ក្រុម​​សហជីព​​ផ្ដើម​​យុទ្ធនា​ការ​​ទាម​ទារ​​អត្ថ​​ប្រយោជន៍​​ដែល​​ត្រូវ​​បាន​​រដ្ឋា​ភិបាល​​លុប​ចោល​និង​​លើក​ពេល​​ទូទាត់​​

ក្រុមសហជីពនិងសង្គមស៊ីវិលចូលរួមជាវាគ្មិនក្នុងសន្និសីទសារព័ត៌មានស្ដីពី”យុទ្ធនាការទាមទារឱ្យមានការទូទាត់ប្រាក់បំណាច់អតីតភាពការងារ និងលុបចោលលិខិតរបស់នាយកដ្ឋានអធិការកិច្ចការងារលេខ ២៩៥” ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

ក្រុម​សហជីព​បាន​ធ្វើ​យុទ្ធនាការ​ទាមទារ​បើកប្រាក់​អតីតភាព​ការងារនិង​ស្នើ​ទៅ​រដ្ឋាភិបាល​លុបចោល​លិខិត​មួយ​របស់ក្រ​សួង​ការងារ ដែល​ពួក​គេ​អះអាង​ថា ធ្វើឱ្យ​ប៉ះពាល់និង​បាត់បង់​អត្ថ​ប្រយោជន៍​ជាច្រើន​របស់​កម្មករ។

សហជីព​ជាង២០បាន​ធ្វើសន្និសីទ​កាសែត​រួមគ្នា​មួយ​នៅ​រាជធានី​ភ្នំពេញ​នា​ព្រឹក​នេះ ដើម្បី​ទាមទារ​ទៅ​រដ្ឋាភិបាល​ឱ្យបើកប្រាក់​អតីតភាព​ការងារ​ជូន​កម្មករនិង​លុបចោល​លិខិត​ចំ​នួន​ពីរ​ចញ​ដោយ​នាយកដ្ឋាន​អធិការកិច្ច​ការងារ។

ក្នុង​សេចក្តី​ជូនដំណឹង​កាលពី​ថ្ងៃទី២ ខែមិថុនា ក្រសួងការងារ​បាន​ប្រាប់​ទៅ​ម្ចាស់​រោងចក្រ​សហគ្រាស​នានានិង​កម្មករ​ទាំងអស់​ថា ការ​បើកប្រាក់​អតីតភាព​ការងារ​សម្រាប់​កិច្ចសន្យា​មុន​ឆ្នាំ២០១៩និង​នៅ​ឆ្នាំ២០២០នេះ ត្រូវ​បាន​លើកពេល​ទៅ​អនុវត្ត​នៅ​ឆ្នាំ២០២១វិញ។

កាលពី​ថ្ងៃទី២៩ ខែមិថុនា ប្រធាន​នាយកដ្ឋាន​អធិការកិច្ច​ការងារ លោក អ៊ុ​ក ចាន់​ធូ បាន​ចេញ​ចេញ​លិខិត​មួយ​ដោយធ្វើ​ការ​បកស្រាយ​ច្បាប់​ ពាក់ព័ន្ធ​នឹង​ការ​ទូទាត់ប្រាក់​សោហ៊ុយ​ជំងឺចិត្តនិង​ប្រាក់បំណាច់​ទូទាត់​ជួស​ការ​ជូនដំណឹង​មុន។ ដោយ​ក្នុង​លិខិត​នោះ លោក អ៊ុ​ក ចាន់​ធូ បាន​អនុញ្ញាត​ឱ្យថៅកែ​អាច​បញ្ឈប់​កម្មករ​ពី​ការ​ងារ​ភ្លាម​ៗ ដោយ​ពុំ​បាច់​ផ្តល់​ប្រាក់សំណង​ជំងឺចិត្តនិង​ប្រាក់​ជូនដំណឹង​មុន​ឡើយ។

ក្នុង​ញត្តិ​ដាក់​ទៅ​ក្រសួងការងារ ក្រុម​សហជីព​បាន​លើកឡើង​ថា ការ​បកស្រាយ​របស់​លោក អ៊ុ​ក ចាន់​ធូ នោះ បាន​រំលោភ​លើ​ដែន​សមត្ថកិច្ច​មុខងារ​របស់​ខ្លួន​យ៉ាងធ្ងន់ធ្ងរ ដោយ​ថា មន្ត្រី​រូប​នេះ​គ្មាន​សិទ្ធិ​ចេញ​លិខិតនិង​បាន​បកស្រាយ​ច្បាប់​ផ្ទុយពី​ខ្លឹមសារ​ដើម​នៃ​ច្បាប់​ថែមទៀត។

ញត្តិ​ដដែល​នេះ​បន្ថែម​ថា សេចក្ដីសម្រេច​ទាំងពីរ​នេះបាន​ធ្វើឱ្យប៉ះ​ពាល់និង​ខាត​ប្រយោជន៍​របស់​កម្មករ​យ៉ាងច្រើន ខណៈ​ក្រុម​កម្មករ​រាប់​ម៉ឺន​នាក់​កំពុង​បាត់បង់​ការងារនិង​ជួប​បញ្ហា​ក្នុង​ការ​ចំ​ណាយ​ផ្សេង​ៗ។

ក្រុម​សហជីព​បាន​ស្នើ​ទៅ​រដ្ឋាភិបាល​ឱ្យ​លុបចោល​លិខិត​ទាំងនោះនិង​បាន​ជំរុញ​ឱ្យ​បើកប្រាក់​អតីតភាព​ការងារ​ជូន​កម្មករ​ឡើងវិញ ប៉ុន្តែរហូត​ពេលនេះ​ពុំ​មានការ​ឆ្លើយតប​ឡើយ។

ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ព្រឹក​នេះ ប្រធាន​សហភាព​ចលនា​កម្មករ លោក ប៉ាវ ស៊ី​ណា ថ្លែង​ថា លិខិត​របស់​លោក អ៊ុ​ក ចាន់​ធូ បានការ​ពារ​ផលប្រយោជន៍និង​ផ្តល់​ឱកាស​ឱ្យ​និយោជក​គេចវេះ​ពី​ការ​ដោះស្រាយ​សំណង​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​ជូន​កម្មករ។

លោក ប៉ាវ ស៊ី​ណា បន្ថែម​ថា៖ «អ៊ីចឹង​ហើយ ខ្ញុំ​គ្រាន់តែ​ចង់​បង្ហាញថា ការ​ចេញប្រកាស​នេះ បាន​ធ្វើ​ឱ្យប៉ះពាល់​ទៅដល់​ផលប្រយោជន៍​បងប្អូន​កម្មករ​ច្រើន​មែនទែន ហើយ​ការ​បកស្រាយ​ច្បាប់​នេះគឺ​ផ្ទុយពី​ច្បាប់​ស្តី​ពី​ការងារ​ថ្មី»។

ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ នៃ​សណ្ឋាគារ​ណា​ហ្គាវើ​ល កញ្ញា ឈឹម ស៊ី​ថរ និយាយ​ថា ការ​បកស្រាយ​ច្បាប់​របស់​មន្ត្រី​ក្រសួងការងារ គឺជា​«ទង្វើ​អមនុស្សធម៌»។

កញ្ញា​បន្ថែម​ថា៖ «ហេតុ​អី​បាន​ជា​ខ្ញុំ​ថាជា​ទង្វើ​អមនុស្សធម៌? នៅពេល​ដែល​បងប្អូន​កម្មករ​បាត់បង់​ការងារ​ទាំងស្រុង​ដោយសារ​រោងចក្រ​បិទទ្វារ ដែល​សំណង​ត្រូវ​ទូទាត់​តាមច្បាប់ មិនមែន​ទូទាត់​ក្រៅច្បាប់​ដោយសារ​លិខិត​មួយ​ច្បាប់​នោះ​ទេ ប៉ុន្តែដោយសារ​ការ​បកស្រាយ​ច្បាប់​លើ​លិខិត​មួយ​សន្លឹក​នោះ បាន​ធ្វើ​ឱ្យបងប្អូន​រាប់​ម៉ឺន​នាក់​បាត់បង់​អត្ថ​ប្រយោជន៍ ហើយ​ត្រូវ​បាត់បង់​បន្ថែម​ទៀត​នៅពេល​ខាងមុខ»។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ប្រាប់​ថា ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩មិនមែន​ចាត់​ចូល​ជា​ប្រធាន​សក្តិ​នោះ​ទេ។ មេ​សហជីព​រូប​នេះបញ្ជាក់​ថា តាមផ្លូវ​ច្បាប់ ​ន័យ​ដែល​ចាត់​ចូល​ជា​ប្រធាន​សក្តិ គឺជា​គ្រោះមហន្តរាយ មាន​រញ្ជួយ​ដី ផ្ទុះ​ភ្នំភ្លើង ទឹក​ជំនន់ ដែល​មិន​អាច​គ្រប់គ្រងឬស្តារ​ស្ថានភាព​បាន។

លោក អាត់ ធន់ ប្រាប់​ថា៖ «បើ​តាមខ្ញុំ​ចាំ នៅពេល​ដែល​កើតជំងឺ​កូ​វីដ​ភ្លាម គឺ​អ្នកបញ្ជា​ទិញ​ជាង១០មិន​ទទួលយក​ទំនិញ​ពី​កម្ពុជា​ដោយសារតែ​នេះ​ជា​ប្រធាន​សក្តិ ប៉ុន្តែនៅពេល​ដែល​ពួក​សហជីព​ប្តឹង​ទៅ​មេធាវី​អន្តរជាតិ​បកស្រាយ គឺ​អ្នកបញ្ជា​ទិញ​ទាំងនោះ​បាន​លុបចោល​ថាមិនមែន​ជា​ប្រធាន​សក្តិ ហើយ​បាន​ចាប់ផ្តើម​កុងត្រា​យក​ទំនិញ​វិញ កុំអី​មាន​បញ្ហា​ច្រើន។ បើ​មិនមែន​ជា​ប្រធាន​ស័ក្តិ ហេតុ​អី​បាន​ជា​កម្មករ​មិន​ត្រូវ​បាន​គេ​ផ្តល់​ឱ្យនូវ​ប្រាក់​ជូនដំណឹង»។

ក្នុង​លិខិត​មួយ​នៅ​ថ្ងៃនេះ ក្រសួងការងារ​បាន​បកស្រាយ​បំភ្លឺ​ចំពោះ​ការ​ទូទាត់​ជួស​ការ​ឱ្យដំណឹង​មុននិង​សោហ៊ុយ​ជំងឺចិត្ត​នៅពេល​បញ្ចប់​កិច្ចសន្យា​ការងារ​ដែល​ប្រើប្រាស់​កិច្ចសន្យា​មិនកំណត់។

លិខិត​ដដែល​នេះបាន​លើកឡើង​ថា នៅពេល​និយោជក​បញ្ចប់​កិច្ចសន្យា​ការងារ​ដោយ​បាន​ជូនដំណឹង​មុន​ត្រឹមត្រូវ​ទៅតាម​ដំណាក់កាល​កំណត់ គឺ​និយោជក​មិន​មាន​កាតព្វកិច្ច​បង់ប្រាក់​បំណាច់​ទូទាត់​ជួស​ការ​ឱ្យដំណឹង​មុន​នោះ​ទេ ហើយ​ប្រាក់បំណាច់​ទូទាត់​ជួស​ការ​ឱ្យដំណឹង​មុន​នេះ ក៏​មិន​ត្រូវ​បាន​អនុវត្ត​ដែរ​ក្នុងករណី​រោងចក្រ​ត្រូវ​បាន​បិទ​ដោយសារ​ថៅកែ​រត់ចោល។

ក្រសួងការងារ​បញ្ជាក់​ទៀត​ថា តាម​មាត្រា៩១ថ្មី​នៃ​ច្បាប់​ស្តី​ពី​ការងារ គឺ​ក្នុងករណី​មានការ​ថយ​ចុះ​នៃ​សង្វាក់​ផលិតកម្ម​ជាស​កលឬដំណើរ​ឈាន​ទៅ​រក​ភាព​ក្ស័យធន ដែល​តម្រូវឱ្យ​រោងចក្រ​បញ្ឈប់​សង្វាក់​ផលិតកម្ម​ទាំងស្រុងឬផ្នែក​ខ្លះ​នោះ ថៅកែ​មិន​ចាំបាច់​ផ្តល់​ប្រាក់​សោហ៊ុយ​ជំងឺ​ចិត្តនោះ​ដែរ។

ក្រសួងការងារ​បាន​ចាត់ទុក​ស្ថានភាព​នៃ​ការ​រីក​រាលដាលនៃ​ជំងឺ​កូ​វីដ១៩ ដែល​បណ្តាល​ឱ្យរោងចក្រ​មួយចំនួនជួប​ការ​លំបាកដោយសារ​ការលុបចោល​ការ​បញ្ជាទិញ ការ​មិន​ទូទាត់ប្រាក់​តាម​កិច្ចសន្យា​ទិញ​លក់​ទាំងស្រុង​ដោយ​ម្ចាស់​ម៉ាក រហូត​រោងចក្រ​ក្ស័យធន និង​បិទទ្វារ​អាជីវកម្ម​នោះ គឺជា​ហេតុផល​ត្រឹមត្រូវ​មួយ​ចំពោះ​ការ​រំ​លាយកិ​ច្ច​សន្យា​ការងារនិង​រួចផុត​ពី​ការ​ទូទាត់ប្រាក់​ជួស​ការ​ឱ្យ​ដំណឹង​មុននិង​សោហ៊ុយ​ជំងឺចិត្ត​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ