ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ឥទ្ធិពលព្យុះចំនួន២អាចនឹងធ្វើឱ្យមានភ្លៀងធ្លាក់ច្រើននៅតាមបណ្តាខេត្តមួយចំនួន ក្នុងនោះមានខេត្តជាប់ព្រំប្រទល់ជាមួយវៀតណាម ខណៈបណ្តាខេត្តផ្សេងទៀត នឹងមានភ្លៀងធ្លាក់រាយប៉ាយពីខ្សោយទៅបង្គួរ។
សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែសីហា របស់ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា កម្ពុជាបាននិងកំពុងទទួលរងនូវឥទ្ធិពលពីជ្រលងសម្ពាធទាប រួមជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ ខណៈព្យុះចំនួន២បាននិងកំពុងកើតមាន ក្នុងនោះព្យុះឈ្មោះ យ៉ាងមី (JANGMI) ស្ថិតនៅក្បែរឧបទ្វីបកូរ៉េ នឹងបន្តដំណើរទៅភាគខាងជើង និងព្យុះឈ្មោះ មេខាឡា (MEKKHALA) បាននឹងកំពុងធ្វើដំណើរទៅកាន់ខេត្តណាន់ជីន ប្រទេសចិន។
ក្រសួងបន្តថា ស្ថានភាពនេះនឹងបណ្តាលឱ្យមានភ្លៀងធ្លាក់ពីខ្សោយទៅច្រើននៅតាមបណ្តាខេត្តក្នុងតំបន់វាលទំនាបកណ្តាល ជាពិសេសបណ្តាខេត្តនៅវាលទំនាបកណ្តាលភាគពាយ័ព្យនិងខេត្តជាប់ព្រំប្រទល់វៀតណាមអាចនឹងមានភ្លៀងធ្លាក់ច្រើន។
ដោយឡែក បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែកនិងខ្ពស់រាបឦសាន ក្រសួងថា អាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើននិងខេត្តនៅតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរ។
ជាមួយគ្នានេះដែរ ក្រសួងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនៅបន្តកើតមាន ជាពិសេសនៅតំបន់វាលទំនាបកណ្តាល៕









