តុលាការសម្រេច​ឃុំខ្លួនយុវជនខ្មែរថាវរៈ ២នាក់​​ ជា​បណ្តោះអាសន្ន

កញ្ញា ឈឿន ដារ៉ាវី ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានអំឡុងពេលតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឱ្យមានការដោះលែងលោក រ៉ុង ឈុន នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

អ្នកនាំពាក្យស្នងការ​ដ្ឋាននគរបាល​រាជធានីភ្នំពេញ បាន​ឱ្យដឹង​ថា ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ បាន​សម្រេច​ឃុំ​ខ្លួន​យុវជនខ្មែរ​ថាវរៈចំនួន​២នាក់ ដាក់ពន្ធនាគារ​ជាបណ្តោះអាសន្ន ពីបទ ញុះញង់ឲ្យមាន​ភាពវីកវរ​ដល់​​សន្តិសុខ​សង្គម ខណៈយុវជន​៤នាក់​ទៀត ត្រូវបានដោះលែង​។

កាលពីរសៀលថ្ងៃទី១៣ ខែសីហា​ អាជ្ញាធររាជធានីភ្នំពេញ បាន​ចាប់ខ្លួន​មនុស្ស​ ៦នាក់ ក្នុង​​នោះមាន​​យុវជន​ខ្មែរ​ថាវរៈចំនួន​៥នាក់ ដែលជាអ្នកសកម្ម​ក្នុងការ​តវ៉ា​ទាមទារ​ឲ្យមានការ​ដោះលែង លោករ៉ុង ឈុន សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា។

អ្នកដែលត្រូវ​បាន​អាជ្ញាធរចាប់ខ្លួន​នោះ រួមមាន ឈ្មោះ ហ៊ុន វណ្ណៈ, ឈឿន ដារ៉ាវី, សំណាង, ថា ឡាវី, យ៉ង សៀងហៃ និងជា គន្ធីន។ បើតាមអាជ្ញាធរ​រាជធានីភ្នំពេញ កញ្ញា ឈឿន ដារ៉ាវី ត្រូវ​បានសមត្ថកិច្ចចាប់ខ្លួន​តាម​ដីការបស់តុលាការ និង​៥នាក់ទៀត ជា​បទល្មើសជាក់ស្តែង។

លោក សាន សុខសីហា​ អ្នកនាំពាក្យស្នងការ​ដ្ឋាននគរបាលរាជធានីភ្នំពេញ បាន​ប្រាប់​វីអូឌី​នៅម៉ោង​ជាង៧យប់​ថ្ងៃសុក្រនេះថា យុវជនពីរនាក់ រួមមាន កញ្ញា ឈឿន ដារ៉ាវី និង​លោក ហ៊ុន វណ្ណៈ ត្រូវ​​​បាន​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានីភ្នំពេញ និង​ត្រូវបាន​ចៅក្រម​ស៊ើប​សួរសម្រេច​ឃុំខ្លួនជាបណ្តោះអាសន្ន​នៅពន្ធនាគារ​ហើយ​។

លោក​បន្តថា​ ចំពោះយុវជន​ ៤នាក់​ទៀត ត្រូវ​បាន​អាជ្ញាធរ​សម្រេច​ដោះលែង​ឱ្យមានសេរីភាពវិញ ក្រោយពីបានបញ្ចប់និតិវិធីសាកសួរ និងបាន​ឲ្យ​ពួកគេ​ធ្វើកិច្ច​សន្យា​បញ្ឈប់សកម្ម​​ភាពតវ៉ា។

លោកថា៖ «៤នាក់នោះ​ សមត្ថកិច្ច​បាន​ដោះលែងហើយនៅល្ងាចនេះ ក្រោយពីពួកគេបានធ្វើកិច្ចសន្យា​បញ្ឈប់​សកម្មភាពតវ៉ា ចំណែកពីរនាក់ទៀតត្រូវបានតុលាការចេញដីកាឃុំខ្លួន​បណ្តោះអាសន្នហើយ»។

យោងតាមដីកា​ឆែកឆេរ​លំនៅដ្ឋានរបស់​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានីភ្នំពេញ លោក​ ពេជ្រ វិជ្ជាធរ បញ្ជាក់ថា កញ្ញា ឈឿន ដារ៉ា​វី ត្រូវ​បាន​ចោទពីបទ «ញុះញង់ឲ្យមាន​ភាពវីកវរ​ដល់​​សន្តិសុខ​សង្គម» ប្រព្រឹត្តនៅក្នុង​ប្រទេស​កម្ពុជា កាលពីខែសីហា ឆ្នាំ​២០២០។

វីអូឌី ពុំអាចការអត្ថាធិប្បាយ​ពីអ្នកនាំពាក្យ​សាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹម​ឡុង បាន​ទេ នៅល្ងាច​ថ្ងៃសុក្រនេះ។

នាយករងអង្គការការ​ពារសិទ្ធិមនុស្សលីកាដូ លោក​ អំ សំអាត​ យល់ថា ការ​ចាប់ខ្លួន និង​ការ​ចោទ​ប្រកាន់ទៅលើយុវជនទាំងនោះ​ជាបន្តបន្ទាប់​ ជាការ​បំបាក់ស្មារតី និងគំរាម​កំហែង​ក្រុម​​យុវ​ជនដទៃទៀត ដែលចង់ចូលរួម​តវ៉ា​ទាមទារឱ្យមាន​យុត្តិធម៌ក្នុង​សង្គម។ លោក​​បន្តថា បើសិនការ​​ចាប់ខ្លួន​យុវជន និងពលរដ្ឋ​នៅតែបន្ត​ នោះកម្ពុជានឹង​រង​ការ​រិះគន់​ពីសហគមន៍អន្តរ​ជាតិ ហើយ​អាចនឹង​មានការ​បាត់​បង់អត្ថប្រយោជន៍ផ្សេង​ៗ ​ក្រៅពីប្រព័ន្ធអនុគ្រោះពន្ធ​ EBA ២០ភាករយនោះ។

លោកថា៖ «ចង់មិនចង់​វាអាចនឹង​ជះឥទ្ធិ​ពល​ខ្លះ​សម្រាប់ស្រទាប់យុវជន ប៉ុន្តែខ្ញុំគិតថា ទោះជាយ៉ាងណា ក៏មិនអាច​ធ្វើ​ឱយុវជន​ភ័យ​ខ្លាច មិន​ចូលរួម​​ក្នុង​សង្គម ឬក៏ចូលរួម​ដើម្បី​ស្វែង​រក​យុត្តិ​ធម៌ ឬ​ចូលរួម​ ដើម្បីស្តារ ឬក៏ទាមទារ ឬការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើងដែរ។ ខ្ញុំគិតថា យុត្តិ​ធម៌​នៅ​តែ​មានការ​ចូលរួមជាបន្ត»។

ក្រោយពីលោករ៉ុង ឈុន ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានីភ្នំពេញ សម្រេច​ឃុំ​ខ្លួន​បណ្តោះអាសន្ន​​​នៅពន្ធនាគារ ពីបទ ញុះញង់​ឱ្យ​មានការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន ​ កាលពីដើម​ខែសីហារួច​មក យុវជនទាំង​៦នាក់នេះ បាននាំគ្នាធ្វើសកម្ម​ភាពតវ៉ា​មួយចំនួន ដូចជា ការ​​ប្រមូល​ផ្តុំនៅមុខសាលា​ដំបូង​រាជធានីភ្នំពេញ និង​ធ្វើ​យុទ្ធនាការ​ដើរ​តាមដង​វិថីមួយចំនួន​ក្នុង​រាជធានីភ្នំពេញ ដើម្បីទាមទារ​ឱ្យមានការ​ដោះលែង លោក រ៉ុង ឈុន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ