ក្រសួងសុខាភិបាល បញ្ជាក់ថា មានអ្នកជំងឺកូវីដចំនួន ១៣នាក់ បានជាសះស្បើយ និងមិនមានករណីឆ្លងថ្មីនោះទេ ដែលធ្វើឱ្យតួលេខអ្នកមានជំងឺកូវីដ១៩សរុបនៅកម្ពុជា នៅដដែល គឺមានចំនួន ២៧៣នាក់។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃពុធនេះ បានលើកឡើងថា ក្នុងករណីជាសះស្បើយចំនួន១៣នាក់នោះ គឺមានជនជាតិខ្មែរ ៦នាក់ និងជនជាតិចិន ៧នាក់។
ក្រសួងបន្តថា ក្នុងចំណោមជនជាតិខ្មែរ៦នាក់ មានបុរស៥នាក់ ជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសរុស្សី ដែលបានបន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ីមកដល់កម្ពុជា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ និងស្ត្រីម្នាក់ទៀត ធ្វើដំណើរមកពីសហរដ្ឋអាមេរិក បានបន្តជើងហោះហើរនៅប្រទេសចិន(តៃវ៉ាន់) មកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០។
ដោយឡែក សម្រាប់អ្នកជាសះស្បើយ ៧នាក់ទៀត ជាជនជាតិចិន ក្រសួងបានបញ្ជាក់ថា ពួកគេជាអ្នកធ្វើដំណើរមកពីប្រទេសហ្វីលីពីន តាមជើងហោះហើរ មកដល់កម្ពុជា កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០។
ក្រសួងបន្តថា មិនមានករណីឆ្លងថ្មីទេ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល គិតត្រឹមព្រឹកថ្ងៃ១៨ ខែសីហា ឆ្នាំ២០២០នេះ មានមនុស្សចំនួន ២៧៣នាក់ហើយ ដែលត្រូវបានរកឃើញឆ្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ក្នុងនោះអ្នកជំងឺ ២៥១នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងអ្នកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ និងឯកជនចំនួន ២២នាក់៕