បទ​យក​ការណ៍​៖​ នៅ​​តាកែវ​គ្រួសារ​​អ្នក​​ចំណាក​ស្រុក​​ប្តូរ​​ទៅ​​លក់​​កណ្តុរ​​វិញ​​អំឡុង​​ពេល​​កូ​វីដ​១៩​​

សត្វកណ្តុរស្រែចាប់នៅឯស្រុកកោះអណ្តែត ត្រូវបានលក់ឱ្យឈ្មួញកណ្តាលក្នុងតម្លៃចន្លោះពី៤០០០ទៅ៥០០០រៀល (១ដុល្លារ ទៅ ១,២៥ដុល្លារ) ក្នុងមួយគីឡូក្រាម។ (Ananth Baliga

ខ្លឹមសារ​គោល៖ នារ​ដូវ​វស្សា​មាន​ទឹកឡើង​ក្នុង​ស្រែ​នៅ​ទូទាំង​ស្រុក​កោះអណ្តែត​ ខេត្តតាកែវ ជាហេតុ​នាំ​ឱ្យ​សម្បូរ​ពួក​សត្វ​កកេរ។ ដោយសារតែ​សេដ្ឋកិច្ច​សកលលោក​កំពុង​ធ្លាក់ចុះ ហើយ​បណ្តាល​ឱ្យ​មនុស្សជា​ច្រើន​បាត់បង់​ការងារ​ធ្វើ អ្នកខ្លះ​ក៏​កំពុងតែ​ប្តូរ​មុខរបរ​ទៅ​ចាប់​កណ្តុរ​ហើយ​នាំចេញ ដើម្បី​សម្រាល​បន្ទុក​ចំណាយ​ក្នុង​ជីវភាព។

ស្រុក​កោះអណ្តែត ខេត្តតាកែវ – កាលពី​ចុងខែ​កក្កដា នៅ​ខេត្តតាកែវ បុរស​ម្នាក់​ឈ្មោះ ឡោ សំអាត បាន​បើក​ធុង​ដាក់​ទឹកកក​ពណ៌​ទឹកក្រូច ដើម្បី​យក​ទឹកកក​មួយដុំ​ចេញពី​ធុង​នោះ។ បន្ទាប់មក គាត់​បាន​បន្ត​កាត់ទឹក​កក​នោះ​ជា​ដុំ​តូច​ៗ ហើយ​ដុំទឹកកក​ទាំងនោះ​ក៏​ខ្ទាតទៅគ្រប់ទិស នៅពេល​ដែល​គាត់​ចៀរ​ជា​ដុំ​តូច​ៗប៉ុន​ផ្លែ​ទំពាំងបាយជូរ។

បុរស​អត់​ពាក់អាវ​បញ្ចេញ​ទ្រូង​រូប​នេះ​ក៏បាន​ដាក់​ដុំទឹកកក​មួយ​ដុំ​ៗចូល​ទៅ​ក្នុង​ទ្រុង​នី​មួយ​ៗធ្វើ​ពី​សរសៃដែក​នៅ​ទីធ្លា​មុខ​ផ្ទះ។ ទ្រុង​នី​មួយ​ៗពេញដោយ​សត្វ​កណ្តុរ​ស្រែ​ដែល​មាន​ងាប់​ខ្លះ។ ទឹកកក​អាច​ឱ្យ​សត្វ​ព​ពួក​កកេរ​នេះ​នៅ​មាន​ជាតិទឹក និង​រស់​តាមផ្លូវនៅពេល​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​វៀតណាម​ដើម្បី​លក់។ 

លោក សំអាត និង​ភរិយា​របស់​លោក​ឈ្មោះ ទុំ សុខ ស្ថិត​ក្នុងចំណោម​ឈ្មួញ​កណ្តាល​ជាច្រើន​នាក់ ដែល​បាន​ប្រមូល​ទិញ​សត្វ​កណ្តុរ​ដែល​អ្នកភូមិ​បាន​ចាប់ នៅក្នុង​ស្រុក​កោះអណ្តែត ខេត្តតាកែវ។ រដូវវស្សា​ទឹកឡើង​ពេញ​ស្រែ​នៅ​ទូទាំង​ស្រុក​កោះអណ្តែត​ ខេត្តតាកែវ ជាហេតុ​នាំ​ឱ្យ​សម្បូរ​ពួក​សត្វ​កកេរ​ពណ៌ប្រផេះ​ប៉ុន​ផ្លែ​ត្នោត​នេះ។ 

បន្ទាប់មក​ទៀត សត្វ​កណ្តុរ​ដែល​ជា​ធម្មតា​រក​ចំណី​ក្នុង​ស្រែនិង​ស៊ី​កួរស្រូវ​នោះ ត្រូវ​បាន​នាំចេញ​ទៅ​ប្រទេស​វៀតណាម ជាទី​ដែល​ពួក​វា​ត្រូវ​បាន​គេ​យក​ទៅ​ចម្អិននិង​ទទួលទាន។ អ្នកភូមិ​ជាច្រើន​ធ្វើជា​ខ្មាស នៅពេល​អ្នកយកព័ត៌មាន​សួរ​អំពី​ជោគវាសនា​របស់​សត្វ​កណ្តុរ​ដែល​ត្រូវ​បាន​នាំចេញ​ទាំងនោះ។ មានតែ​លោក សំអាត ប៉ុណ្ណោះ​ដែល​លាន់​មា​ត់​ខ្លាំង​ៗថា៖ «គេ​ស៊ី​វា​ហ្នុង»។ 

អ្នកស្រី សុខ អាយុ៤៨ឆ្នាំ​ បាន​និយាយ​ថា ពួក​គាត់​បាន​ឈប់​ទិញ​សត្វ​កណ្តុរ​ពី​អ្នកភូមិកាលពី​មេសានិង​ដើមខែ​ឧសភា ពីព្រោះ​ព្រំដែន​វៀតណាម​ត្រូវ​បាន​គេ​បិទ​ក្នុង​ខែមីនា ដោយសារតែ​មាន​ករណី​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩។

អ្នកស្រី​បាន​បន្ត​ថា ទើបតែ​នៅ​ចុងខែ​ឧសភា ពួក​គាត់​អាច​បញ្ជូន​សត្វ​កណ្តុរ​រស់​ៗឱ្យ​ឆ្លងកាត់​ព្រំដែន​ឡើងវិញ​បាន ពេលខ្លះ​តាមផ្លូវគោក ពេលខ្លះ​តាមផ្លូវទឹក។

អ្នកស្រី សុខ និង​លោក សំអាត ដែល​មាន​អាយុ៥១ឆ្នាំ បានឱ្យ​ដឹង​ថា បន្ទាប់ពី​បាន​ចាប់ផ្តើម​អាជីវកម្ម​របស់​ពួក​គាត់​ឡើងវិញ ពួក​គាត់​កត់សម្គាល់​ឃើញថា អ្នកភូមិ​ក៏​នាំគ្នា​ចាប់​កណ្តុរ​ច្រើន​ឡើង​ៗ ហើយ​លក់​ឱ្យ​ឈ្មួញ​កណ្តាល​នៅក្នុង​មូលដ្ឋាន​ស្រុក​របស់​ពួក​គាត់។

អ្នកស្រី សុខ បាន​ពោល​ដូច្នេះ​ថា៖ «ឥលូវគេ​នាំគ្នា​លក់​កណ្តុរ​ច្រើនណាស់ ព្រោះ​គេ​អត់មាន​ការងារ​ធ្វើ ដើម្បី​យក​លុយ​ទិញ​ម្ហូប»។

លោក ឡោ សំអាត ឈ្មួញ​ទិញ​លក់​សត្វ​កណ្តុរ ដាក់​ទឹកកក​មួយដុំ​ទៅ​ក្នុង​ទ្រុង ដើម្បី​ឱ្យ​សត្វ​កណ្តុរ​មាន​ជាតិទឹក​នៅពេល​ដឹក​ទៅ​ឆ្លងកាត់​ព្រំដែន​វៀតណាម។ (Ananth Baliga​)

ស្រ្តី​ម្នាក់​ជិះ​ម៉ូតូ​មក​ដោយមាន​ទ្រុង​ធំ​មួយ​ភ្ជាប់​នៅ​ខាងក្រោយ​ម៉ូតូ ហើយ​មានកូន​ស្រី​ម្នាក់​អង្គុយ​នៅចន្លោះ​គាត់និង​សត្វ​កណ្តុរ។

ទោ​ចក្រ​យាន្ត​នេះ​បាន​ចូល​ទៅ​ទីធ្លា​មុខ​ផ្ទះ​របស់​អ្នកស្រី សុខ និង​លោក សំអាត ហើយ​កូនប្រុស​របស់​ពួក​គាត់​យក​ទ្រុង​កណ្តុរ​មក​ថ្លឹង ហើយ​រលាក់​ទ្រុង​នោះឱ្យ​កណ្តុរ​ដែល​មាន​ចំនួន​ប្រហែល២៥ក្បាល​ធ្លាក់​ចូល​ទៅ​ក្នុង​ទ្រុង​របស់​គ្រួសារ​ខ្លួន។ បន្ទាប់ពី​អាប់លុយ​ជា​ប្រាក់​រៀល​រួច ស្ត្រី​នោះនិង​កូនស្រី​របស់​គាត់​ក៏បាន​ចាកចេញ​ទៅ​ដោយ​មិនបាន​និយាយ​អ្វី​ច្រើន​ទេ។

អ្នកស្រី សុខ បាន​ពន្យល់​ដូច្នេះ​ថា៖ «មាន​គេ​មក​លក់​ច្រើនណាស់។ ឱ្យ​តែ​គេ​ចាប់បាន យើង​ទិញ​យក តែបើ​គេ​នៅ​វៀតណាម​មិន​ទិញ​យើង​ទេ យើង​ក៏​មិនដឹងជា​ទិញ​ពី​គាត់​ម៉េច​ដែរ។»

អ្នកស្រី​បានឱ្យ​ដឹង​ទៀត​ថា៖ «តម្លៃ​បាន​ធ្លាក់ចុះ​ពី៥០០០រៀល (ប្រហែល១,២៥ដុល្លារ​) ក្នុង​មួយ​គីឡូក្រាម មក​នៅ៤៥០០រៀល (១,១០ដុល្លារ) នា​ខែភ្លៀង​ដែល​ចាប់ផ្តើម​ក្នុង​ខែឧសភា»។

អ្នកស្រី សុខ បានឱ្យ​ដឹង​ថា ចំនួន​អ្នកចាប់​សត្វ​កណ្តុរ​បាន​កើនឡើង​នៅក្នុង​ស្រុក​របស់​អ្នកស្រី ដែល​ភាគច្រើន​ដោយសារតែ​ពួក​គាត់​ឈប់​ធ្វើការ ហើយ​មានឱកាស​ការងារ​តិចតួច តាំងពី​មាន​ករណី​រីក​រាលដាល​ជាសកល​នៃ​ជំងឺ​កូ​វីដ​១៩ លើកលែងតែ​ការងារ​នៅ​លើ​ស្រែ​ទេ។

អ្នកស្រី​បាន​និយាយ​សំដៅ​ដល់​សកម្មភាព​លក់​សត្វ​កណ្តុរ​នេះ​ថា៖ «វា​ជា​រឿង​ល្អ​តើ​! សម្រាប់​អ្នកភូមិ។ គាត់​អាច​រកបាន​តិចណាស់​ក៏១ម៉ឺនដែរ (២,៥ដុល្លារ) ទៅ ១៥០០០ (៣,៧៥ដុល្លារ) ដែរ​ក្នុង​មួយថ្ងៃ​។»

ក៏ប៉ុន្តែអ្នកភូមិ​នៅ​ស្រុក​កោះអណ្តែត​បាន​លើកឡើង​ថា ប្រាក់ចំណូល​រកបាន​ពី​សកម្មភាព​លក់​សត្វ​កណ្តុរ​នេះ​មាន​ចំនួន​តិចតួច​ណាស់ ពោល​គឺ​បាន​ត្រឹមតែ​អាច​លៃលក​តម្រូវការ​មូលដ្ឋានដូចជាអង្ករ​ជាដើម​ប៉ុណ្ណោះ។ ការងារ​នេះ​ទាមទារ​ឱ្យ​មានស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់និង​នឿយហត់​ខ្លាំង ប៉ុន្តែ​បាន​ចំណូល​តិចតួច។

ប្រជែង​គ្នា​ដើម្បី​សត្វ​កណ្តុរ​

លោក ចាន់ វ៉ាន់​ដេ​ត ជា​កសិករ​នៅ​ភូមិ​ចំ​បក់​ឯម ស្រុក​កោះអណ្តែត ជិះទូក​រយៈពេល៣០នាទី​រៀងរាល់ថ្ងៃ ទៅ​ស្រែ​នៅ​ក្បែរ​ព្រំ​ដែន​វៀតណាម ដើម្បី​ចាប់​សត្វ​ស្មោកគ្រោក​ទាំងនេះ។ នៅពេល​នៅ​ស្រែ លោក វ៉ាន់​ដេ​ត មិន​ប្រើ​អន្ទាក់ឬសំណាញ់​ទេ។ លោក​ប្រើ​តែ​ដៃទទេដើម្បី​ចាប់​កន្ទុយ​សត្វ​កណ្តុរ​ចេញពី​រូង ជាហេតុ​បណ្តាល​ឱ្យ​យូរ​ៗម្តង​លោក​ត្រូវ​សត្វ​កណ្តុរ​ខាំ នាំ​ឱ្យ​មាន​ស្លាកស្នាម​នៅ​លើ​ដៃ។

សកម្មភាព​ចាប់​ពួកសត្វ​​កកេរ​តា​មរ​បៀ​បធម្មតា​នេះ​ មាន​ភាពយឺត​យ៉ាវនិង​លំបាក។ លោក វ៉ាន់​ដេ​ត បាន​លើកឡើង​ថា ចំនួន​មនុស្ស​នៅស្រែ​មាន​កាន់តែ​ច្រើន​ឡើង​ៗ ដោយសារតែ​ត្រូវ​ប្រជែង​គ្នា​ចាប់​សត្វ​កណ្តុរ​ដែល​មាន​ចំនួន​នៅ​ដដែល។

លោក​បា​នពោលដូ​ច្នេះ​ថា៖ «គេ​មករ​កកណ្តុរ​ហ្នឹង​ស្ទើរតែ​ពេញ​មួយ​ភូមិ​ទៅ​ហើយ ហើយ​ពេលថ្ងៃ​ភូមិ​ឡើង​ស្ងាត់។ បើ​មានការ​ងារ​ស្រួល​ធ្វើ​ផ្សេង ខ្ញុំ​មិន​មក​ទេ ព្រោះ​វា​ពិបាក​ណាស់ ហើយ​ចាប់​កណ្តុរ​មិនបាន​ច្រើន​ទៅទៀត​ហ្នឹង​។»

លោក វ៉ាន់​ដេ​ត បានឱ្យ​ដឹង​ទៀត​ថា គ្រួសារ​របស់​លោក​មាន​ស្រែ​មួយ ហើយ​ពួក​គាត់​អាច​លក់​ស្រូវ​បាន ប៉ុន្តែ​លុះត្រាតែ​ឈ្មួញ​វៀតណាម​ទិញ​ស្រូវ​ទាំងនោះ ហើយ​ផ្តល់​តម្លៃ​ល្អ។ លោក​បាន​បញ្ជាក់​ថា តម្លៃ​ស្រូវ​ស្ថិតនៅ​ចន្លោះ​ប្រហែល​ពី៧០០ ០០០រៀល (១៧៥ដុល្លារ) ក្នុង​មួយ​តោន ពោល​គឺ​ធ្លាក់​ពី៩០០ ០០០រៀល (២២៥ដុល្លារ)។

សត្វកណ្តុរស្រែទើបតែចាប់បាន ហើយយកចេញពីទ្រុងដាក់ថ្លឹង នៅភូមិចំបក់ឯម ខេត្តតាកែវ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។ (Ananth Baliga)

លោក វ៉ាន់​ដេ​ត បានឱ្យ​ដឹង​ថា ដោយសា​តែ​ចំណូល​ពីមុខ​របរ​លក់​ស្រូវ​ធ្លាក់ចុះ​បែបនេះ គ្រួសារ​របស់​អាច​រកចំណូល​ផាត់​ចំណាយ​បាន​បន្តិចបន្តួច ពោល​គឺ​ប្រហែល៧,៥០ដុល្លារក្នុង​មួយថ្ងៃ​សម្រាប់​យក​ទៅ​ទិញ​ម្អូបនិង​បំពេញ​តម្រូវការ​ចាំ​បាច់​ផ្សេង​ៗទៀត។

ភរិយា​របស់​លោក​ឈ្មោះ ខៀន ថាច ដែល​កំពុង​គេង​លើ​អង្រឹង បាន​លើកឡើង​ថា សព្វថ្ងៃ​នេះ ដើម្បី​ទទួល​បានការ​ងារ​ធ្វើ មានតែ​ធ្វើដំណើរ​ទៅ​ទីក្រុង​ភ្នំពេញ ប៉ុន្តែ​មិន​ធានា​ថា ពួក​គាត់​អាច​រក​ការងារ​បាន​ធ្វើ​ទេនៅក្នុង​វិស័យ​នានា​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​ដូចជា វិស័យ​កាត់ដេរនិង​វិស័យ​សំណង់​ជាដើម។

អ្នកស្រី ថាច បាន​ពោល​ថា៖ «ប្រជាជន​នៅ​ហ្នឹង​គ្មាន​ការងារ​ធ្វើ​ទេ។ គ្មាន​ស្អី​ផ្សេង​ធ្វើ​ទេ​ក្រៅពី​ចាប់​កណ្តុរ​នោះ។ ពួក​ខ្ញុំ​ពេញចិត្ត​នឹង​លុយ​ប៉ុ​ណ្ណឹង ព្រោះ​ធ្វើស្រែ​ឥលូវ​មិនសូវ​ល្អ​ទេ​។»

លោក ញឹប ស្រ៊​ន ប្រធានមន្ទីរ​កសិកម្ម​ខេត្តតាកែវ ដំបូង​ឡើយ​បាន​បដិសេធ​ថា អំឡុង​ពេល​ជំងឺ​កូ​វីដ​១៩កំពុង​រីក​រាលដាល​នោះ សត្វ​កណ្តុរ​មិន​ត្រូវ​បាន​គេ​ជួញដូរ​ទេ ប៉ុន្តែ​នៅពេល​អ្នកយកព័ត៌មាន​ខិតខំ​ចាក់​សួរ លោក​បាន​បញ្ជាក់​ថា សត្វ​កណ្តុ​រកំ​ពុង​ត្រូវ​បា​នដឹ​កញ្ជូន​ឆ្លងកាត់​ព្រំដែន​វៀតណាម។ 

លោក ស្រ៊​ន បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ ​ថា​តើសត្វ​កណ្តុរ​រស់​អាច​ជា​ការបង្កើត​បញ្ហា​ដល់​សុខភាព​ដែរ​ឬយ៉ាងណា ជាពិសេស​នៅ​អំឡុង​ពេល​មាន​វិបត្តិ​ជំងឺឆ្លង​នេះដែល​បាន​សម្លាប់​មនុស្ស​ជាង៧៣០ ០០០នាក់​នៅ​ទូទាំង​ពិភពលោក។

ក្រសួងសុខាភិបាល​បាន​រាយការណ៍​ថា គិត​ចាប់តាំងពី​ខែមករា​មក មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន២៦៨ករណី ក្នុង​នោះ​ជាសះស្បើយ​ចំនួន២២០នាក់និង៤៨នាក់កំពុង​សម្រាក​ព្យាបាល ប៉ុន្តែ​មិន​មាន​ករណី​ស្លាប់​ដោយសារតែ​ជំងឺឆ្លង​នេះ​ទេ ហើយក៏​មិន​មាន​ករណី​ឆ្លង​ត្រូវ​បាន​រាយការណ៍​នៅ​ខេត្តតាកែវ​ដែរ។

លោក ស្រ៊​ន បាន​គូសបញ្ជាក់​យ៉ាង​លឿន​ថា សកម្មភាព​ជួញដូរ​ក្រៅផ្លូវការ​កំពុង​ជួយ​អ្នកភូមិ​ឱ្យ​រកចំណូល​បាន ដោយថា គ្រួសារ​ប្រជាជន​ខ្មែរ​មួយចំនួន​រ៉ាប់រង​ចំណាយ​បាន​ច្រើន។ លោក​បាន​លើកឡើង​ពី​គុណប្រយោជន៍​នៃ​សកម្មភាព​ជួញដូរ​នេះចំពោះ​កសិករ​ដាំស្រូវ​ផង​ដែរ ដោយ​បញ្ជាក់​ថា កណ្តុរ​អាច​បំផ្លាញ​ស្រែ​បាន ប្រសិនបើ​ពួក​វា​មិន​ត្រូវ​បាន​កសិករ​ចាប់​ទេ​នោះ។

លោក​បាន​ពោល​បន្ថែម​ដូច្នេះ​ថា៖ «បើ​មិន​ចាប់​វា​លក់ឬបំផ្លាញ​វា​ទេ វា​នឹង​បំផ្លាញ​ដំណាំ​របស់​យើង។»

មន្ត្រី​កសិកម្ម​រូប​នេះ​បាន​ពន្យល់​ថា កណ្តុរ​ភាគច្រើន​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​វៀតណាម ពីព្រោះ​​ប្រទេស​នេះ ប្រជាជន​ចូលចិត្ត​ទទួលទាន​សត្វ​កណ្តុរ ហើយ​លោក​បាន​បន្ថែម​ថា ប្រជាជន​ខ្មែរ​ក៏​ទទួលទាន​សាច់សត្វ​កណ្តុរ​ដែរ។

លោក​បាន​មានប្រសាសន៍​ថា៖ «សត្វ​កណ្តុរ​ខ្មែរ​ស៊ី​ក្តាម ខ្យង កួរស្រូវ និង​ស្មៅ។ ដូច្នេះ ទទួលទាន​សាច់​កណ្តុរ​ មិន​មាន​អនាម័យ​ទេ​។»

លោក នុត ស៊ី​ណាត ប្រធានមន្ទីរ​សុខាភិបាល​ខេត្តតាកែវ បាន​លើកឡើង​ថា អ្នកភូមិ​គួរតែ​ប្រុងប្រយ័ត្ននៅពេល​ទទួលទាន​សាច់សត្វ​កណ្តុរ និង​ត្រូវ​ប្រាកដ​ថា វា​ត្រូវ​បាន​ចម្អិន​​ត្រឹមត្រូវ មុន​ពេល​ទទួលទាន។ លោក​បាន​បញ្ជាក់​ថា សកម្មភាព​ដឹក​សត្វ​កណ្តុរ​ទាំងនេះ​នៅក្នុង​លក្ខខណ្ឌ​គ្មាន​អនាម័យ អាច​បង្កបង្កើត​ឱកាស​ឆ្លង​ជំ​ងឺ​ផ្សេង​ៗទៅ​សត្វឬមនុស្ស។

លោក ស៊ី​ណាត បាន​បញ្ជាក់​ថា ក្តី​កង្វល់​ធំ​ផ្នែក​សុខភាព​នៅក្នុង​សកម្មភាព​ជួញដូរ​សត្វ​កណ្តុរ គឺជា​រឿង​ទីពីរ។ រឿង​សំខាន់​ គឺ​វា​ផ្តល់​លទ្ធភាព​ដល់​ប្រជាជនក្នុង​ការ​រក​ប្រាក់ចំណូល​ចូល​គ្រួសារ​បាន​ខ្លះ អំឡុង​ពេល​មានការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩។

លោក​បាន​មានប្រសាសន៍​ថា៖ «ប្រសិនបើ​គាត់​មិន​រក​របរ​ហ្នឹង​ទេ គាត់​នឹង​គ្មាន​លុយ​ទិញ​ម្អូ​បទេ។»

លោក តាន់ ផាន់​ណា​រ៉ា អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​បសុសត្វ និង​ផលិតកម្ម​សត្វ នៃ​ក្រសួង​កសិកម្ម មិន​អាច​ទំនាក់ទំនង​ធ្វើ​សេចក្តី​អត្ថា​ធិប្បាយ​បានទេ។

អង្គការសុខភាព​សត្វ​ពិភពលោក (OIE​) បាន​លើកឡើង​នៅក្នុង​សារ​អេឡិចត្រូនិច​ថា សត្វ​កណ្តុរ​អាច​ជា«ប្រភព​នៃ​ជំងឺឆ្លង​ជាច្រើន​»

អង្គការ​នេះ​បាន​លើកឡើង​ថា៖ «គួរតែ​មានកម្ម​វិធី​ផ្សព្វផ្សាយ​ឱ្យ​យល់ដឹង​អំពី​ជំងឺ​អាច​ចម្លង​ពី​សត្វ​មក​មនុស្សជា​ទូទៅ និង​គួរតែ​ជំរុញ​ឱ្យអនុវត្ត​វិធាន​កា​របង្កា​រសាមញ្ញ​ៗមួយចំនួន ដូចជា លាងដៃ មិន​យកដៃ​ទៅ​ប៉ះ​មាត់ឬភ្នែក [និង​] ពាក់​ម៉ាស់ នៅពេល​ចាប់​សត្វនិង​នៅពេល​កាន់​សត្វ​ទាំងនេះ។»

លើស​ពីនេះ​ទៅទៀត​ អង្គការ OIE បាន​លើកឡើង​កាលពី​ខែឧសភា​ថា មាន​សញ្ញា​បញ្ជាក់​ពី​ករណី​ទំនង​ថា ​ការ​ឆ្លង​ជំងឺ​កូ​វីដ​១៩ពី​សត្វ​សំពោច​អាមេរិក​ចញ្ចឹម​កើតជំងឺហើយ​ឆ្លង​ទៅ​មនុស្ស។

លោក ឡោ សំអាត និងអ្នកស្រី ទុំ សុខ ឈ្មួញទិញលក់សត្វកណ្តុរនៅខេត្តតាកែវ ទុកសត្វកណ្តុររបស់ខ្លួនជាប្រចាំថ្ងៃនៅទីធ្លាមុខផ្ទះមុនពេលបញ្ជូនទៅព្រំដែនវៀតណាម។ (Ananth Baliga)

ទាក់ទង​នឹង​វីរុស​ដែល​បង្ក​ឱ្យ​មាន​ជំងឺ​កូ​វីដ​១៩ អង្គការ​នេះ​បាន​អះអាង​ថា គិត​ត្រឹម​កាលពី​ចុងខែ​ឧសភា៖ «ភស្តុតាង​ពី​ឯកសារ​វាយតម្លៃ​ហានិភ័យ អង្កេត​ដំណើរការ​ឆ្លង​មេរោគ និង​លទ្ធផល​ពិសោធន៍ មិនបាន​បញ្ជាក់​ថា សត្វនៅ​រស់ឬផលិតផល​សត្វ​មាន​តួនាទី​ណាមួយ​ក្នុង​ការ​ចម្លងជំងឺ SARS​-CoV​-2-2 ទៅ​មនុស្ស​ទេ។»

អង្គការ​នេះ​បាន​លើកឡើង​បន្ថែម​ថា៖ «ករណី​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩សព្វថ្ងៃ​នេះ កើតឡើង​ដោយសារ​ចលនា​ចម្លង​ពី​មនុស្ស​ទៅ​មនុស្ស​។»

រសជាតិ​ដូច​សាច់​មាន់​

មុខរបរ​លក់​សត្វ​កណ្តុរ​នេះ​ផ្តល់​ផលប្រយោជន៍​តិចតួច​ដល់​អ្នកស្រី ជៀម នុត អាយុ៤០ឆ្នាំ ដែល​រស់នៅ​លើ​ដី​តូច​មួយ​ជាមួយ​បងប្អូន​ស្រី​ពីរ​នាក់ រួមទាំង​ប្អូនប្រុស​ម្នាក់​ដែលមានគ្រួសារ ​រស់នៅ​ជាមួយគ្នា​ទាំងអស់។ អ្នកស្រុក​កោះអណ្តែត​រូប​នេះ​បានឱ្យ​ដឹង​ថា សមាជិក​ទាំង​ប្រាំបី​នាក់​ក្នុងគ្រួសារ ​គ្មាន​ជម្រើស​ណា​ក្រៅពី​ក្រោកពីព្រលឹម​រៀងរាល់ថ្ងៃទៅ​រក​កណ្តុរ​នៅក្នុង​ស្រែ​ទេ។ 

វិបត្តិ​ជំងឺ​រីក​រាលដាល​នេះ​បាន​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ជីវភាពរស់នៅនិង​សេដ្ឋកិច្ច​គ្រួសារ​របស់​អ្នកស្រី ជាពិសេស​ក្រោយពេល​ដែល​ស្វាមី កូនប្រុស​ពេញវ័យ ប្អូនស្រី និង​ប្អូនថ្លៃ​របស់​អ្នកស្រី ត្រូវ​ត្រឡប់​ពី​ប្រទេស​ថៃ​វិញកាលពី​ខែមិថុនានិង​កក្កដា ដោយសារតែ​មិន​អាច​រង់ចាំ​ឱ្យ​សេដ្ឋកិច្ច​ធូរស្រាល​ឡើងវិញ​បាន។

អ្នកស្រី នុត ថាអ្នក​ទាំងបួន​បាន​ធ្វើការ​ជាមួយគ្នា​នៅ​រោងឈើ​មួយ​កន្លែង ហើយ​ជា​ធម្មតា​រក​ប្រាក់ចំណូល​បាន​មិន​តិច​ជាង២២៥ដុល្លារក្នុង​មួយ​ខែ​ទេ តាមរយៈ​ការ​ងារ​ផ្សេង​ៗដូចជា ឈូសនិង​ប៉ូលាឱ្យ​ផលិតផល​ឈើ​រលោង។ សមាជិក​គ្រួសារ​ទាំងបួន​នាក់ដែល​បាន​ធ្វើការ​នៅ​ឯប្រទេស​ថៃ ត្រូវ​បង់ប្រាក់​ម្នាក់ប្រហែល១០ដុល្លារក្នុង​មួយ​ខែ​ទៅ​ឱ្យ​អ្នក​ចងការ សម្រាប់​ទូទាត់​សង​ប្រាក់កម្ចី​ដែល​ពួក​គាត់​បាន​ខ្ចី ដើម្បី​យក​ទៅ​ធ្វើ​លិខិតឆ្លងដែន ធ្វើដំណើរ​ និង​រត់ការ​ឯកសារ​ទៅ​ប្រទេស​ថៃ។

អ្នកស្រី នុត បានឱ្យ​ដឹង​ទៀត​ថា ស្វាមី​និង​កូនប្រុស​​អ្នកស្រី បាន​ខ្ចីប្រាក់​ប្រហែល៥០០ដុល្លារសម្រាប់​រត់​ឯកសារ​របស់​ពួក​គាត់និង​បាន​សង​វិញ​ប្រហែល​ពាក់កណ្តាល​ហើយ។

អ្នកស្រី ជៀម ចិន្តា ដែលជាប្អូនស្រី​របស់​អ្នកស្រី នុត បានឱ្យ​ដឹង​ថា បងស្រីនិង​បងថ្លៃ​ប្រុស​របស់​អ្នកស្រី​ បាន​ខ្ចី​ប្រាក់ប្រហែល៦០០ដុល្លារសម្រាប់​រត់​ឯកសារ​និង​ប្រហែល៤០០ដុល្លារបន្ថែម​ទៀត​សម្រាប់​ចំ​ណាយ​ផ្សេង​ៗ។

អ្នកស្រី នុត បាន​ខ្ចីប្រាក់​បន្តិចបន្តួច​ទៀត​ពី​អ្នក​ចងការ ហើយ​អ្នកស្រី ចិន្តា ដែល​បាន​ត្រឡប់​មក​ពី​ធ្វើការ​នៅ​ប្រទេស​ថៃ​វិញ​កាលពី​ខែកក្កដា​នោះ កំពុងតែ​សងបំណុល​គេ សម្រាប់​ប្រាក់កម្ចី​ដែល​យក​ទៅ​ជួសជុលផ្ទះ​របស់​ពួក​គេ។

អ្នកស្រី នុត បាន​ពោល​ដូច្នេះ​ថា៖ «លំបាក​ណាស់ ព្រោះ​យើង​ត្រូវ​ចំណាយ​ច្រើន​។»

អ្នកស្រី ជៀម នុត ដែលរស់នៅក្នុងស្រុកកោះអណ្តែត ខេត្តតាកែវ បង្ហាញអាហារថ្ងៃត្រង់របស់អ្នកស្រីដល់អ្នកយកព័ត៌មាន ដែលជាសាច់សត្វកណ្តុរអាំងនិងពងទាចៀន កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។ (Ananth Baliga)

គ្រួសារ​នេះ​អាច​លៃ​លក​សងបំណុល​បាននៅពេល​ដែល​សមាជិក​ទាំងបួន​នាក់​បាន​ធ្វើការ​នៅ​ប្រទេស​ថៃ។ ប៉ុន្តែនៅពេល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ពួក​គាត់​បានដឹង​ច្បាស់​ថា មានការ​ងារ​តិចតួចឬគ្មាន​តែម្តងនៅក្នុង​ស្រុក​កោះអណ្តែត​នេះឬនៅ​ក្រុង​ផ្សេង​ៗ ជាហេតុ​បណ្តាល​ឱ្យ​ជីវភាពរស់នៅនិង​ការ​ទូទាត់​បំណុល​ជួប​ការ​លំបាក។

ខណៈ​ដែល​មន្ត្រី​នានា កាលពី​ប៉ុន្មានខែ​កន្លង​ទៅថ្មី​ៗនេះ បាន​លើកឡើង​ថា អ្នក​ចំណាកស្រុក​ដែល​ត្រឡប់មកវិញ គួរតែ​ត្រឡប់ទៅ​ស្រុកកំណើត​របស់​ខ្លួន ហើយ​ធ្វើស្រែ​ចម្ការ​វិញ ដើម្បី​ទ្រទ្រង់​ជីវភាពរស់នៅ។

ធនាគារពិភពលោក បាន​រាយការណ៍​កាលពី​ខែឧសភា​ថា វិស័យ​កសិកម្ម​ដែលមិនសូវ​ផ្តល់​ផលនោះ មិនទំនង​ជា​អាច​ជួយ​សម្រាល​បញ្ហា​បាត់បង់​ការងារនៅក្នុង​វិស័យ​សំ​ខាន់​ៗ ដូចជា វិស័យ​នាំចេញនិង​វិស័យ​ទេសចរណ៍​ជាដើម​ទេ ដោយសារតែ​ចលនា​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩បណ្តាល​ឱ្យ​សេដ្ឋកិច្ច​កំពុង​ធ្លាក់ចុះ។

អ្នកស្រី នុត បាន​និយាយ​ថា៖ «អ្នកមាន​ស្រែ​អាច​ធ្វើ​កសិកម្ម​បាន តែ​ពួក​យើង​គ្មានអ្វី​សោះ​ហ្នឹង។»

គ្រួសារ​នេះ​អាច​ចាប់​សត្វ​កណ្តុរ​បាន​ប្រហែល​បួន​ឬប្រាំ​ក្បាល​រៀងរាល់ថ្ងៃ ហើយ​លក់​កណ្តុរ​រស់​បាន​លើស១ដុល្លារបន្តិចបន្តួច​ប៉ុណ្ណោះក្នុង​មួយ​គីឡូក្រាម។ កណ្តុរ​ងាប់​ត្រូវ​បាន​យក​ទៅផ្ទះ​យ៉ាង​លឿន ហើយ​អាំង​ធ្វើជា​ម្ហូប​សម្រាប់​ថ្ងៃបន្ទាប់។

អ្នកស្រី នុត បាន​ខ្ចប់​សាច់​អាំង​ទុក​ឱ្យ​សមាជិក​គ្រួសារ​របស់​អ្នកស្រីដែល​ចេញទៅ​ស្រែ ហើយ​ទុក​ខ្លះ​សម្រាប់​អ្នកស្រី​ខ្លួនឯង​ទទួលទាន​ជាមួយ​ពង​ទា​ចៀនឬបាយ។

អ្នកស្រី ចិន្តា បាន​និយាយ​ថា៖ «ដូច​ញ៉ាំ​សាច់​មាន់ សាច់​ជ្រូក ឬសាច់គោ​អ៊ីចឹង។»

អ្នកស្រី​បាន​បន្ថែម​ថា វា​ជា​រឿង​ធម្មតា​ទៅ​ហើយដែល​អ្នកភូមិ​ក្នុង​តំបន់​នេះ​ទទួលទាន​សាច់​កណ្តុរ។

បងប្អូន​ស្រី​ទាំងពីរ​នាក់​នេះ​បានឱ្យ​ដឹង​ថា សកម្មភាព​ចាប់​សត្វ​កណ្តុរ​គឺជា​ប្រភព​ប្រាក់ចំណូល​តែមួយគត់សម្រាប់​គ្រួសារ​របស់​ពួក​គាត់ ហើយ​ពួក​គាត់​បារម្ភ​ខ្លាច​តែអ្នកភូមិ​ប្រឈមមុខនឹង​ស្ថានភាព​លំបាក​ជាង​នេះ​ទៀត ប្រសិនបើ​សេដ្ឋកិច្ច​នៅតែ​បន្ត​ធ្លាក់ចុះ​បែបនេះ។

អ្នកស្រី នុត ពោល​ទាំង​មិន​អាច​ទប់ទឹក​ភ្នែក​បាន​ថា៖ «បើ​នៅតែ​អីចឹង​ទៀត ប្រជាជន​នឹង​ដាច់​បាយ​ហើយ»៕

ប្រែសម្រួលពីអត្ថបទដើមជាភាសាអង់គ្លេស

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ