កម្ពុជា​រក​ឃើញ​អ្នក​ជំងឺ​កូវីដ​១៩​ចំនួន​៤​​ករណី​​​ថ្មី​​ទៀត​និង​ជា​សះ​ស្បើយ​​៣​នាក់​

អ្នករត់ម៉ូតូឌុបម្នាក់ កំពុងចាំភ្ញៀវនៅមុខក្រសួងសុខាភិបាល​នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (រូបភាព៖ ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាល​បាន​ប្រកាស​រក​ឃើញ​អ្នកជំងឺ​កូ​វីដ១៩ ចំនួន៤នាក់​ថ្មីទៀត​និង​មាន​ករណី​ជាសះស្បើយ​ចំនួន៣នាក់ ដែល​នាំ​ឱ្យ​អ្នកជំងឺ​កូ​វីដ១៩នៅ​កម្ពុជា​កើន​ដល់២៧២នាក់។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​សុខាភិបាល នៅ​ថ្ងៃទី១៣ ខែសីហា​នេះ បាន​លើកឡើង​ថា អ្នកជំងឺ​កូ​វីដ១៩ថ្មី​ទាំង៤នាក់​នេះ រួមមាន បុរស​អាយុ២៤ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​, បុរស​អាយុ៣០ឆ្នាំ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប​, បុរស​អាយុ៣០ឆ្នាំ នៅ​ស្រុក​សំពៅលូន ខេត្តបាត់ដំបង និង​បុរស​អាយុ២៧ឆ្នាំ នៅ​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ។

ក្រសួង​បន្ត​ថា ក្នុងចំណោម​ពួក​គេ មាន៣នាក់​ជា​អ្នកដំណើរ​តាម​ជើងហោះហើរ​មក​ពី​ប្រទេស​រុស្សី ដែល​បាន​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​ម៉ាឡេស៊ី មកដល់​កម្ពុជា កាលពី​ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ និង​ម្នាក់ទៀត ជា​អ្នកដំណើរ​មក​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី តាម​ជើងហោះហើរ​មកដល់​កម្ពុជា នៅ​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។

ដោយឡែក ចំពោះ​ករណី​ជាសះស្បើយ​វិញ ក្រសួង​បាន​បញ្ជាក់​ថា ជា​បុរស​ជនជាតិ​ខ្មែរ​ចំនួន៣នាក់ ក្នុង​នោះ​មាន​ពីរ​នាក់​ដែល​ធ្វើដំណើរ​តាម​ជើងហោះហើរ​មក​ពី​ប្រទេស​រុស្សី ដែល​បាន​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ម្នាក់ទៀត ជា​ក្រុម​មួក​ខៀវ​អង្គការសហប្រជាជាតិ​របស់​កម្ពុជា ដែល​បាន​វិលត្រឡប់​មក​ពី​ប្រទេស​ម៉ាលី តាម​ជើងហោះហើរ​មកកាន់​កម្ពុជា។

បើ​តាម​ក្រសួងសុខាភិបាល គិត​ត្រឹម​ព្រឹក​ថ្ងៃ១៣ ខែសីហា ឆ្នាំ២០២០នេះ មាន​មនុស្ស​ចំនួន២៧២នាក់​ហើយដែល​ត្រូវ​បាន​រក​ឃើញ​ឆ្លង​វីរុស​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ​អ្នកជំងឺ២២៣នាក់​ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​រដ្ឋ​និង​ឯកជន​ចំនួន៤៩នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ