កូរ៉េ​​ខាង​ត្បូង​​ដាក់​​បញ្ជា​​ឱ្យ​​ពាក់​​ម៉ាស់​​ទាំង​​នៅ​ក្នុង​​ផ្ទះ​និង​​ក្រៅ​​ផ្ទះ​ ខណៈ​​ករណី​​ឆ្លង​​វីរុស​​កូ​រ៉ូ​ណា​​កើន​ឡើង​៣​ដង​​

ស្ត្រីម្នាក់និងកូនស្រី ពាក់ម៉ាស់ការពារក្រោយផ្ទុះការរីករាលដាលកូវីដ១៩ រង់ចាំភ្លើងសញ្ញាចរាចរណ៍នៅលើដងវិថីមួយក្នុងក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០។ (REUTERS/Heo Ran)

អាជ្ញាធរ​កូរ៉េ​ខាងត្បូង បាន​តម្រូវ​ឱ្យ​មនុស្សម្នា​ពាក់​ម៉ាស់​ទាំង​នៅក្នុង​ផ្ទះនិង​នៅពេល​ធ្វើដំណើរ​ចេញទៅ​ក្រៅ​ផ្ទះ ដែល​នេះ​គឺជា​បទបញ្ជា​កើតមានឡើង​ជាលើកដំបូង​នៅ​ទីក្រុង​សេអ៊ូល ខណៈ​ដែល​ប្រទេស​មួយ​នេះ​កំពុង​ប្រឈមមុខនឹង​កំណើន​នៃ​ការ​ឆ្លង​រីក​រាល​ដាលនៃ​វីរុស​កូ​រ៉ូ​ណា​នៅ​តំបន់​សម្បូរ​មនុស្សម្នា។

ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ បាន​រាយការណ៍​ថា រដ្ឋាភិបាល​ក្រុង​សេអ៊ូល​កាលពី​ខែឧសភា​កន្លងមក​នេះ បាន​បញ្ជា​ឱ្យ​មនុស្សម្នា​ពាក់​ម៉ាស់​នៅពេល​ធ្វើដំណើរ​តាម​យានជំនិះ​សាធារណៈនិង​រថយន្ត​តាក់ស៊ី ប៉ុន្តែកំណើន​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​នា​ពេល​ចុងក្រោយ​នេះ បាន​ជំរុញ​ឱ្យ​មន្ត្រី​សុខាភិបាល​មាន​ក្ដី​បារម្ភ​ថា ប្រទេស​នេះ​អាច​ត្រូវ​ដាក់កំហិត​ខ្ពស់​បំផុត​លើ​វិធានការ​រក្សា​គម្លាត​សុវត្ថិភាព។

មន្ត្រី​ក្រសួងសុខាភិបាល លោក យ៉ុន តេហូ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា ប្រសិនបើ​អាជ្ញាធរ​បរាជ័យ​ក្នុង​ការកាត់បន្ថយ​កំណើន​នៃ​ការ​ឆ្លង​រីក​រាលដាល​នៅ​សប្ដាហ៍​នេះ នោះ​កូរ៉េ​ខាងត្បូង​នឹង​ប្រឈមមុខនឹង​វិបត្តិ​កាន់តែ​ធ្ងន់ធ្ងរ ដែល​មានន័យថា វីរុស​នឹង​រីក​រាលដាល​ទូទាំង​ប្រទេស។

មជ្ឈមណ្ឌល​បង្ការ និង​គ្រប់គ្រង​ជំងឺឆ្លង​របស់​កូរ៉េ បាន​រាយការណ៍​ចំនួន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា២៦៦ករណី​ថ្មីទៀត​នៅ​ត្រឹម​យប់​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ ពោល​គឺ​បាន​ធ្លាក់ចុះ​ពី​ចំនួន៣៩៧ករណី​ដែល​ត្រូវ​បាន​រាយការណ៍​កាលពី​ថ្ងៃសៅរ៍​កន្លងមក​នេះ ប៉ុន្តែតួលេខ​នេះបង្ហាញ​ពី​ការ​កើនឡើង​នៃ​ចំនួន​ឆ្លង​ដល់ទៅ៣ដង​នៅក្នុង​រយៈពេល​ជាង១សប្ដាហ៍​កន្លងមក ពោល​គឺ​បាន​កើនឡើង​ពី​លេខ២ខ្ទង់​ទៅ៣ខ្ទង់។

សរុប​មក កូរ៉េ​ខាងត្បូង​បាន​រាយការណ៍​ពី​ការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា១៧,៦៦៥ករណី​ហើយ ហើយ​មាន​មនុស្ស​ដល់ទៅ៣០៩នាក់​បាន​ស្លាប់​ក្រោយពី​ឆ្លង​វីរុស​នេះ។

កូរ៉េ​ខាងត្បូង ត្រូវ​បាន​គេ​កោតសរសើរ​យ៉ាង​ទូលំទូលាយ​ចំពោះ​ជោគជ័យ​ក្នុង​ការ​ដោះស្រាយ​ការ​ឆ្លង​រីក​រាលដាល​នៃ​វីរុស​នេះ​តាមរយៈ​ការ​ធ្វើតេស្តនិង​ការ​តាមដាន​លើ​អ្នក​ឆ្លង ប៉ុន្តែលោក យ៉ុន និយាយ​ថា ក្រុម​មន្ត្រី​អង្កេត​របស់ក្រ​សួង​សុខាភិបាលពុំ​អាច​រក​ឃើញ​ប្រភព​នៃ​ការ​ឆ្លង​ប្រហែល២០ភាគរយ​នៃ​ករណី​សរុប ដែល​នាំ​ឱ្យ​មាន​ក្ដី​បារម្ភ​ជុំវិញ​អ្វី​ដែលគេ​ហៅថា «ការ​រីក​រាលដាល​ដោយស្ងាត់​ស្ងៀម»

លោក យ៉ុន ក៏បាន​អំពាវនាវ​ទៅ​មនុស្សម្នា​កុំឱ្យ​ចាកចេញ​ពី​ផ្ទះសម្បែងនិង​លុបចោល​ដំណើរ​ទៅក្រៅ​មិន​ចាំបាច់​នានា​ផង​ដែរ។

រដ្ឋបាល​ទីក្រុង​សេអ៊ូល បាន​ប្រកាស​កាលពី​ថ្ងៃម្សិលមិញ​ថា មនុស្សម្នា​នឹង​តម្រូវ​ឱ្យ​ពាក់​ម៉ាស់​ទាំង​នៅក្នុង​ផ្ទះនិង​នៅ​តាម​ទី​សាធារណៈ​នានា​ដែល​មាន​មនុស្សម្នា​កុះករ។

រដ្ឋាភិបាល​កូរ៉េ​ក៏បាន​ពង្រីក​វិធានការ​រក្សា​គម្លាត​សង្គម​បែបនេះ​ទៅដល់​កន្លែង​ផ្សេងទៀត​នៅក្នុង​ប្រទេស​ផង​ដែរ ដោយ​ហាមឃាត់​ការ​ជួបជុំ​នៅ​តាម​ព្រះវិហារនិង​ដាក់​បញ្ជា​ឱ្យ​បិទ​ក្លិប​កម្សាន្ត ហាង​អា​ហា​រប៊ូ​ហ្វេ និង​ហាង​កា​ហ្វេ​អ៊ិ​នធឺ​ណិ​តផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ