រដ្ឋបាល​ខេត្តសៀមរាប ​អនុញ្ញាតឱ្យ​បើកទី​​តាំង​ផាប់ស្ទ្រីត​វិញ តែត្រូវរក្សា​គម្លាតសុវត្ថិ​ភាព

កម្លាំងសមត្ថកិច្ច​ខេត្តសៀមរាប ដាក់កម្លាំង​ការ​ពារសន្តិសុខសុវត្ថិ​ភាព​ជូនប្រជាពលរដ្ឋ​ ​នៅ​ទីតាំង​ផាប់ស្ទ្រីក(Pub Street) ក្រុង​សៀមរាប នៅយប់​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ២០២០។ (ហ្វេស​ប៊ុក​ស្នងការដ្ឋាននគរបាលខេត្តសៀមរាប)

អាជ្ញាធរខេត្តសៀមរាប បានអនុញ្ញាតឱ្យ​មានការ​លក់ដូរ និង​ការ​កម្សាន្ត​នៅទីតាំង​ផាប់​ស្រ្ទីក(Pub Street) ក្បែរ​ផ្សារ​ចាស់ ក្រុង​សៀមរាប ឡើង​វិញ ប៉ុន្តែការ​បើកទីតាំងនោះធ្វើឡើង​ត្រឹមម៉ោង​១២​យប់ និងត្រូវអនុវត្ត​វិធានការ​សុវត្ថិភាព ដើម្បីបង្ការ​ជំងឺកូវីដ១៩។​

កាលពីម៉ោង​ជាង១១យប់ ថ្ងៃចន្ទម្សិល​មិញ អាជ្ញាធរខេត្ត​សៀមរាប បាន​សម្រេច​ផ្អាកជាបណ្តោះអាសន្ននូវអាជីវ​កម្ម​ និង​ការ​កម្សាន្ត​នៅទីតាំងផាប់ស្ទ្រីក​ ដោយ​បារម្ភខ្លាចមានការ​ឆ្លងរាល​​ដាលនៃជំងឺកូវីដ១៩ ខណៈម្ចាស់អាជីវកម្មខ្លះមិនគោរពវិធានសុខាភិបាល ជាពិសេស​ការរក្សា​​គម្លាតសុវត្ថិភាព ស្របពេលដែលមានការ​ប្រមូូល​ផ្តុំ​ប្រជាពលរដ្ឋ​ច្រើន​នៅទីនោះ។

ពាក់ព័ន្ធនឹងករណីនេះ អាជ្ញាធរខេត្ត​ក៏បានជួប​ប្រជុំជាមួយម្ចាស់អាជីវ​កម្មទាំងអស់នៅទីតាំងផាប់​ស្ទ្រីក នៅរសៀល​ថ្ងៃអង្គារនេះ ដើម្បីធ្វើការណែនាំ និងដាក់ចេញនូវវិធានការ​ការ​ពារ​មួយចំនួន។

អ្នកនាំពាក្យ​រដ្ឋបាលខេត្តសៀមរាប លោក សុខ ថុល មានប្រសាសន៍នៅរសៀលនេះថា ក្រោយ​​​​​​ពីបានជួប​ប្រជុំជាមួយ​អាជីវ​ករ​រួច អាជ្ញាធរ​ខេត្តបានសម្រេច​ឱ្យ​បើក​ឡើង​វិញនូវ​ទីតាំង​កម្សាន្ត​ផាប់ស្ទ្រីក ដើម្បីឱ្យភ្ញៀវទេស​ចរបាន​ទៅកម្សាន្ត ប៉ុន្តែភ្ជាប់នូវលក្ខខណ្ឌមួយ​ចំនួន ដើម្បីសុវត្ថិភាពពីការ​ឆ្លងជំងឺកូវីដ១៩។

តែយ៉ាងណា​ លោកថា៖ «រដ្ឋបាលខេត្តបានសម្រេច​​ឱ្យ​បើកឡើង​វិញ​ ប៉ុន្តែ​បើកត្រឹមម៉ោង​១២​​យប់ មិន​ឲ្យ​បន្តដល់​យប់ជ្រៅជាងនេះទេ ហើយ​យើងបានសុំ​ឱ្យ​អាជីវ​ករ​ទាំងអស់ ត្រូវ​អនុវត្តតាមការណែនាំរបស់​ក្រសួង​សុខាភិបាល និង​ក្រសួងទេស​ចរណ៍ ដោយរក្សា​គម្លាត​សុវត្ថិ​​ភាព ដូច្នេះ​ក្នុងករណីភោជនីយ៍ដ្ឋានណា​មួយ​មិន​អនុវត្ត​តាមការណែនាំ​នោះ កម្លាំងសមត្ថកិច្ច​នឹង​ចុះ​ផ្អាកអាជីវកម្មតែម្តង»។

ជាមួយគ្នានេះដែរ លោក សុខ ថុល បាន​បញ្ជាក់ថា អាជ្ញាធរ​ខេត្ត ក៏បានដាក់កម្លាំងនៅតាម​ច្រកចេញចូល​ចំនួន៤​ផងដែរ ដោយ​តម្រូវ​ឱ្យ​ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលចូលទៅកម្សាន្តនៅផាប់ស្ទ្រីក ត្រូវ​តែពាក់ម៉ាស់ និងមានការត្រួតពិនិត្យ​កម្តៅ និងផ្តល់អាកុលលាងដៃ។

លោកថា៖«កម្លាំងសមត្ថកិច្ច​យើង នឹងរៀបចំសម្រួល​ចរាចរណ៍ផ្លូវចេញចូល ហើយ​ប្រជាពលរដ្ឋ​ដែល​ចូលកម្សាន្តទីនោះ ដាច់ខាត​ត្រូវតែពាក់ម៉ាស់ ទើបសមត្ថកិច្ចឱ្យចូល ហើយ​យើងក៏មានដាក់ឧបរណ៍វាស់កម្តៅ និងបាញ់អាល់កុល​ផងដែរ»។

បើតាម​អ្នកនាំពាក្យ​រូបនេះ សមត្ថកិច្ចខេត្តប្រមាណជាង​ ១០០នាក់ នឹង​ត្រូវ​ដាក់ពង្រាយនៅតំបន់ផាប់ស្ទ្រីក ដើម្បីសម្រួល​ចរាចរណ៍ ណែនាំពីវិធានសុខាភិបាល និងការ​ពារ​សន្តិសុខ​​សុវត្ថិភាពជូនភ្ញៀវទេសចរ។

របាយការណ៍របស់ក្រសួងទេសចរណ៍ដែលបាន​ផ្សព្វផ្សាយ​លើហ្វេស​ប៊ុក នៅថ្ងៃនេះ បាន​ឱ្យ​ដឹង​ថា នៅថ្ងៃដំបូងនៃថ្ងៃសម្រាក​សង​បុណ្យ​ចូលឆ្នាំខ្មែរ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០នេះ មាន​​ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ​ដើរ​កម្សាន្តនៅទូទាំង​ប្រទេសចំនួន ២៣៣ ៣២៩នាក់ ក្នុងនោះ នៅខេត្ត​សៀមរាប មានចំនួន ២៨ ១៤០នាក់។

ក្រសួង​បន្តថា តាមការ​សង្កេតជាក់ស្តែង ប្រជាពលរដ្ឋ​មានការ​យល់ដឹង​ច្រើន​ពីការ​អនុវត្ត​តាម​ការ​ណែនាំរបស់ក្រសួង​សុខាភិបាល និង​វិធានសុវត្ថិភាពទេស​ចរណ៍អំពីជំងឺកូវីដ​១៩ ប៉ុន្តែ នៅមិនទាន់អនុវត្ត​បានពេញលេញនៅឡើយសម្រាប់ការ​រក្សា​គម្លាតសុវត្ថិភាព​។

ករណីនេះ ក្រសួងបានណែនាំដល់​អ្នកគ្រប់គ្រង​គោល​ដៅទេសចរណ៍ និងមន្ត្រីជំនាញ បន្ត​ខិត​​ខំណែនាំបន្ថែម ដើម្បីបង្វែរ​ទស្សនកិច្ចរបស់​ភ្ញៀវទេសចរ និងសម្រួល​កុំ​ឲ្យ​មានការ​ផ្ទុក​មនុស្ស​លើសពី ៥០%៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ