ក្រសួងការបរទេសកម្ពុជាប្រកាសនៅថ្ងៃនេះថា ប្រមុខការទូតជប៉ុនគ្រោងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានៅចុងសប្ដាហ៍ក្រោយនេះ ដើម្បីជជែកអំពីទំនាក់ទំនងទ្វេភាគីនិងក្ដីកង្វល់រួមនានា។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសជប៉ុន លោក ម៉ូតេហ្គី តូស៊ីមីតសឺ នឹងមកបំពេញទស្សនកិច្ចផ្លូវការចន្លោះពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហានេះ ដោយគ្រោងជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងពិភាក្សាទ្វេភាគីជាមួយសមភាគីកម្ពុជា រដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន។
បើតាមសេចក្ដីប្រកាសព័ត៌មាន ប្រមុខការទូតកម្ពុជានិងជប៉ុន គ្រោងជជែកពីបញ្ហាទំនាក់ទំនងទ្វេភាគីនិងពហុភាគីដែលជាផលប្រយោជន៍រួម។
នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកមកកាន់ប្រទេសកម្ពុជាចាប់តាំងពីលោកត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសជប៉ុនកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩មក។
លោក ម៉ូតេហ្គី តូស៊ីមីតសឺ ធ្លាប់មកទស្សនកិច្ចផ្លូវការម្ដងរួចមកហើយកាលពីខែមេសា ឆ្នាំ២០១៤ នៅពេលលោកកាន់តំណែងជារដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសជប៉ុន។
បើតាមសារព័ត៌មានជប៉ុន Japan Times ដំណើរទស្សនកិច្ចរបស់ប្រមុខការទូតជប៉ុនរូបនេះនៅកម្ពុជា គឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃរបស់លោកទៅកាន់ប្រទេសប៉ាពួញូហ្គីណេ ដែលស្ថិតនៅមហាសមុទ្រប៉ាស៊ីហ្វិក និងប្រទេសចំនួន៣នៅតំបន់អាស៊ីអាគ្នេយ៍ រួមមានកម្ពុជា ឡាវ និងភូមា៕