តុលាការកំពូល នៅថ្ងៃនេះ បានសម្រេចបដិសេធបណ្តឹងសុំនៅក្រៅឃុំរបស់អតីតសកម្មជនគណបក្សប្រឆាំងចំនួន១០នាក់ ដោយតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការ។
ការសម្រេចនេះបានធ្វើឡើងក្រោយពីតុលាការកំពូលបានបើកសវនាការសួរដេញដោលលើករណីនេះកាលពីថ្ងៃសុក្រសប្តាហ៍មុន។
សហមេធាវីការពារក្ដីឱ្យអតីតសកម្មជនគណបក្សប្រឆាំង លោក សំ សុគង់ បានឱ្យដឹងថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល លោក និល ណុល បានសម្រេចច្រានចោលបណ្តឹងសុំនៅក្រៅឃុំនេះ ដោយសម្អាងថា ការសម្រេចសេចក្ដីរបស់សាលាដំបូងរាជធានីភ្នំពេញនិងសាលាឧទ្ធរណ៍ ត្រឹមត្រូវ។ លោកបានសម្តែងការសោកស្ដាយចំពោះការសម្រេចរបស់តុលាការកំពូល។
លោកបន្តថា៖ «ក្រុមមេធាវីការពារក្ដីឱ្យកូនក្ដីទាំង១០នាក់ហ្នឹង គ្រោងទៅជួបកូនក្ដីនៅពន្ធនាគារ ដើម្បីពិគ្រោះយោបល់ទាក់ទងផ្លូវច្បាប់និងសិទ្ធិរបស់ពួកគាត់ ហើយក្រុមមេធាវីនឹងដាក់ពាក្យសុំឡើងវិញទៅសាលាដំបូងរាជធានីភ្នំពេញ ដោយសុំឱ្យសាលាដំបូងរាជធានីភ្នំពេញរៀបចំឱ្យមានសវនាការមួយឱ្យបានឆាប់រហ័ស ដោយសារពួកគាត់ [កូនក្តីរបស់លោក] ទាំងអស់ ការចាប់ខ្លួននិងការឃុំខ្លួនជិតដល់រយៈពេលកំណត់ហើយ»។
លោក សំ សុគង់ អះអាងថា គិតចាប់តាំងពីដើមឆ្នាំ២០២០មកដល់ថ្ងៃនេះ គឺមានអតីតសកម្មជនគណបក្សប្រឆាំងចំនួន២៣នាក់ កំពុងជាប់ឃុំនៅពន្ធនាគារព្រៃស។ លោកបញ្ជាក់ថា អ្នកទាំង២៣នាក់ ត្រូវបានតុលាការចោទប្រកាន់ពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ រួមគំនិតក្បត់ និងបទញុះញង់ឱ្យយោធាមិនស្ដាប់បង្គាប់៕