នាយករដ្ឋមន្ត្រីជប៉ុន លោក Abe Shinzo គ្រោងលាលែងចេញពីតំណែងនៅពេលឆាប់ៗខាងមុខនេះដោយសារបញ្ហាសុខភាព ដើម្បីផ្តល់តួនាទីនេះឱ្យអ្នកផ្សេងចូលកាន់បន្ត។
តាមសារព័ត៌មានជប៉ុន NHK ចុះផ្សាយនៅរសៀលនេះថា លោក Abe Shinzo នឹងធ្វើសន្និសីទសារព័ត៌មានពីការលាលែងចេញពីតំណែង ដោយសារតែបញ្ហាសុខភាព។ សារព័ត៌មាននេះចុះផ្សាយដោយយោងតាមប្រភពពីមន្ត្រីដែលនៅធ្វើការងារស្និទ្ធជាមួយលោក Abe Shinzo។
នៅក្នុងសប្តាហ៍នេះ លោក Abe បានទៅជួបវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យចំនួន២ដងហើយ ដោយសារតែបញ្ហាសុខភាព។
បើលោក Abe ពិតជាលាលែងចេញពីតំណែងតាមការគ្រោងទុកមែនគឺនេះជាលើកទី២ បន្ទាប់ពីឆ្នាំ២០០៧លោក បានដាក់ពាក្យលាលែងម្តងរួចមកហើយគឺដោយសារតែបញ្ហាជំងឺរលាកពោះវៀត ក្រោយពេលកាន់តំណែងបានមួយឆ្នាំ។ បន្ទាប់មកលោកចូលរួមប្រជែងតំណែងនាយករដ្ឋមន្ត្រីកាលពីឆ្នាំ២០១២ ទទួលការគាំទ្រច្រើនលើសលប់ពីពលរដ្ឋម្ចាស់ឆ្នោត៕