មេ​ដឹក​នាំ​​ថៃ​​ប្រាប់​​បាតុករ​​ពី​​ក្តី​​បារម្ភ​​ចំពោះ​​ការ​​បែក​បាក់​​ជាតិ​​ធ្ងន់​ធ្ងរ​​

ក្រុមបាតុករធ្វើប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ាទម្លាក់លោក ប្រាយុទ្ធ ចាន់អូចា ចេញពីតំណែងនាយករដ្ឋមន្រ្តី ក្នុងទីក្រុងបាងកក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០។ (REUTERS/Chalinee Thirasupa)

មេដឹកនាំ​ថៃ លោក ប្រា​យុទ្ធ នៅ​ថ្ងៃម្សិលមិញ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ប្រាប់​ទៅ​ក្រុម​អ្នក​តវ៉ា​ដែល​ទាមទារ​ឱ្យ​លោក​ចុះចេញ​ពី​តំណែង ដោយ​លើកឡើង​ក្តី​បារម្ភ​ថា ពួក​គេ​កំពុង​បង្កើត​ការបែងចែក​កាន់តែ​ជ្រាលជ្រៅ​ក្នុង​សង្គម​ថៃ ​ដែល​អាច​បង្ក​ឱ្យដួល​រលំ​ឬបែកបាក់​ជាតិ​ធ្ងន់ធ្ងរ។

ក្នុង​សម្រង់​សម្តី​ពី​សារព័ត៌មាន Reuters នាយក​រដ្ឋមន្រ្តី​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចារ ថ្លែង​ថា ប្រសិន​ក្រុម​បាតុករ​បន្ត​ធ្វើការ​តវ៉ា​តទៅមុខ​ទៀត នោះ​ជាតិ​នឹង​ដួល​រលំ ហើយ​ថា បើ​រឿង​នោះ​កើតឡើង​មែន គ្រប់គ្នា​នឹង​ឋិត​ក្នុងទឹក​ដី​មួយ​ដែល​ហ៊ុមព័ទ្ធ​ដោយ​ភ្លើងកំហឹង។ 

តាម​ប្រភព​ដដែល មេដឹកនាំ​រដ្ឋប្រហារ​យោធា​ឆ្នាំ២០១៤ បន្ថែម​ថា លោក​បារម្ភ​ជា​ខ្លាំង​ចំពោះ​បញ្ហា​កំពុង​កើត​ឡើង ដែល​មិនដឹង​ពេលណា​នឹងអាច​បញ្ចប់។ ការព្រមាន​នេះ ធ្វើឡើង​បន្ទាប់ពី​ចលនា​បាតុកម្ម​ដឹកនាំ​ដោយក្រុម​និស្សិត​បាន​បន្ត​អស់​រយៈពេល១ខែនិង​កើន​អ្នកចូលរួម​ដល់​ជាង១ម៉ឺន​នាក់ ដើម្បី​ទាមទារ​ឱ្យ​មេដឹកនាំ​យោធា​ថៃ​ចុះចេញ​ពី​តំណែង​ប្រមុខ​រដ្ឋាភិបាល ហើយ​បង្កើត​រដ្ឋធម្មនុញ្ញ​និង​ការបោះឆ្នោត​ថ្មី​មួយ។ 

តាម​ប្រភព​ដដែល បាតុករ​មួយចំនួន​ក៏​អំពាវនាវ​ជា​ចំហ​ឱ្យ​មានការ​កែទម្រង់​របប​រាជា​និយម​ក្នុង​ប្រទេស ដែល​បាន​បង្កើត​ច្បាប់​រឹតត្បិត​សេរីភាព​បញ្ចេញមតិ​លើ​រាជវង្ស ដោយ​ដាក់ទោស​ទណ្ឌ​ជាប់ពន្ធ​នា​គារ​ដល់១៥ឆ្នាំ​លើ​ជន​ណា​ហ៊ាន​ប្រមាថ​មហាក្សត្រ។

ដោយឡែក ​ក្រុម​អ្នក​តវ៉ា​ផ្សេងទៀត បាន​ប្តេជ្ញា​បន្ត​ចលនា​ទាមទារ​ទៅមុខ​ទៀត​តាម​ការ​គ្រោងទុក​ដែល​ថា នឹង​ប្រមូល​ផ្តុំគ្នា​ធ្វើបាតុកម្ម​នៅ​ថ្ងៃទី១៩ ខែកញ្ញា ចំ​ថ្ងៃខួប​ព្រឹត្តិ​ការណ៍​រដ្ឋប្រហារ​យោធា​ឆ្នាំ២០០៦ ទម្លាក់​លោក ថា​ក់​ស៊ីន ចេញពី​តំណែង​នាយក​រដ្ឋមន្រ្តី។

នៅ​ថ្ងៃម្សិលមិញ​នោះ​ដែរ សមត្ថកិច្ច​ថៃ​បាន​បង្កើន​ការ​បង្ក្រាប​ទៅលើ​ក្រុម​មេដឹកនាំ​បាតុកម្ម ដោយ​ការ​ចាប់ខ្លួន​សមាជិក​ក្រុម​យុវជន​ដើម្បី​សេរីភាព ឈ្មោះ ថា​តធីប រឿង​ប្រា​ផៃ​កិត​សេរី (Tattep Ruangprapaikitseree​) និង​ដៃគូ​ឈ្មោះ ផា​នូ​ម៉ាស់ ស៊ីង​ព្រំ (Panumas Singprom​)។

ផា​តធីប ត្រូវ​បាន​គេ​មើលឃើញ​ថា បាន​លើក​ម្រាមដៃ​បី​ឡើង​នៅពេល​រូបគេ​ត្រូវ​បាន​នាំ​ខ្លួន​ដល់​ស្ថានីយប៉ូល​ិស ដែល​សញ្ញា​ម្រាមដៃ៣នោះតំណាង​ឱ្យ​ចលនា​ទាមទារ៣ចំណុច​របស់​ពួក​គេ។ យ៉ាងណា រូបគេ​និង​ដៃគូ​ម្នាក់ទៀត​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ។

បើ​តាម​មេធាវី​ការពារ​ក្តី​ឱ្យ​អ្នក​ទាំងពីរ អាជ្ញាធរ​ថៃ​បាន​ចោទប្រកាន់​ពួក​គេ​ពី​បទ​បំពានច្បាប់​សន្តិសុខជាតិ និង​ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្នដែល​ហាមឃាត់​មិន​ឱ្យ​មានការ​ជួបជុំ​ជា​សាធារណៈ​ដើម្បី​ទប់ស្កាត់​និង​បង្ការ​ការ​រីក​រាលដាល​នៃ​ជំងឺ​ផ្លូវដង្ហើម​ថ្មី។

ផា​តធីប និង​ ផា​នូ​ម៉ាស់ គឺជា​មនុស្ស២នាក់​ក្នុងចំណោម១៥នាក់ដែល​បាន​រង​បទចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ចលនា​បាតុកម្ម​កាលពី​ថ្ងៃទី១៨ ខែកក្កដា។ កាលពី​ថ្ងៃអង្គារ មេធាវី​ការពារ​សិទ្ធិមនុស្ស លោក អា​នំ ណាំ​ផា (Anon Nampa​) ត្រូវ​បាន​ចាប់ខ្លួន​ជា​លើក​ទី៣ ក្រោម​បទចោទប្រកាន់​ស្រដៀងគ្នា ជុំវិញ​ការចូលរួម​របស់​លោក​ក្នុង​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល។

ដោយឡែក នៅ​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ មេដឹកនាំ​និស្សិត អ្នកចម្រៀង និង​សកម្មជន​នយោបាយ​មួយចំនួន​ត្រូវ​បាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ការចូលរួម​របស់​ពួក​គេ​ក្នុង​សកម្មភាព​បាតុកម្ម។ ​ពួក​គេ​មួយចំនួន​បាន​អំពាវនាវ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​តួនាទី​របស់​ព្រះមហាក្សត្រ បើ​ទោះជា​គ្មាន​ជន​ណា​ម្នាក់​ត្រូវ​បាន​ចោទ​ក្រោម​ច្បាប់​ប្រមាថ​ព្រះរាជា​ក្តី។

ឆ្លើយតប​បញ្ហា​នេះ នាយក​រដ្ឋមន្រ្តី​ថៃ លោក​ ប្រា​យុទ្ធ លើកឡើង​ថា ក្សត្រ​បច្ចុប្បន្ន​មិនបាន​ស្នើសុំ​ការ​កាត់ទោស​ណាមួយ​លើ​ពលរដ្ឋ​ដែល​ហ៊ាន​ប្រមាថ​ព្រះអង្គ​នោះ​ទេ ខណៈ​អ្នក​ដែល​ត្រូវ​បាន​ចាប់ខ្លួន​កន្លងមក​ត្រូវ​បាន​ដោះលែង​អស់ហើយ។

ថៃ​ជា​ប្រទេស​ដែល​មានការ​ធ្វើ​រដ្ឋប្រហារ​ច្រើន​ក្នុង​តំបន់ ​គិត​ពីឆ្នាំ១៩៣២ដល់​ឆ្នាំ២០១៤ ប្រទេស​នេះ​ធ្លាប់​រង​ការ​ធ្វើ​រដ្ឋប្រហារ​ដូរ​រដ្ឋាភិបាល​ចំនួន១៩ដង​ហើយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ