លោក ហ៊ុន សែន ថា​រក​​ដំណោះ​ស្រាយ​​ទឹក​ទន្លេ​​មេគង្គ​​ជា​​ជោគ​ជ័យ​​នៃ​​កិច្ច​សហការ​​មេគង្គ​​-​ឡាន​​ឆាង​​

លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​-ឡាន​ឆាង​លើក​ទី៣ តាម​ប្រព័ន្ធ​វីដេអូ (video conference​) ពី​វិមាន​សន្តិភាព នា​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។ (​ហ្វេសប៊ុក​លោក ហ៊ុន សែន​)

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​មេដឹកនាំ​ចិន​ថា ការ​ស្រុះស្រួល​គ្នា​រក​ដំណោះស្រាយ​ទឹកទន្លេ​មេគង្គ ដែល​លោក​ហៅថា «ទឹក​ឆ្លងដែន» គឺជា​ជោគជ័យ​ដ៏​សំខាន់​បំផុត​មួយទៀត​នៃ​កិច្ច​សហប្រតិបត្តិ​ការ​មេគង្គ​-ឡាន​ឆាង។

វេទិកា​មេគង្គ​-ឡាន​ឆាង គឺជា​ជំនួប​កំពូល​នៃ​មេដឹកនាំ​បណ្ដា​ប្រទេស​ចំនួន៦ ស្ថិតនៅ​ក្នុង​តំបន់​ទន្លេមេគង្គ ដូចជា មីយ៉ាន់ម៉ា ថៃ ឡាវ វៀតណាម កម្ពុជា និង​ប្រទេស​ចិន។

ការ​ថ្លែង​របស់​លោក ហ៊ុន សែន ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​កំពូល​មេគង្គ​-ឡាន​ឆាង​លើក​ទី៣ ក្រោម​មូលបទ​«ពង្រឹង​ភាពជា​ដៃគូ ដើម្បី​វិបុលភាព​រួម» ដែល​ធ្វើឡើង​តាម​ប្រព័ន្ធ​វីដេអូ មានការ​អញ្ជើញ​ចូលរួម​ពី​នាយក​រដ្ឋមន្ត្រី​ចិន លោក លី ឃឹ​ឈាំង (Li Keqiang​) ផង​ដែរ។

លោក ហ៊ុន សែន ថ្លែង​ថា៖ «ការ​ស្រុះស្រួល​មតិរួម​គ្នាក្នុង​ការ​រក​ដំណោះស្រាយ​ពាក់ព័ន្ធ​នឹង​ប្រធាន​បទ​រសើប​បំផុត​នៃ​ការគ្រប់គ្រង​ទឹក​ឆ្លងដែន​ គឺជា​ជោគជ័យ​ដ៏​សំខាន់​បំផុត​មួយទៀត​នៃ​កិច្ច​សហប្រតិបត្តិ​ការ​របស់​យើង»។

មេដឹកនាំ​កម្ពុជា រំឭក​ថា កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី១ ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​ធនធានទឹក​ឡាន​ឆាង​-មេគង្គ នៅ​ប្រទេស​ចិន កាលពី​ខែធ្នូ​ឆ្នាំមុន បាន​ផ្តល់​ទិសដៅ​ច្បាស់លាស់​សម្រាប់​ការ​ពង្រឹងនិង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ពាក់ព័ន្ធ​ទៅ​នឹង​ការចែក​រំលែក​ទិ​ន្នន័យនិង​ព័ត៌មាន​ជលសាស្ត្រ។

មេដឹកនាំ​រូប​នេះ អះអាង​ទៀត​ថា លទ្ធផលជាក់​ស្តែង​នៃ​កិច្ចប្រជុំ​នោះ បាន​បន្ត​រួមចំណែក​ដល់​ការ​លើកកម្ពស់​ការយោគយល់​ទៅវិញទៅមក ក្នុង​ការគ្រប់គ្រង​ធនធានទឹក​ក្នុង​តំបន់។

ទោះជាយ៉ាងណា ការ​ថ្លែង​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិនបាន​បញ្ជាក់​ថា ការគ្រប់គ្រង​ទឹក​ឆ្លងដែន​របស់​ភាគី​ចិន វា​បាន​បង្ក​ផល​ប៉ះពាល់​អ្វីខ្លះ​ដល់​ប្រទេស​កម្ពុជា​ទេ។

តាមរយៈ​អ្នកបកប្រែ​ក្នុង​កិច្ចប្រជុំ​កំពូល​មេគង្គ​-ឡាន​ឆាង​នោះ នាយក​រដ្ឋមន្ត្រី​ចិន លោក លី ឃឹ​ជាំង បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ថា ចិន​នឹង​ខិតខំប្រឹង​ប្រែង​បន្ថែម​ទៀត ដើម្បី​ឱ្យ​វិស័យ​ធនធានទឹក​ក្លាយជា​យន្តការ​ស្នូល​សម្រាប់​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​ប្រទេស​ជាស​មា​ជិ​កនៅ​អាងទន្លេ​មេគង្គ​ក្រោម រួម​ទាំង​ការ​ផ្តល់​ព័ត៌មាន​ទាក់ទង​នឹង​ជលសាស្ត្រ​ផង​ដែរ។

លោក លី ថ្លែង​ថា៖ «ចិន​នឹង​ខិតខំ​បន្ថែម​ទៀត​ក្នុង​ការ​បញ្ចេញ​ទឹក​ក្នុង​រដូវប្រាំង​ដល់​អ្នក​នៅ​ខាង​ក្រោម​ទន្លេ​មេគង្គ​ ដើម្បី​ដោះស្រាយ​បញ្ហា​រាំងស្ងួត។ កិច្ចសហការ​ក្នុង​វិស័យ​ធនធានទឹក​នេះ​ជា​ស្នូល​នៃ​កិច្ច​សហប្រតិបត្តិ​ការ​នៃ​យន្តការ​នេះ»។

ប៉ុន្តែបើ​តាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​ខ្លួន​ចេញ​ដោយ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​កាលពី​ខែមករា​ដើមឆ្នាំ​នេះ គណៈ​កម្មការ​ទន្លេមេគង្គ (MRC​) លើកឡើង​ពី​កង្វល់​ជុំវិញ​ការ​អភិវឌ្ឍ​ធនធានទឹក​នៃ​ទន្លេមេគង្គ ដែល​បាន​បង្ក​ឱ្យ​មានផល​ប៉ះពាល់​ជា​អវិជ្ជមាន​មក​លើ​បរិស្ថាននិង​សង្គម «ជាពិសេស​ផល​ប៉ះពាល់​ឆ្លងដែន ដែល​ត្រូវ​គិតគូរ​ដោះស្រាយ​ឱ្យ​បាន​គ្រប់ជ្រុងជ្រោយ»។

របាយការណ៍​នោះ និយាយ​ថា ស្ថាប័ន​អន្តរ​រដ្ឋាភិបាល MRC បាន​ទទួលស្គាល់​ថា វារីអគ្គិសនី គឺជា​បញ្ហា​ប្រឈម​មួយ​នៅក្នុងចំណោម​បញ្ហា​ប្រឈម​ដទៃទៀត ដូចជា បម្រែបម្រួល​អាកាសធាតុ គ្រោះមហន្តរាយ​ធម្មជាតិ កំណើនប្រជាជន និង​សកម្មភាព​ដទៃទៀត។

មន្ត្រី​សម្របសម្រួល​បណ្ដាញ​សម្ព័ន្ធ​ទន្លេ​កម្ពុជា​នៃ​វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល (NGO​-Forum​) លោក ម៉ក់ ប៊ុ​នធឿន បាន​បង្ហាញ​ក្ដី​បារម្ភ​ថា ផល​ប៉ះពាល់​មក​លើ​សង្គមនិង​ប្រព័ន្ធ​អេកូឡូស៊ី​តាម​អាងទន្លេ​មេគង្គ នឹង​កាន់តែ​រីកធំឡើង​ថែមទៀត​នា​ពេល​អនាគត នៅពេល​ណា​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​កាន់តែ​ច្រើន ត្រូវ​បាន​សាងសង់​រួចរាល់និង​ដាក់​ឱ្យ​ដំណើរការ​ទាំង​នៅ​ផ្នែក​ខាងលើនិង​ផ្នែក​ខាងក្រោម​នៃ​អាងទន្លេ​មេគង្គ។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះបាន​លើកឡើង​បែបនេះ បន្ទាប់ពី​មើលឃើញ​ថា កម្ពស់​ទឹកទន្លេ​មេគង្គ​បាន​ធ្លាក់ចុះ​ពី​កម្រិតមធ្យម៨.៥ម៉ែត្រ​នៅក្នុង​ខែសីហា ​ឆ្នាំ២០១៨ មក​នៅ​ត្រឹម​កម្ពស់​មធ្យម៥ម៉ែត្រ​ប៉ុណ្ណោះ​រយៈពេល២ឆ្នាំ​ចុងក្រោយ​នេះ ដែល​លោក​ថា មួយ​ផ្នែក​បណ្ដាលមកពី​ទំនប់​វារីអគ្គិសនី​ស្ថិតនៅ​ក្នុង​ប្រទេស​ចិននិង​ប្រទេស​ឡាវ។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះនិយាយ​ទៀត​ថា កម្រិត​ទឹកទន្លេ​ថយ​ចុះ​នេះបង្ក​ផល​ប៉ះ​ពាល់​ដល់​សន្តិសុខ​ស្បៀង​នៃ​ពលរដ្ឋ​ប្រមាណ​ជាង៦០លាន​នាក់ដែល​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ ដោយសារ​ផល​ប៉ះពាល់​ទៅលើ​របរ​នេសាទនិង​កសិកម្ម។

លោក ម៉ក់ ប៊ុ​នធឿន ប្រាប់​ថា៖ «បើសិនជា​ទន្លេមេគង្គ​ត្រូវ​បាន​សាងសង់​ទំ​បន់​គ្រប់កន្លែង រួម​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា​ផង ផល​ប៉ះពាល់​ទៅលើ​ត្រី ផល​ប៉ះពាល់​ទៅលើ​លំហូរ​ទឹក ផល​ប៉ះពាល់​ទៅលើ​ដីល្បាប់ គឺ​មាន​ទំហំ​ធំធេង ដែល​ទាមទារ​ឱ្យ​ប្រទេស​នៅ​តាម​ដងទន្លេ​មេគង្គ​ត្រូវ​ធ្វើការ​ពិចារណា​ឱ្យ​បាន​ម៉ត់ចត់ មុននឹង​ដាក់​ឱ្យ​មាន​គម្រោង​សាងសង់​វារី​អគ្គិ​សនីនៅ​តា​មទ​ន្លេមេ​គង្គ​ហ្នឹងឯង»។

យ៉ាងនេះ​ក្តី នាយក​រដ្ឋមន្ត្រី​កម្ពុជា និយាយ​ទៀត​ថា ក្នុង​ស្ថានភាព​បច្ចុប្បន្ន ដែល​កំណើន​សេដ្ឋកិច្ច​សកល​មានការ​ធ្លាក់ចុះ វា​ចាំបាច់​ត្រូវ​ខិតខំ​ពន្លឿន​ការរៀបចំនិង​សម្រេច​ឱ្យ​បាន​នូវ​ខ្សែក្រវាត់​អភិវឌ្ឍ​ន៍សេដ្ឋកិច្ច​មេគង្គ​-ឡាន​ឆាង ដែល​នឹង​ក្លាយជា​ក្បាលម៉ាស៊ីន​ថ្មី​នៃ​កំណើន​សម្រាប់​អនុ​តំបន់។

បើ​តាម​សហប្រធាន​នៃ​កិច្ចប្រជុំ​មេគង្គ​-ឡាន​ឆាង កិច្ច​សហប្រតិបត្តិ​ការ​មេគង្គ​-ឡាន​ឆាង​ជា​ក្របខ័ណ្ឌ​មួយ​ដែល​បង្កើត​ឡើង​នៅ​ឆ្នាំ២០១៥។

ក្របខ័ណ្ឌ​នេះ មាន​គោល​បំណង​លើកកម្ពស់និង​ជំរុញ​កំណើន​សេដ្ឋកិច្ច ឈរ​លើ​មូលដ្ឋាន​កិច្ច​សហប្រតិបត្តិ​ការ រក្សា​សន្តិភាព សាមគ្គីភាព ស្ថិរភាព ឆ្ពោះទៅ​រក​វិបុលភាព​រួម​ក្នុង​តំបន់​មេគង្គ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ