ក្រសួង​​អំពាវនាវឱ្យ​ពលរដ្ឋ​នៅបណ្តាខេត្តជាប់​ប្រទេស​ថៃប្រយ័ត្ន​បញ្ហាអាកាស​ធាតុ

ស្ថានភាពមេឃរកកលចង់ភ្លៀង(រូបពីក្រសួងធនធានទឹក)

ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវ​នាវ​ដល់ប្រជាពលរដ្ឋ​នៅតាមបណ្តា​ខេត្ត​នៅភាគពាយ័ព្យ​ជាប់ប្រទេស​ថៃ និង​ខេត្ត​ជាប់ជួរ​ភ្នំដង​រែក បង្កើនការ​ប្រុងប្រយ័ត្ន​ចំពោះភ្លៀង​ធ្លាក់ច្រើន​​​ចាប់ពីចុងសប្តាហ៍នេះ ដល់ដើមសប្តាហ៍ក្រោយ ដោយសារ​កម្ពុជា​រង​សម្ភាព​ទាបដែលអូសបន្លាយពីប្រទេសថៃ។

សេចក្តីជូនដំណឹងរបស់ក្រសួង​ធនធានទឹក និងឧតុនិយម ដែលបានផ្សព្វផ្សាយនៅថ្ងៃអង្គារនេះ បានលើកឡើងថា តាមការ​ព្យាករអាកាសធាតុ កម្ពុជា ទទួលរង​ឥទ្ធិពល​ពីជ្រលង​​នៃប្រព័ន្ធសម្ពាធទាបដែលអូសបន្លាយ​ពីប្រទេស​ថៃ ដោយ​ឆ្លង​កាត់ប្រទេស​ឡាវ និងវៀតណាម ខណៈដែលវិសម្ពាធទាបមួយ​​បាន​កើតឡើង​លើ​សមុទ្រចិន​ខាង​ត្បូងដែលអាច​វិវត្តទៅជាព្យុះទី៧។

ក្រសួងបន្តថា ស្ថានភាពបែបនេះ នឹង​ធ្វើ​ឱ្យ​បណ្តាខេត្ត​នៅតំបន់​វាលទំនាបកណ្តាល អាចនឹង​មានភ្លៀង​ធ្លាក់​ពីមធ្យមទៅច្រើន និងបណ្តាខេត្តនៅតំបន់ជួរ​ភ្នំដង​រែក និងខ្ពង់រាបឦសាន អាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ខណៈបណ្តាខេត្តជាប់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម។

ក្រសួង​ក៏បានអំពាវនាវ​ដល់​ប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន​ចំពោះបាតុភូត​ ផ្គរ រន្ទះ និងខ្យល់​កន្ត្រាក់ ដែលអាច​នឹង​បន្តកើតមាន ហើយ​បណ្តាខេត្ត​នៅភាគពាយ័ព្យ​​ជាប់​ប្រទេស​ថៃ និង​ខេត្ត​ជាប់​ជួរ​​​ភ្នំដង​រែក ប្រុង​ប្រយ័ត្ន​ចំពោះភ្លៀង​ធ្លាក់ច្រើន​ជាប់​បន្ត​ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែសីហា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ