ជនជាតិវៀតណាមពីរនាក់ លួចរត់ចេញពី​កន្លែង​ចត្តាឡីស័ក តែត្រូវបានរកឃើញវិញ

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ លោកស្រី​វេជ្ជបណ្ឌិត​ ឱ វណ្ណ​ឌីន ថ្លែងក្នុងកិច្ចពិភាក្សា ស្ដីពី “សារព័ត៌មាន៖ ចំពោះមុខ COVID-19 និងព័ត៌មានក្លែងក្លាយ” នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

ក្រសួង​សុខាភិបាល បានលើកឡើងថា ជនជាតិវៀតណាមពីរនាក់ បាន​​លួច​ចេញពីការធ្វើចត្តា​ឡីស័ក​នៅ​ក្នុងមន្ទីរ​ពេទ្យ​បង្អែក​ព្រះស្តេច ខេត្តព្រៃវែង ​ទៅកាន់​ខេត្តកំពង់ឆ្នាំង ប៉ុន្តែ​​ក្រសួងបានរកឃើញវិញ និងតម្រូវ​ឱ្យ​ពួកគេ​ធ្វើ​ចត្តាឡីស័កឡើងវិញ។

អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល លោកស្រី ឱ វណ្ណឌីន បាន​ប្រាប់​ក្រុមអ្នកសារព័ត៌មានតាម​តេឡេក្រាម កាលពីយប់ថ្ងៃអង្គារ​ម្សិល​មិញថា ជនជាតិវៀតណាមទាំងពីរនាក់នោះ មានស្ត្រី អាយុ ៣៧ឆ្នាំ និងកុមារ​ អាយុ ១៣ឆ្នាំ ជាអ្នករស់នៅភូមិ​ប្រាសាទ ឃុំ​សែប ស្រុកកំពង់​ត្រឡាច ខេត្ត​កំពង់ឆ្នាំ។

លោកស្រីបន្តថា ជនជាតិវៀតណាមទាំងពីរនាក់ ដែលត្រូវជាម្តាយនិងកូន បាន​លួច​ចេញ​ពី​មន្ទីរពេទ្យ​បង្អែក​ព្រះស្តេច ខេត្តព្រៃវែង ដែលជា​កន្លែង​ធ្វើចត្តាឡីស័ក​ កាលពីមុន​ម៉ោង​៥កន្លះព្រឹក ថ្ងៃទី១៦ ខែសីហា ដោយ​បានឡើង​ឡាន​ក្រុង​មក​រាជាធានីភ្នំពេញ រួច​បន្តដំណើរ​ដោយ​រថ​យន្ត​ឈ្នួល ទៅកាន់ខេត្តកំពង់ឆ្នាំង រួច​បន្តទៅកាន់ភូមិប្រាសាទដែលជា​ទីកន្លែង​​ពួកគេរស់​នៅដោយ​ម៉ូតូ។

លោកស្រី ឱ វណ្ឌឌីន បានបញ្ជាក់ថា៖«លទ្ធផលតេស្តលេីកទី១ ​​របស់គាត់ និងកូនគាត់​[ជន​ជាតិ​វៀតណាមទាំងពីរនាក់​] នៅថ្ងៃទី​១៧ ខែសីហា ឆ្នាំ២០២០ គឺ​អវិជ្ជមានវីរុសកូវីដ-១៩ ទាំងពីរនាក់ តែក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង កំពុងបន្តតាមដានសុខ​ភាពគាត់  និង​កូនគាត់​ដោយយកចិត្តទុកដាក់បំផុត»។

អ្នកនាំពាក្យរូប​នេះ បាន​ឱ្យដឹងដែរថា នៅផ្ទះរបស់​គាត់ក្នុងខេត្តកំពង់ឆ្នាំង ពួកគេពុំបាន​​​ជួប​ជា​មួយ​បងប្អូន​ទេ ដោយ​ពួកគេត្រូវបានរថយន្ត​មន្ទីរពេទ្យ​បង្អែក​កំពង់ត្រឡាច ដឹកទៅកាន់មណ្ឌល​​ចត្តាឡីស័កកំរិត២សាលាគំរូក្រុងនៅម៉ោង៥កន្លះល្ងាចថ្ងៃទី១៦ ខែសីហា។

អ្នកស្រីបន្ថែមថា៖«ក្រុមការងារបានពិនិត្យកំដៅពួកគេ ឃេីញធម្មតា គ្មានសញ្ញាក្អក ឈឺ ក  ឫ ហត់ ដែលគួរឲ្យចាប់អារម្មហ៌នោះឡេីយ។ ក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តកំពង់​ឆ្នាំង ក៏បាន​អប់រំ និង​ណែនាំពន្យល់ស្ត្រីរូបនេះ​ ក្នុងការអនុវត្តធ្វើចត្តាឡិស័កឲ្យគ្រប់ចំនួន ១៤ថ្ងៃ ដោយ​​រាប់សារឡេីងវិញ និងដោយមានការសន្យាថាមិនរត់ទៀតទេ។ ក្រុមការងារ  និងបន្តការអនុវត្ត​ច្បាប់ដែលមានជាធរមានចំពោះបុគ្គលដែលមិនគោរពតាមវិធានការចត្តាឡីស័កនេះ»។ 

បើតាមអ្នកនាំពាក្យរូបនេះ ពួកគេ​បានចាកចេញពីកម្ពុជា មុន​ពេល​ចូល​ឆ្នាំខ្មែរ ទៅរស់​​នៅទល់ដែន​កម្ពុជា-វៀតណាម ឌិញបា ហើយ​ដោយសារ​មិនអា​ចរកស៊ីនៅទីនោះបាន ពួក​គេ​​​ក៏បាន​ត្រឡប់​មក​កម្ពុជា​វិញ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ និង​ត្រូវបានក្រុមការងារ​មាត់​ច្រក​ព្រំដែន​អន្តរ​ជាតិ​បន្ទាយ​ចក្រី បញ្ជូន​ទៅធ្វើ​ចត្តាឡីស័ក​នៅក្នុង​មន្ទីរ​ពេទ្យ​បង្អែក​​​ព្រះស្តេច ខេត្តព្រៃវែង។

កាលពី​ថ្ងៃទី៣ ខែសីហា មាន​បុរស​ខ្មែរ​ពីរ​នាក់ដែល​បន្ត​ជើងហោះហើរ​មក​ពី​ប្រទេស​ម៉ាឡេ​ស៊ី បាន​រត់ចេញ​ពី​មណ្ឌល​ចត្តាឡីស័​កនៅ​វិទ្យាល័យ ហ៊ុន សែន កំពង់លាវ ខេត្តព្រៃវែង ប៉ុន្តែ​​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​រក​ឃើញ​នៅផ្ទះ​របស់​ពួក​គេនៅ​យប់​ថ្ងៃ​ដដែល​នោះ។ ទោះយ៉ាង​ណា ពួកគេ​ពុំ​ត្រូវ​បាន​ពិន័យ​ជាប្រាក់នោះទេ ដោយសារ​ជីវភាពក្រីក្រ ប៉ុន្តែក្រុមការងារក្រសួង​បានតម្រូវឱ្យពួកគេ​ធ្វើចត្តាឡីស័កឡើងវិញ១៤ថ្ងៃ។

ដោយឡែក កាលពី​ថ្ងៃទី១៧ ខែកក្កដា ក៏​មាន​ស្ត្រី​ខ្មែរសញ្ជាតិ​អាមេរិក​ម្នាក់ទៀត ធ្លាប់​បាន​​​រត់ចេញ​ពី​មណ្ឌល​ចត្តាឡីស័​កនៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញនិង​ត្រូវ​បាន​មន្ត្រី​សុខាភិបាល​​រក​ឃើញ​វិញនៅ​ខេត្ត​កំពង់ចាម ហើយ​ស្ត្រី​រូប​នោះត្រូវ​បាន​មន្ត្រី​សុខាភិបាល​ខេត្ត​សម្រេច​ផាកពិន័យ​អន្តរការណ៍​ចំនួន១លាន​រៀល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ