អធិការបតីអាល្លឺម៉ង់ លោកស្រី អេនជេឡា មឺកែល (Angela Merkel) កាលពីថ្ងៃចន្ទ បានអំពាវនាវឱ្យប្រទេសរុស្ស៊ីស៊ើបអង្កេតករណីការសង្ស័យអំពីការបំពុលទៅអ្នកនយោបាយប្រឆាំងមួយរូបដែលតែងតែរិះគន់ប្រធានាធិបតីរុស្ស៊ី និងដាក់ទោសជនល្មើសឱ្យទទួលខុសត្រូវ បន្ទាប់ពីគ្រូពេទ្យបានរកឃើញសំណាកសារធាតុពុលនៅក្នុងខ្លួនរបស់គាត់។
អ្នករិះគន់ប្រធានាធិបតីរុស្ស៊ី លោក ណេវ៉លនី (Navalny) កាលពីសប្តាហ៍មុនបានដួលក្នុងយន្ដហោះបន្ទាប់ពីផឹកតែ ពេលកំពុងធ្វើដំណើរទៅធ្វើយុទ្ធនាការនៅស៊ីបេរី។ គាត់ត្រូវបានគេបញ្ជូនទៅប្រទេសអាល្លឺម៉ង់ដើម្បីព្យាបាលកាលពីថ្ងៃសៅរ៍។
ប៉ុន្តែវេជ្ជបណ្ឌិតអាល្លឺម៉ង់ដែលព្យាបាលលោក ណេវ៉លនី (Navalny) នៅឯមន្ទីរពេទ្យទីក្រុងប៊ែកឡាំង បាននិយាយកាលពីថ្ងៃចន្ទថា ការពិសោធន៍វេជ្ជសាស្រ្ដបានបង្ហាញថា សារធាតុពុលនោះមានលាយជាតិ cholinesterase ខ្លះៗ បើទោះបីជាសារធាតុជាក់លាក់មិនទាន់ត្រូវបានគេដឹងច្បាស់ក៏ដោយ។
លោកស្រី មឺកែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមជាមួយរដ្ឋមន្រ្តីក្រសួងការបរទេស ហេយកួ ម៉ាស (Heiko Maas) ថា៖ «ដោយមើលឃើញពីតួនាទីលេចធ្លោរបស់លោក ណាវ៉ាលីន នៅក្នុងក្រុមប្រឆាំងនយោបាយនៅប្រទេសរុស្ស៊ី ឥលូវនេះអាជ្ញាធរបានអំពាវនាវជាបន្ទាន់ឱ្យស៊ើបអង្កេតឧក្រិដ្ឋកម្មនេះឱ្យបានលម្អិតនិងធ្វើឱ្យមានតម្លាភាពពេញលេញ»។
មន្ទីរពេទ្យ ប័រលីន ឆារាយ (Berlin’s Charite) ដែលស្ថិតនៅក្នុងទីក្រុងប៊ែកឡាំង បានឱ្យដឹងថា ក្រុមគ្រូពេទ្យបានពិនិត្យរាងកាយរបស់ជនរងគ្រោះយ៉ាងល្អិតល្អន់នៅពេលដែលរាងកាយជនរងគ្រោះមកដល់។ បន្ទាប់មក មន្ទីរពេទ្យបានអះអាងថា សារធាតុពុលជាក់លាក់មិនទាន់ត្រូវបានរកឃើញនោះទេ ប៉ុន្តែការធ្វើតេស្ដតាមដាននឹងត្រូវតែបន្ត។
ដោយឡែក មន្ត្រីសុខាភិបាលរុស្ស៊ីបែរជាជំទាស់នឹងការធ្វើរោគវិនិច្ឆ័យរបស់អាល្លឺម៉ង់ ដោយនិយាយថា លោក ណេវ៉លនី (Navalny) បានធ្វើតេស្តអវិជ្ជមានចំពោះសារធាតុ Cholinesterase នៅពេលដែលគាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនៅ Omsk កាលពីសប្តាហ៍មុន។
បច្ចុប្បន្ន លោក ណេវ៉លនី (Navalny) កំពុងសម្រាកព្យាបាលដោយប្រើថ្នាំបន្សាបមួយប្រភេទដែលមានឈ្មោះថា atropine ដែលជាថ្នាំធ្លាប់ប្រើទៅលើលោក Sergei Skripal ដែលជាអតីតចារកិច្ចរុស្ស៊ី និងកូនស្រីរបស់លោកដែលត្រូវបានបំពុលកាលពីឆ្នាំ២០១៨៕