ក្រសួងសុខាភិបាល បានព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយចំនួន៤បន្ថែមបន្ថែមទៀត ដែលនាំឲ្យអ្នកជាសះស្បើយកើនដល់២៦៣នាក់។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសៅរ៍នេះ បានលើកឡើងថា ក្នុងករណីជាសះស្បើយចំនួន៤នាក់នោះ រួមមាន ស្ត្រីជនជាតិខ្មែរអាយុ ៥១ឆ្នាំ មានអាសយដ្ឋាននៅភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ជាអ្នកបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក ដោយឆ្លងកាត់ប្រទេសកូរ៉េខាងត្បូង មកដល់ប្រទេសកម្ពុជានៅ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០។
ចំណែក បុរសជនជាតិខ្មែរ៣នាក់ទៀត អាយុ ២៥ឆ្នាំ អាយុ២៦ឆ្នាំ និងអាយុ៣០ឆ្នាំ មានអាសយដ្ឋាននៅខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងនៅរាជធានីភ្នមពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសរុស្ស៊ី ដោយឆ្លងកាត់ប្រទេសម៉ាឡេស៊ី មកដល់ប្រទេសកម្ពុជានៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយផងដែរ។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល គិតត្រឹមព្រឹកថ្ងៃ២២ ខែសីហា ឆ្នាំ២០២០នេះ មានមនុស្សចំនួន ២៧៣នាក់ហើយ ដែលត្រូវបានរកឃើញឆ្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ក្នុងនោះអ្នកជំងឺ ២៦៣នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងអ្នកកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញមានចំនួន ១០នាក់៕