កម្មករ-កម្មការិនីជាង៣០០នាក់ បម្រើការងារនៅរោងចក្រ រ៉េ សាញ ខ្លូស៊ីង (RAY SHINE CLOTHING) ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ នៅថ្ងៃពុធនេះ បានបន្តតវ៉ា ក្រោយសង្ស័យថា ថៅកែរោងចក្រនេះរត់ចោលដោយមិនបានបើកប្រាក់ឈ្នួលនិងទូទាត់អត្ថប្រយោជន៍ផ្សេងៗជូនពួកគេ។
កម្មករផ្នែកអ៊ុត លោក គ្រឿន ពែក ប្រាប់វីអូឌីកន្លែងតវ៉ាថា ក្រុមកម្មករបានផ្ទុះការតវ៉ានៅមុខរោងចក្ររយៈពេល៤ថ្ងៃហើយ ក្រោយអវត្តមានថៅកែនៅក្នុងរោងចក្រនិងខកខានបើកប្រាក់ឈ្នួលជូនកម្មករតាមកាលកំណត់។
កម្មកររូបនេះឱ្យដឹងថា ថៅកែរោងចក្រ រ៉េ សាញ ខ្លូស៊ីង អនុវត្តបើកប្រាក់ឈ្នួល១ខែម្តង ដោយបើករៀងរាល់ថ្ងៃទី១០នៃខែបន្ទាប់ ប៉ុន្តែសម្រាប់ខែកក្កដា គឺថៅកែមិនទាន់បើកឱ្យនៅឡើយទេ រហូតមកដល់ថ្ងៃទី១៣ ខែសីហានេះហើយ ក៏មិនឃើញថៅកែនៅក្នុងរោងចក្រទៀតដែរ។
លោក គ្រឿន ពែក អះអាងថា ថៅកែនៅជំពាក់ប្រាក់ឈ្នួលកម្មករ១ខែពេញសម្រាប់ខែកក្កដា ប្រាក់ដំណាច់ឆ្នាំ ប្រាក់៥ភាគរយ ប្រាក់ថែមម៉ោង និងប្រាក់ថ្លៃបាយជាដើម។ លោកថា ថៅកែជំពាក់ប្រាក់ឈ្នួលកម្មករម្នាក់ចន្លោះពី៣០០ទៅ៥០០ដុល្លារ។
លោកបន្ថែមថា៖ «ថៅកែគាត់បានបង្ខំឱ្យយើងធ្វើថែមម៉ោងរហូតពីម៉ោង៤រហូតដល់ម៉ោង៨។ កម្មករទោះហត់នឿយក៏ពួកគាត់ខំធ្វើការថែមម៉ោងរហូតដើម្បីជួយគាត់ ដើម្បីឱ្យគាត់យកទំនិញហ្នឹងចេញទៅ។ ហើយទំនិញហ្នឹង គេទិញ បានលុយមក យកមកបើកឱ្យពួកខ្ញុំដែលជាកម្មករទាំងអស់គ្នាហ្នឹង បែរជាគាត់ធ្វើអីចឹង រត់ចោលពួកខ្ញុំដោយមិនផ្តល់១រៀល»។
លោក គ្រឿន ពែក លើកឡើងថា ករណីថៅកែរត់ចោលដោយមិនបានបើកប្រាក់ឈ្នួលនិងទូទាត់អត្ថប្រយោជន៍ផ្សេងៗឱ្យកម្មករនេះ បានធ្វើឱ្យពួកគាត់ប្រឈមជួបបញ្ហាច្រើន ដូចជា គ្មានលុយបង់ថ្លៃបន្ទប់ជួល ទឹកភ្លើង បង់សងធនាគារ និងចាយវាយប្រចាំថ្ងៃ ខណៈពួកគេក៏ត្រូវការលុយសម្រាប់ចាយនិងធ្វើដំណើរទៅលេងស្រុក អំឡុងពេលសម្រាកពីថ្ងៃ១៧ដល់២១ ខែសីហានេះផងដែរ។
វីអូឌីមិនអាចស្វែងរកការបញ្ជាក់ពីតំណាងរោងចក្របានទេ ប៉ុន្តែក្រុមកម្មករអះអាងថា បុគ្គលិករដ្ឋបាលរោងចក្រនេះក៏ត្រូវបានថៅកែមិនបើកប្រាក់ឈ្នួលឱ្យដែរ។
ការប្រមូលផ្តុំតវ៉ារបស់ក្រុមកម្មករនៅថ្ងៃនេះ មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរមូលដ្ឋាន ក៏មានវត្តមាននិងចុះសម្របសម្រួលដោះស្រាយដល់ក្នុងរោងចក្រផងដែរ។
អគ្គលេខាធិការរងគណៈកម្មការដោះស្រាយកូដកម្មបាតុកម្មគ្រប់មុខសញ្ញា នៃក្រសួងការងារ លោក វង្ស សុវណ្ណ ដែលចុះដោះស្រាយករណីនេះ ប្រាប់ថា លោកមិនច្បាស់ទេថា ថៅកែរត់ចោលឬយ៉ាងណានោះទេ ប៉ុន្តែនៅក្នុងរោងចក្រពិតជាអវត្តមានថៅកែមែន។
លោក វង្ស សុវណ្ណ បញ្ជាក់ថា ដំណាក់កាលដំបូងនៃការចុះដោះស្រាយនេះ គឺលោកស្រង់បញ្ជីឈ្មោះនិងតារាងប្រាក់ឈ្នួលរបស់កម្មករដែលថៅកែជំពាក់ ដើម្បីយកទៅពិភាក្សាដោះស្រាយបន្ត។
នៅពេលត្រូវបានសាកសួរថា តើនឹងមានដំណោះស្រាយបែបណាសម្រាប់កម្មករ ប្រសិនបើថៅកែរោងចក្ររត់ចោលមែននោះ លោក វង្ស សុវណ្ណ សុំមិនទាន់ឆ្លើយទេ។
លោកបន្ថែមថា៖ «អ៊ីចឹង យើងនឹងពិនិត្យទៅលើតារាងប្រាក់ឈ្នួលរបស់ពួកគាត់ ហើយយើងនឹងបន្តនីតិវិធីបន្តទៅទៀត។ ឥលូវខ្ញុំមិនទាន់ហ៊ានឆ្លើយថា ដំណោះស្រាយបានយ៉ាងម៉េចទេ»។
មន្ត្រីផ្នែកច្បាប់ និងដោះស្រាយវិវាទនៃសម័្ពន្ធសហជីពស៊ីខៅឌូ លោក ស៊ាង យ៉ូត ធ្លាប់មានប្រសាសន៍ថា តាមផ្លូវច្បាប់ នៅពេលដែលរោងចក្របិទឬបញ្ឈប់កម្មករពីការងារ គឺការដោះស្រាយសំណងជូនកម្មករត្រូវពឹងផ្អែកទៅលើកិច្ចសន្យាការងារ។
លោក ស៊ាង យ៉ូត បន្តថា ក្នុងករណីកម្មករប្រើប្រាស់កិច្ចសន្យាមិនកំណត់ ថៅកែត្រូវទូទាត់សំណងជូនកម្មករចំនួន៥ចំណុច មានប្រាក់ខែចុងក្រោយ ប្រាក់ជូនដំណឹង ប្រាក់អតីតភាពការងារ ប្រាក់ជំងឺចិត្ត និងប្រាក់ដំណាច់ឆ្នាំដែលនៅសល់។
ចំពោះកម្មករដែលប្រើប្រាស់កិច្ចសន្យាកំណត់វិញ លោកថា ថៅកែត្រូវទូទាត់សំណងជូនពួកគេចំនួន៤ចំណុច រួមមាន ប្រាក់ឈ្នួលចុងក្រោយ ប្រាក់៥ភាគរយ ប្រាក់ដំណាច់ឆ្នាំដែលនៅសល់ និងប្រាក់ជំងឺចិត្ត ក្នុងករណីកិច្ចសន្យាការងាររបស់ពួកគេនៅសល់។
បើតាមកម្មករ លោក គ្រឿន ពែក រោងចក្រ រ៉េ សាញ ខ្លូស៊ីង ជារោងចក្រផលិតសម្លៀកបំពាក់ មានកម្មករប្រមាណ៣២០នាក់និងមានថៅកែជាជនជាតិចិន៕