អាជ្ញាធរខេត្តសៀមរាប បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្ម និងការកម្សាន្តនៅទីតាំងផាប់ស្ទ្រីក Pub Street ក្បែរផ្សារចាស់ ក្រុងសៀមរាប ដោយបារម្ភខ្លាចមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ខណៈម្ចាស់អាជីវកម្មខ្លះមិនគោរពវិធានសុវត្ថិភាព ស្របពេលដែលមានការប្រមូលផ្តុំប្រជាពលរដ្ឋច្រើននៅទីនោះ។
ស្នងការរងនគរបាលខេត្តសៀមរាប លោក ជា គឹមសាន មានប្រសាសន៍នៅថ្ងៃអង្គារនេះថា អាជ្ញាធរខេត្ត បានសម្រេចផ្អាកការលក់ដូរ និងការកម្សាន្តនៅទីតាំង Pub Street ជាបណ្តោះអាសន្ន ចាប់តាំងពីម៉ោងជាង ១១យប់ថ្ងៃចន្ទម្សិលមិញ ដោយសារមានប្រជាពលរដ្ឋជាច្រើន បានទៅកម្សាន្តនៅទីនោះ ខណៈដែលម្ចាស់អាជីវកម្មមួយចំនួននៅទីនោះ ពុំបានរៀបចំគម្លាតសុវត្ថិភាពសម្រាប់ភ្ញៀវ។
លោកបានថ្លែងថា៖ «មានមនុស្សមកលេងច្រើននៅទីនោះ ហើយថ្នាក់ដឹកនាំខេត្ត លោកមានការព្រួយបារម្ភ[ពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩]ទើបថ្នាក់ដឹកនាំខេត្ត លោកបញ្ជាឱ្យផ្អាកជាបណ្តោះអាសន្នសិន ហើយអាជ្ញាធរខេត្តនឹងរៀបចំការប្រជុំមួយ ជាមួយក្រុមអាជីវករដែលជាម្ចាស់អាជីវកម្មនៅតំបន់ Pub Street ទាំងអស់ នៅម៉ោង២រសៀលនេះ ពាក់ព័ន្ធនឹងការរៀបចំគម្លាតសុវត្ថិភាព និងវិធានការការពារជំងឺកូវីដ១៩»។
ចំពោះការបើកដំណើរការឱ្យមានការកម្សាន្តឡើងវិញ នៅតំបន់ Pub Street ពេលណានោះ លោកស្នងការរងខេត្ត ជា គឹមសាន ពុំទាន់អាចបញ្ជាក់បាននៅឡើយ ដោយរងចាំលទ្ធផលប្រជុំជាមួយអាជីវកម្មសិន។
ក្នុងឱកាសឈប់សម្រាកសងថ្ងៃឈប់សម្រាកសម្រាប់បុណ្យចូលឆ្នាំប្រពៃណីជាតិ ពីថ្ងៃទី១៧ ដល់ ២១ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានរៀបចំកម្មវិធី «សម្រាកសៀមរាប» ដើម្បីទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលទៅកម្សាន្តនៅខេត្តសៀមរាប។
បើតាមរដ្ឋបាលខេត្តសៀមរាបដែលបានផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុក កម្មវិធីកម្សាន្តដែលរៀបចំសម្រាប់ទទួលភ្ញៀវទេសចរនោះ រួមមាន កម្មវិធីសាសនា, កម្មវិធីពិពណ៌បន្លែផ្លែឈើ កសិផល ផលិតផលក្រុង-ស្រុកទាំង១២, កម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំងឆ្ងាញ់ជាងគេនៅខេត្តសៀមរាប, ផ្សារទឹក, ផាប់ស្ទ្រីត (Pub Street), កម្មវិធីកីឡាវាយកូនហ្គោល, កម្មវិធីដើរព្រៃចង្ក្រានរយ ភ្នំគូលែន និងផ្ទាំងទស្សនីយភាពសិល្បៈ។
តែយ៉ាងណា អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន និងចូលរួមទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩,ត្រូវពាក់ម៉ាស់ ឬក្រមា, ជែលឬអាល់កុលលាងដៃ និងរក្សាគម្លាតសុវត្ថិភាពសង្គម។
របាយការណ៍របស់ក្រសួងទេសចរណ៍ដែលបានផ្សព្វផ្សាយលើហ្វេសប៊ុក នៅថ្ងៃនេះ បានឱ្យដឹងថា នៅថ្ងៃដំបូងនៃថ្ងៃសម្រាកសងបុណ្យចូលឆ្នាំខ្មែរ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋដើរកម្សាន្តនៅទូទាំងប្រទេសចំនួន ២៣៣ ៣២៩នាក់ ក្នុងនោះ នៅខេត្តសៀមរាប មានចំនួន ២៨ ១៤០នាក់។
ក្រសួងបន្តថា តាមការសង្កេតជាក់ស្តែង ប្រជាពលរដ្ឋមានការយល់ដឹងច្រើនពីការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍អំពីជំងឺកូវីដ១៩ ស្របពេលដែលមន្ត្រីពាក់ព័ន្ធក្នុងរដ្ឋបាលខេត្ត បានខិតខំណែនាំ និងជំរុញការអនុវត្តវិធានការសុវត្ថិភាពយ៉ាងសកម្ម។
ប៉ុន្តែសម្រាប់ការរក្សាគម្លាតសុវត្ថិភាពវិញ ក្រសួងថា នៅមិនទាន់អនុវត្តបានពេញលេញនៅឡើយ ជាពិសេសការអង្គុយទទួលទានអាហារជុំគ្នាច្រើន ជាក្រុមគ្រួសារ ឬក្រុមជួបជុំជាក្រុម ខណៈរមណីយដ្ឋានខ្លះមានសភាពហួសចំណុះផ្ទុកមនុស្សធម្មតា ដោយសារភ្ញៀវទេសចរទៅលេងកម្សាន្តច្រើនក្នុងពេលតែមួយ។
ក្រសួង ក៏បានណែនាំដល់អ្នកគ្រប់គ្រងគោលដៅទេសចរណ៍ និងមន្ត្រីជំនាញ បន្តខិតខំណែនាំបន្ថែម ដើម្បីបង្វែរទស្សនកិច្ចរបស់ភ្ញៀវទេសចរ និងសម្រួលកុំឲ្យមានការផ្ទុកមនុស្សលើសពី ៥០%៕