អាល្លឺម៉ង់​​ប្រាប់​​ឱ្យ​​លីបង់​​ត្រូវ​​កម្ចាត់​​អំពើ​ពុក​រលួយ​​ក្រោយ​​ផ្ទុះ​​នៅ​​បេ​រូត​​

ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ រដ្ឋមន្រ្តីក្រសួងការបរទេសអាល្លឺម៉ង់ Heiko Maas ចុះពិនិត្យការខូចខាតក្រោយពីការមានហេតុការណ៍ផ្ទុះឃ្លាំងស្ដុកសារធាតុគីមីនៅកំពង់ផែកក្រុងបេរូត (Beirut) ប្រទេសលីបង់។ (REUTERS/Andreas Rinke)

អាល្លឺម៉ង់​ប្រាប់​ឱ្យ​រដ្ឋាភិបាល​លីបង់​ថ្មី​ត្រូវ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយនិង​ដាក់ចេញ​ផែនការ​កំណែទម្រង់​ជាក់លាក់ ក្រោយ​ផ្ទុះ​នៅ​រដ្ឋធានី​បេ​រូត ដែល​បាន​បញ្ឆេះ​កំហឹង​ពលរដ្ឋ​ធ្វើបាតុកម្ម​ទាមទារ​ឱ្យ​នាយក​រដ្ឋមន្រ្តីនិង​រដ្ឋមន្រ្តី​ទាំងអស់​ចុះពី​តំណែង។ 

កាលពី​ថ្ងៃទី៤ ខែសីហា ឃ្លាំង​ស្តុក​ម្សៅ​រំសេវ​ជាង២ពាន់​តោន​មួយ​កន្លែងនៅ​កំពង់ផែ​ក្រុង​បេ​រូត បាន​ផ្ទុះឡើង​សម្លាប់​មនុស្ស​យ៉ាង​ហោច១៧២នាក់ ហើយ​បង្ក​របួស​មនុស្ស​ប្រមាណ៦ពាន់​នាក់ បំផ្លាញ​លំនៅ​ដ្ឋាន​ជាង៣សែន​ខ្នង និង​ទីក្រុង​មួយ​ភាគ។

វិនាសកម្ម​នេះ បាន​បង្ក​ការ​បង់ខាត​ទ្រព្យសម្បត្តិ​ឯកជន​និង​រដ្ឋ​ប្រមាណ១៥ពាន់​លាន​ដុល្លារ និង​រុញ​លីបង់​ផុង​កាន់តែ​ជ្រៅ​ក្នុង​វិបត្តិសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ស្រប​ពេល​បំណុល​សាធារណៈ​របស់​រដ្ឋ​កើន​ដល់១៥០ភាគរយ​ធៀប​នឹង​ផលិតផល​ក្នុង​ស្រុក​សរុប។ 

តាម​ប្រភព​ពី​សារព័ត៌​មា​នរ៉យទ័រ​ចុះផ្សាយ​នៅ​ថ្ងៃម្សិលមិញ ប្រមុខ​ការទូត​អាល្លឺម៉ង់ លោក ហ៊ី​កូ ម៉ា​អាស់ (Heiko Maas​) លើកឡើង​ថា លីបង់​មិន​អាច​នៅ​ដូចមុន​បានទេ គឺ​ត្រូវតែ​មានការ​ផ្លាស់​ប្តូរ ហើយ​សហគមន៍​អន្តរជាតិ​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ជួយ​លីបង់ ប៉ុន្តែ​រដ្ឋាភិបាល​ខ្លួនឯង​ត្រូវ​ធានា​សន្តិសុខ​ដល់​ក្រុម​អ្នក​វិនិយោគ។

លោក ហ៊ី​កូ បន្ថែម​ថា មាន​ក្រុម​អ្នកជំនួញ​ជាច្រើន​នៅ​អឺរ៉ុប​ចាប់អារម្មណ៍​ចង់​បណ្តាក់​ទុន​នៅ​លីបង់ ប៉ុន្តែ​ពួក​គេ​ចង់​ដឹង​ថា តើ​ប្រទេស​នេះ​មាន​វិធានការ​ប្រឆាំង​អំពើពុករលួយ ការកែទម្រង់​សេដ្ឋកិច្ច និង​មាន​អភិបាលកិច្ច​ល្អ​ដែរ​ឬទេ។

កាលពី​ថ្ងៃចន្ទ នាយក​រដ្ឋមន្រ្តី​លីបង់ លោក ហា​សាន់ ដាយ​អាប់ (Hassan Diab​) និង​រដ្ឋមន្រ្តី​មួយចំនួន​បានសម្រេច​ចុះចេញពី​តំណែង​តាម​ការ​ទាមទារ​របស់​ក្រុម​បាតុករ​ប្រមាណ១ម៉ឺន​នាក់។ ការ​លាឈប់​នេះ តម្រូវ​ឱ្យ​លីបង់​ត្រូវ​រៀបចំ​បង្កើត​រដ្ឋាភិបាល​ថ្មី​មក​ជំនួស។

តាម​ប្រភព​ពី​សារព័ត៌មាន​អង់គ្លេស​ដដែល ដំណើរការ​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​ប្រទេស​អាស៊ី​កណ្តាល​មួយ​នេះ កំពុង​ឋិត​ក្នុង​ភាព​មិន​ច្បាស់លាស់ ខណៈ​លីបង់​កំពុង​ធ្លាក់ចុះ​ដុនដាប​ក្នុង​វិបត្តិ​នយោបាយ​និង​សេដ្ឋកិច្ច ហើយ​ប្រជាពលរដ្ឋ​កាន់តែ​ច្រើន​បាត់បង់​ទំនុកចិត្ត​ចំពោះ​ក្រុម​អ្នកកាន់អំណាច។

ក្នុង​ពេល​ប្រកាស​លាលែង​ពីមុខ​តំណែង លោក ហា​សាន់ ថ្លែង​សារភាព​ថា អំពើពុករលួយ​គឺជា​ដើមចម​នាំ​ឱ្យ​កើតមាន​មហន្តរាយ​ផ្ទុះ​នៅ​កំពង់ផែ ហើយ​លោក​បន្ថែ​មថា មេរោគ​អំពើពុករលួយ​កំពុង​ឆ្លង​រាលដាល​បង្ក​វិនាសកម្ម​ធ្ងន់ធ្ងរ​ជាង​ការ​គិត​របស់​លោក។

ក្នុង​សម្រង់​សម្តី​ពី​សារព័ត៌​មា​នរ៉យទ័​រនៅ​ថ្ងៃ​ចន្ទ លោក​មានប្រសាសន៍​ថា៖ «ខ្ញុំ​ធ្លាប់​និយាយ​ពីមុន​មក​ថា អំពើពុករលួយ​បាន​ចាក់ឫស​គល់​យ៉ាង​ជ្រៅ​ក្នុង​ស្ថាប័នរដ្ឋ​គ្រប់​ជាន់ថ្នាក់ ប៉ុន្តែ​ពេលនេះ ខ្ញុំ​បាន​រក​ឃើញថា អំពើពុករលួយ​ទាំងនោះ គឺ​មាន​ទំហំ​ធំធេង​ជាង​រដ្ឋ​[លីបង់​]ទៅទៀត»។ 

មក​ទល់​ពេលនេះ គ្មាន​ប្រទេស​ណាមួយ​ប្រកាស​ជួយ​ផ្តល់​មូលនិធិ​ស្តារ​សេដ្ឋកិច្ច​របស់​លីបង់​នៅឡើយ​ទេ គឺ​មានតែ​សំ​ណើ​កៀរគរថវិកា​ជំនួញ​មនុស្សធម៌​សង្គ្រោះ​បន្ទាន់​ចំនួន​ជិត៣រយ​លានដុល្លារ សម្រាប់​ជួយ​ដោះស្រាយ​ទុក្ខ​លំបាក​ពលរដ្ឋ​រងគ្រោះ​ក្នុង​ហេតុ​ការណ៍​ផ្ទុះ។

បរទេស​នានា រួម​ទាំង​ស្ថាប័ន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF ក៏បាន​ប្រកាស​ថា ពួក​គេ​នឹង​មិន​ផ្តល់​កម្ចី​សង្គ្រោះ​សេដ្ឋកិច្ច​លីបង់​នោះ​ទេ បើ​គ្មាន​សកម្មភាព​កែទម្រង់​ដើម្បី​ដោះស្រាយ​បញ្ហា​ពុករលួយ​ជា​ប្រព័ន្ធ ការគ្រប់គ្រង​មិន​ត្រឹមត្រូវ និង​របៀប​ដឹកនាំ​ដែលគ្មាន​ទំនួល​ខុសត្រូវ។

តាម​ការ​ប៉ាន់ប្រមាណ​ពី​វិទ្យាស្ថាន​ហិរញ្ញវត្ថុ​អន្តរជាតិ IIF រដ្ឋាភិបាល​ថ្មី​របស់​លីបង់​ត្រូវការ​ជំនួយ​ពីក្រៅ​ប្រទេស​ចំនួន​ជាង៣០ពាន់​លាន​ដុល្លារ ដោយ​បង្កើន​ពី២៤ពាន់​លាន​ដុល្លារ ដើម្បី​កសាង​សេដ្ឋកិច្ច​ដែល​បាន​ដួល​រលំ​ឡើងវិញ​សម្រាប់​រយៈពេល៤ឆ្នាំ។ 

ទីប្រឹក្សា​សមាគមធនាគារ​លីបង់ លោក ខា​ឡូស អា​បា​ឌី (Carlos Abadi​) ថ្លែង​ថា មេដឹកនាំ​លីបង់​ថ្មី​ត្រូវ​បង្ហាញ​អន្តរជាតិ ពិសេស​អាមេរិក ពី​ផែនការ​ជាក់លាក់​មួយ​ដែល​មាន​សក្តា​នុ​ពល​ជំរុញ​កំណើន​សេដ្ឋកិច្ច​ទៅ​ថ្ងៃ​អនាគត ធានា​គ្មាន​អំពើ​ពុក​លួ​យ និងការប្រើប្រាស់​កញ្ចប់​ថវិកា​មូលនិធិ​រាប់ពាន់​លាន​ដុល្លារ​ខុស​គោលដៅ។

រដ្ឋាភិបាល​លីបង់​បច្ចុប្បន្ន ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ពី​ក្រុម​អង្គការ​នយោបាយ​ដ៏​មាន​ឥទ្ធិពល​ ហេ​សបូ​ឡា (Hezbollah​) នៅ​អ៊ី​រ៉ង់។ ក្រុម​នេះត្រូវ​បាន​សហរដ្ឋអាមេរិក​ចាត់ទុកជា​អង្គការ​ភេវរ​និយម​ ដែល​បង្ក​ការគំរាមកំហែង​ដល់​សន្តិសុខ​ពិភពលោក។

ប្រធានាធិបតី​អាមេរិក លោក ដូ​ណាល់ ត្រាំ បាន​ចាត់ទុក​ការ​ផ្ទុះ​នៅ​រដ្ឋធានី​របស់​លីបង់ គឺជា​បដិវត្ត​ន៍មួយ​ដែល​នឹង​នាំ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ក្នុង​ប្រទេស​នេះ ហើយ​លោក​បាន​ថ្លែង​នៅ១ថ្ងៃក្រោយ​ការ​ផ្ទុះ​ថា សហរដ្ឋអាមេរិក​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​ជួយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ