ក្រសួងយុត្តិធម៌៖ ការរិះគន់របស់សង្គម​ស៊ីវិល​​លើ​វិធាន​ការ​ចាប់​ខ្លួន​ពលរដ្ឋ​​គ្មាន​មូល​​ដ្ឋាន​ច្បាស់​​​លាស់

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌។ (រូបភាព៖ ជន ចាន់រ៉ែន)

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ ចាត់ទុកសេចក្ដីថ្លែងការណ៍របស់ក្រុមអង្គការសង្គមស៊ីវិល ដែលរិះ​គន់​លើវិធានការរបស់រដ្ឋាភិបាល ក្នុងការ​ចាប់ខ្លួនពលរដ្ឋថា គ្មានមូលដ្ឋានច្បាស់លាស់ និងធ្វើ​​ឡើង​ដើម្បីកេងចំណេញនយោបាយ។

ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ បន្ទាប់ពីក្រុមសង្គមស៊ីវិលចំនួន៧៩នៅកម្ពុជា កាលពីថ្ងៃទី១៨ ខែសីហា​ ឆ្នាំ២០២០ បានរួមគ្នាស្នើដល់រដ្ឋាភិបាល បញ្ឈប់រាល់​ការ​ប្រើអំពើ​ហិង្សា និងការចាប់ខ្លួនទៅលើពលរដ្ឋដែលហ៊ានចេញមុខតស៊ូមតិដោ​យ​អហិង្សា ដោយ​​ពួកគេថា សកម្មភាពទាំងនេះ​មិនមែនជាទង្វើខុសច្បាប់។

អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានលើកឡើងនៅក្នុងទំព័រហ្វេសប៊ុកដោយ​ចាត់ទុកអង្គការសមាគមដែលចេញសេចក្តីថ្លែងការណ៍កាលពីម្សិលមិញថា ជាអង្គការសមាគមដែលមិនមានសកម្មភាពអ្វី ក្រៅតែពីការប្រមូលផ្តុំគ្នាចេញសារ និងសេចក្តីថ្លែងការណ៍នយោ​បាយ ក្នុងការការពារក្រុមគោលដៅនយោបាយ និងរិះគន់វិធានការច្បាប់​របស់រដ្ឋាភិបាល ដោយ​គ្មានមូលដ្ឋាន។

លោកបន្តថា ការចាប់ខ្លួនអ្នកជួបជុំតវ៉ាកន្លងមក​ ដើម្បីទប់ស្កាត់អំពើហឹង្សា និងភាព​ចលា​ចលក្នុង​សង្គម ដែលលោកថា ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ និងសិទ្ធិ​សេរីភាពអ្នកដទៃ បើទោះបីជាការតវ៉ារបស់ក្រុមយុវជនធ្វើឡើងដោយសនិ្តវិធីក៏​ដោយ។

លោកថា៖ «រួមទាំងការដាក់សម្ពាធដល់ស្ថាប័នតុលាការដែលជាស្ថាប័នឯករាជ្យផងដែរនោះ គឺ​​ជាអំពើល្មើសទៅនឹងច្បាប់ ដែលសមត្ថកិច្ចត្រូវចាត់គ្រប់វិធានការដើម្បីទប់ស្កាត់ ហើយអ្នកតវ៉ាក៏ត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ផងដែរដែលមានជាធរមាន»

លោក​បានបន្ថែមថា តុលាការ ជាស្ថាប័នឯករាជ្យ គ្មានជនណា ឬក្រុមអង្គការអន្តរជាតិណាមួយ អាច​ដាក់សម្ពាធនិងបង្គាប់បញ្ជាមកលើតុលាការបាននោះទេ ហើយ​​ការចេញសេចក្តីថ្លែងការណ៍​ដាក់សម្ពាធ និងទាមទាឱ្យតុលាការដោះលែងជនជាប់ចោទ និងទម្លាក់​ចោលបទចោទ មិន​មែនជាមធ្យោបាយស្របច្បាប់ក្នុងការការពារជនជាប់ចោទនោះទេ ហើយក៏នឹងមិនមានឥទ្ធិពលអ្វីដែរទៅលើការសម្រេចរបស់តុលាការដែលជាស្ថាប័នឯករាជ្យដែរ។

ដោយឡែកចំពោះអ្នកបញ្ចេញមតិរឿងព្រំដែនវិញ លោក ជិន ម៉ាលីន ថា មិនមែនជាការអនុវត្តសិទ្ធិនោះទេ ដោយលោកហៅអ្នកបញ្ចេញមតិទាំងនោះថា ជាការបំផ្លើសនិងបំភ្លៃព័ត៌មានមិនពិត ក្នុងចេតនាទុច្ចរិតញុះញង់បង្កភាពចលាចលប៉ះពាល់ដល់សន្តិសុខជាតិ តែជាបទល្មើសព្រហ្មទណ្ឌ ដែលអ្នកប្រព្រឹត្តត្រូវទទួលខុសត្រវតាមផ្លូវច្បាប់ដែលមានជាធរមាន។

ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែននេះ សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ​និងជាប្រធាន​សហ​ភាព​សហ​ជីព​កម្ពុជា លោ​ក រ៉ុង ឈុន ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​​ឃុំខ្លួននៅ​ពន្ធនាគារបណ្តោះអាសន្ន ក្រោមបទចោទប្រកាន់ ​ពី​បទ «ញុះ​ញង់​​ឱ្យ​មានការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍» ។

ក្រោយពីចាប់ខ្លួន លោក រ៉ុង ឈុន ក្រុមយុវជននៃក្រុមខ្មែរថាវរៈបាននាំគ្នាធ្វើសកម្មភាពតវ៉ាមួយចំនួនដូចជា ការប្រមូលផ្តុំនៅមុខសាលាដំបូងរាជធានីភ្នំពេញ និងធ្វើយុទ្ធនាការដើរតាមដងវិថីមួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីទាមទារឱ្យមានការដោះលែងលោក រ៉ុង ឈុន។

នៅពីថ្ងៃទី១៣ខែសីហា ឆ្នាំ២០២០ យុវជនចំនួន ៦នាក់  ដែលសកម្មជន ក្នុងការទាមទារឱ្យមានការដោះលែង លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្នុងនោះមាន៤នាក់ត្រូវបានដោះលែងវិញ ក្រោយពួកគេព្រមចុះកិច្ចសន្យាឈប់តវ៉ា រីឯ២នាក់ទៀត ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារបណ្តោះអាសន្ន។

ដោយឡែកប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាល​​ពីថ្ងៃ១៤ សីហា ឆ្នាំ២០២០ ក្រោមចោទប្រកាន់ពីបទ «ញុះញង់បំភ្លៃការពិតលើបញ្ហាព្រំដែន និងការចោទប្រកាន់មួលបង្កាច់ទម្លាក់កំហុស មកលើគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា ថាប្រព្រឹត្តបទល្មើសក្បត់ជាតិលើរឿងព្រំដែនកម្ពុជា-វៀតណាម»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ