ក្រសួង​មហា​ផ្ទៃ​​នឹង​​ពិនិត្យ​​លើ​​ខ្លឹមសារ​​មាត្រា​​ចំនួន​១៤​នៃ​​ច្បាប់​LANGO​ ក្រោយ​ពី​​មាន​ការ​​ស្នើ​​ពី​សង្គម​​ស៊ីវិល​​

រដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង ក្នុងវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៣ នៅថ្ងៃ២៩ សីហា ២០១៩។

ក្រសួងមហាផ្ទៃ គ្រោង​ពិនិត្យ​ខ្លឹមសារ​នៃ​មាត្រា​ចំនួន១៤ នៃ​ច្បាប់​ស្តី​ពី «សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល» ដែល​ស្នើសុំ​វិសោធនកម្មដោយ​តំណាង​អង្គការ​សង្គម​ស៊ីវិល នៅ​ថ្ងៃសុក្រ​ចុង​សប្តាហ៍។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​មហាផ្ទៃ​ ចុះផ្សាយកាលពី​ថ្ងៃ២៥ ខែសីហា បាន​ឱ្យដឹង​ថា ក្រសួង​នឹង​រៀបចំ​កិច្ចប្រជុំ​ក្រុមការងារ​របស់​រដ្ឋាភិបាល ដើម្បី​សម្របសម្រួល​ដោះស្រាយ​សំ​ណើនិង​សំណូមពរ​របស់​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ពិនិត្យ​ខ្លឹមសារ​នៃ​មាត្រា​ចំនួន១៤ នៃ​ច្បាប់​ស្តី​ពី «សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល» ដែល​ស្នើសុំ​វិសោធនកម្ម​ដោយ​តំណាង​អង្គការ​សង្គម​ស៊ីវិល នៅ​ទី​ស្តី​ការក្រ​សួង​មហាផ្ទៃ។

មាត្រា​ទាំង១៤ដែល​សង្គម​ស៊ីវិលបាន​ស្នើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​នោះ រួមមាន មាត្រា១, ៧​, ៨, ៩, ១០​, ១១​, ២០​, ២៤​, ២៥​, ២៦​, ៣០​, ៣១​, ៣២ និង​មាត្រា៣៥ ។ ដោយឡែក មាត្រា​ចំនួន៣ផ្សេងទៀត រួមមាន មាត្រា៣ មាត្រា៤ និង​មាត្រា២៧ តំណាង​អង្គការ​សង្គម​ស៊ីវិល​ស្នើសុំ​រក្សាទុក​នូវ​ខ្លឹមសារ​ដើម​ដដែល។

រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អ្នកដឹកនាំ​សម្របសម្រួល​កិច្ចប្រជុំ​នេះ លោក ប៊ុ​ន ហុន មានប្រសាសន៍​បន្ថែម​លើ​សេចក្តី​ជូនដំណឹង​ថា ក្រុមការងារ​របស់​រដ្ឋាភិបាលនឹង​ប្រជុំ​ជាមួយ​ក្រុមការងារ​បច្ចេកទេស​របស់​ខ្លួន ដើម្បី​ពិនិត្យ​លើ​សំ​ណើសុំ​វិសោធនកម្មដោយ​តំណាង​អង្គការ​សង្គម​ស៊ីវិល ឱ្យ​ស្របតាម​រដ្ឋធម្មនុញ្ញនិង​ស្តង់ដារ​ច្បាប់អន្តរជាតិ។

លោក​បាន​ថ្លែង​ថា៖ «មាន​ក្រុមការងារ​បច្ចេកទេស អ្នកជំនាញ​របស់​រដ្ឋាភិបាល គាត់​ចូល​ពិនិត្យ រៀបចំ​ខ្លឹមសារឱ្យគ្រប់​ទៅតាម​ស្តង់ដារ​អន្តរជាតិ ជាពិសេស​ធានា​បាន​សេរីភាព​ដែល​រដ្ឋធម្មនុញ្ញ​យើង​ទទួលស្គាល់»។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គឹម​អេង បង្ហាញ​ការ​សាទរ​ចំពោះ​ការរៀបចំ​ប្រជុំ​ក្រុមការងារ​រដ្ឋាភិបាលដឹកនាំ​ដោយ​ក្រសួងមហាផ្ទៃ​នេះ ដើម្បី​សម្របសម្រួល​ដោះស្រាយ​សំ​ណើនិង​សំណូមពរ​របស់​សង្គម​ស៊ីវិល។ លោក​សង្ឃឹមថា ក្រសួង​នឹង​ធ្វើ​វិសោធនកម្ម​មាត្រា​ទាំងនោះ ដើម្បីកុំឱ្យ​ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញមតិនិង​ស្របតាម​គោលការណ៍​ប្រជាធិបតេយ្យ។

លោក​មានប្រសាសន៍​ថា៖ «ពាក់ព័ន្ធ​នឹង​មាត្រា​ទាំងអស់​ហ្នឹង គួរតែ​មានការ​ធ្វើការ​កែ​លម្អ បាន​អាច​ជួយ​លើកកម្ពស់​ការអនុវត្ត​សិទ្ធិ​សេរីភាពដែល​បាន​ចែង​នៅក្នុង​គោលបំណង​នៃ​ច្បាប់​[សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​]»។

លោក ស៊ឹង សែន​ករុណា មានប្រសាសន៍​ថា បើសិន​ក្រសួងមហាផ្ទៃ​មិន​ធ្វើតាម​ការ​ស្នើសុំ​កែសម្រួល​មាត្រា​ទាំង១៤នៃ​ច្បាប់​នេះ​ទេ នឹង​ធ្វើ​ឱ្យ​សេរីភាព​បញ្ចេញមតិនិង​លទ្ធិប្រជាធិបតេយ្យ​ដើរថយក្រោយ។

លោក​បន្ត​ថា៖ «គេ​បង្កើត​ច្បាប់​ដើម្បី​ទ្រទ្រង់ ដើម្បី​លើក​តម្លៃ​ទៅលើ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ប៉ុន្តែ​ច្បាប់​នេះបង្កើត​ឡើង​មក​ក្នុង​ន័យ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​កិច្ចការ​ងារក្នុង​ន័យ​រួមចំណែក​ដែល​ជា​ដៃគូ​រដ្ឋាភិបាល អញ្ចឹង​ប្រទេស​បែបហ្នឹងគឺជា​ប្រទេស​ដែល​មិនមែន​ប្រជាធិបតេយ្យ​ទេ»។

អ្នកស្រាវជ្រាវ​ពី​ការអភិវឌ្ឍសង្គម លោក មាស នី មានប្រសាសន៍​ថា នេះ​ជា​សញ្ញា​ល្អបើ​ក្រសួងព្រម​កែ​ខ្លឹមសារ​នៃ​ច្បាប់​នេះ​មែន ធ្វើឱ្យម្ចាស់​ជំនួយ សហគមន៍​ជាតិ និង​អន្តរជាតិ ជឿជាក់​លើ​ការដឹកនាំ​របស់​រដ្ឋាភិបាល ដើម្បី​ឈាន​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​មួយ​ពិតប្រាកដ។

លោក​និយាយ​ថា៖ «វា​អាច​បង្ហាញ​នូវ​មតិ​ជាតិនិង​អន្តរជាតិ ជាពិសេស​ម្ចាស់​ជំនួយ​ផង​ដែរ​ថា កម្ពុជា​ពិតជា​មាន​យន្ត​ការដែល​បើកឱ្យមាន​លំហ​សិទ្ធិ​សេរីភាព​នៅក្នុង​ការបង្កើត​សមាគមឬអង្គការ​នានា»។

ច្បាប់​ស្តី​ពី «សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល» មាន៩ជំពូកនិង៣៩មាត្រា ហើយ​ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើប្រាស់​នៅ​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥។ 

កាលពី​ថ្ងៃម្សិលមិញ អង្គការ​សមាគម​ប្រមាណ​ជិត១០០ស្ថាប័ន ក៏បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម ដោយ​បាន​ស្នើ​យ៉ាង​ទទូច​ដល់​ក្រសួងមហាផ្ទៃ ពន្លឿន​ការ​តាក់តែង​សេចក្តី​ព្រាងច្បាប់និង​ធ្វើ​វិសោធនកម្ម​ច្បាប់​ឱ្យ​បាន​ឆាប់​បំផុត​ ផ្តល់​ឱកាស​ដល់​ពួក​គេ​បាន​សិក្សា​បន្ថែម និង​បន្ត​សហការ​ជជែក​លើ​ខ្លឹមសារ​ជាក់ស្តែង​ក្នុង​សេចក្តី​ព្រាងច្បាប់​នេះ រហូតដល់​សេចក្តី​ព្រាងច្បាប់​វិសោធនកម្ម​ទាំងមូលត្រូវ​បាន​អនុម័ត​ដោយ​ស្ថាប័ន​នីតិ​បញ្ញត្តិ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ