ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកជំងឺកូវីដ១៩ចំនួន២នាក់បន្ថែមទៀតជាជនជាតិចិននិងអាមេរិកាំង ដែលនាំឱ្យអ្នកជំងឺកូវីដ១៩នៅកម្ពុជាកើនដល់២៦៨នាក់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១២ ខែសីហានេះ បានលើកឡើងថា អ្នកជំងឺកូវីដ១៩ថ្មីទាំងពីរនាក់នោះ មួយជាបុរសជនជាតិចិនអាយុ២២ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ដែលជាអ្នកដំណើរមកពីប្រទេសហ្វីលីពីនតាមជើងហោះហើរមកកម្ពុជាកាលពីថ្ងៃទី៩ ខែសីហា និងម្នាក់ទៀតជាស្ត្រីជនជាតិអាមេរិកាំង អាយុ២៥ឆ្នាំ ស្នាក់នៅភ្នំពេញ ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូងមកដល់កម្ពុជាកាលពីថ្ងៃ១០ ខែសីហានេះ។
ក្រសួងក៏បានបញ្ជាក់ដែរថា នៅថ្ងៃម្សិលមិញ មិនមានករណីជាសះស្បើយនោះទេ។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃ១២ ខែសីហា ឆ្នាំ២០២០នេះ មានមនុស្សចំនួន២៦៨នាក់ហើយដែលត្រូវបានរកឃើញឆ្លងវីរុសកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា ក្នុងនោះអ្នកជំងឺ២២០នាក់ត្រូវបានព្យាបាលជាសះស្បើយ និងអ្នកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋនិងឯកជនចំនួន៤៨នាក់៕