របាយការណ៍ក្រសួងសុខាភិបាល បញ្ជាក់ថា មិនមានករណីឆ្លងជំងឺកូវីដ១៩ថ្មីទេ ប៉ុន្តែមានអ្នកជាសះស្បើយពីជំងឺនេះម្នាក់ ជាជនជាតិចិន។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសុក្រនេះ បានលើកឡើងថា ករណីជាសះស្បើយពីជំងឺកូវីដ១៩ ជាជនជាតិចិន អាយុ ២០ឆ្នាំ ធ្វើដំណើរមកពីប្រទេសហ្វីលីពីន តាមជើងហោះហើរ មកដល់កម្ពុជានៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
ក្រសួងបន្តថា មិនមានករណីឆ្លងថ្មីនៅថ្ងៃទី២៧ ខែសីហា ហើយបើគិតចាប់តាំងពីថ្ងៃទី១៥ ខែសីហាមក គឺមានរយៈពេលពីរសប្តាហ៍ហើយ ដែលកម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ១៩ថ្មី។
សេចក្តីប្រកាសព័ត៌មានដដែល បន្តថា គិតត្រឹមព្រឹកថ្ងៃ២៨ ខែសីហា ឆ្នាំ២០២០នេះ មានមនុស្សចំនួន ២៧៣នាក់ហើយ ដែលត្រូវបានរកឃើញឆ្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ក្នុងនោះអ្នកជំងឺ ២៦៥នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងអ្នកកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន៨នាក់ ជាបុរស៕