីពីន ដែលធ្វើឱ្យប្រទេសមួយនេះមានអត្រាអ្នកឆ្លងខ្ពស់ជាងគេបំផុតក្នុងបណ្តាប្រទេសសមាជិកអាស៊ាន។
សេចក្តីប្រកាសព័ត៌មានបន្តថា កាលពីថ្ងៃទី០៨ ខែសីហា ជើងហោះហើរពីប្រទេសហ្វីលីពីនមួយ ដែលមានអ្នកដំណើរសរុបចំនួន១១៩នាក់ ត្រូវបានធ្វើតេស្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩រហូតដល់១៣នាក់ ដែលកត្តាទាំងនេះជាក្តីបារម្ភមួយរបស់កម្ពុជាដែលឈានដល់ការផ្អាកជើងហោះហើរជាបណ្តោះអាសន្នពីប្រទេសហ្វីលីពីន។
ក្រសួងបានបញ្ជាក់ថា៖ «ដើម្បីសុវត្ថិភាពនិងសុខុមាលភាពបងប្អូនប្រជាជនកម្ពុជា ក៏ដូចជាប្រទេសកម្ពុជាទាំងមូល គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តអនុវត្តវិធានការការពារខ្លួនជាចាំបាច់ ដើម្បីការពារការចម្លងវីរុសកូវីដ១៩ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ និងកុំឱ្យមានរលកទី២នៃការចម្លងវីរុសកូវីដ១៩»។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗនេះក៏បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវជើងហោះហើរពីប្រទេសម៉ាឡេស៊ីនិងឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០តទៅផងដែរ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ មានមនុស្សចំនួន២៦៦នាក់ហើយ ត្រូវបានរកឃើញឆ្លងវីរុសកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា ក្នុងនោះអ្នកជំងឺ២២០នាក់បានព្យាបាលជាសះស្បើយ និងអ្នកកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យរដ្ឋនិងឯកជនចំនួន៤៦នាក់៕