កម្មករ-កម្មការិនីចំនួន៣៧៨នាក់ បម្រើការងារនៅរោងចក្រ ផេកធីក ខេមបូឌា (Pactics Cambodia Co,. Ltd) នៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បាននាំគ្នាតវ៉ាទាមទារឱ្យភាគីរោងចក្រទទួលយកថ្នាក់ដឹកនាំសហជីពប្រចាំរោងចក្រចំនួនពីរនាក់ចូលធ្វើការវិញ និងទូទាត់ប្រាក់ឈ្នួលព្រមទាំងអត្ថប្រយោជន៍ផ្សេងៗជូនកម្មករទៅតាមច្បាប់ស្តីពីការងារ។
អ្នកស្រី ចាន់ វន្នី កម្មការិនីរោងចក្រ ផេកធីក អស់រយៈពេល៩ឆ្នាំមកហើយ ប្រាប់វីអូឌីថា ថៅកែបានបញ្ឈប់ប្រធានសហឯករាជ្យសាមគ្គីនិយោជិតប្រចាំរោងចក្រ ឈ្មោះ ម៉េត រ៉ាត និងសកម្មជនសហជីពម្នាក់ទៀតឈ្មោះ ពឹង ទាវ ពីការងារ កាលពីអំឡុងខែមិថុនា ដោយមិនប្រាប់ពីមូលហេតុឡើយ។
អ្នកស្រីបន្តថា ភាគីរោងចក្រក៏មិនបានអនុវត្តការទូទាត់ប្រាក់ឈ្នួលអប្បបរមានិងអត្ថប្រយោជន៍ផ្សេងៗជូនកម្មករត្រឹមត្រូវតាមច្បាប់ស្តីពីការងារឡើយ ដោយបច្ចុប្បន្នប្រាក់ឈ្នួលគោលរបស់ពួកគាត់បានត្រឹមតែ១៥៥ដុល្លារ ខណៈការកំណត់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២០របស់រាជរដ្ឋាភិបាល មានចំនួន១៩០ដុល្លារ។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំគ្រាន់តែសំណូមពរឱ្យក្រុមហ៊ុនធ្វើអ្វីឱ្យត្រូវតាមច្បាប់។ ខ្ញុំធ្វើបាតុកម្មនេះមិនមែនទាមទារខុសនឹងច្បាប់ដែរ។ បើយើងជារោងចក្រហើយ ត្រូវផ្តល់ប្រាក់ខែគោលដល់កម្មករដូចរោងចក្រផ្សេងៗដែលគេកំពុងអនុវត្ត កុំឱ្យខុសពីគេឆ្ងាយពេក»។
ប្រធានគ្រប់គ្រងធនធានមនុស្សនៅរោងចក្រ ផេកធីក អ្នកស្រី ធឹម ថាវី អះអាងថា ការដែលខាងរោងចក្របញ្ឈប់ប្រធានសហជីព លោក ម៉េត រ៉ាត ពីការងារនោះ ដោយសារតែគាត់បានបៀតបៀនកេរ្តិ៍ខ្មាសទៅលើកម្មការិនីក្នុងរោងចក្រ និងបានផ្សព្វផ្សាយព័ត៌មានផ្ទៃក្នុងរបស់រោងចក្រចេញទៅខាងក្រៅដែលខុសពីគោលការណ៍របស់ក្រុមហ៊ុន។
ចំពោះការបញ្ឈប់សកម្មជនសហជីព លោក ពឹង ទាវ ពីការងារនោះ ត្រូវបានប្រធានផ្នែកគ្រប់គ្រងធនធានមនុស្សរូបនេះ បញ្ជាក់ថា ដោយសារលោក ពឹង ទាវ ប្រព្រឹត្តខុសបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន ដោយតែងតែមកធ្វើការងារយឺតម៉ោងនិងឈប់ដោយមិនបានជូនដំណឹងមុនជាដើម។
អ្នកស្រីបន្ថែមថា៖ «គាត់ [លោក ម៉េត រ៉ាត] ប្រព្រឹត្តខុសក្រមសីលធម៌ក្នុងក្រុមហ៊ុន ពេលម៉ោងធ្វើការងារគឺគាត់អត់ធ្វើការទេ គាត់បែរជាទៅបេះបួយ គាត់ចាប់ដៃចាប់ជើងបុគ្គលិកជាស្ត្រី ដូចជា លក្ខណៈថើប ដែលយើងមើលឃើញក្នុងកាមេរ៉ា ដែលជាអំពើអសីលធម៌ ជាអំពើរំលោភបំពានដែលក្រុមហ៊ុនមិនអនុញ្ញាតឱ្យធ្វើអីចឹងទេ ដែលមានចែងក្នុងបទបញ្ជាផ្ទៃក្នុងថាជាកំហុសធ្ងន់ដែលត្រូវបណ្តេញចេញ»។
តែយ៉ាងណា អ្នកស្រី ធឹម ថាវី សុំមិនធ្វើអធិប្បាយចំពោះករណីរោងចក្រមិនបានទូទាត់ប្រាក់ឈ្នួលអប្បបរមានិងអត្ថប្រយោជន៍ផ្សេងៗជូនកម្មករឱ្យស្របតាមច្បាប់នោះទេ ដោយអ្នកស្រីបង្វែរឱ្យទៅសួរថៅកែវិញ។
ប្រធានសហជីពឯករាជ្យសាមគ្គីនិយោជិតប្រចាំរោងចក្រ ផេកធីក លោក ម៉េត រ៉ាត បានច្រានចោលការចោទប្រកាន់របស់ភាគីរោងចក្រ ដោយថា លោកមិនបានទៅបៀតបៀនកេរ្តិ៍ខ្មាសបុគ្គលិកដូចការចោទប្រកាន់ឡើយ។ លោកបានចាត់ទុកការបញ្ឈប់រូបលោកនិងសកម្មជនសហជីពម្នាក់ទៀតពីការងារនេះ ថាជាការរើសអើងសហជីព។
លោកបន្ថែមថា៖ «មានចំណុចច្រើនណាស់ដែលក្រុមហ៊ុនហ្នឹងព្យាយាមរើសអើងមកលើសហជីព ខណៈដែលខ្ញុំបានចងក្រងសមាជិកសហជីពបានផុសផុល ដូចជា មិនឱ្យខ្ញុំដើរ មិនឱ្យខ្ញុំទៅជួបជាមួយកម្មករ មានបុគ្គលិកមកនិយាយជាមួយក៏មិនបាន ខ្ញុំនិយាយទៅរកបុគ្គលិកក៏មិនបានជាដើម»។
ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប លោក ច័ន្ទ សុុខុមចិត្តា មានប្រសាសន៍ថា វិវាទការងារនៅរោងចក្រនេះ ខាងមន្ទីរបានសម្របសម្រួលដោះស្រាយហើយ ប៉ុន្តែមិនសះជាគ្នា និងបានបញ្ជូនសំណុំរឿងនេះទៅក្រុមប្រឹក្សាអាជ្ញាកណ្តាលដោះស្រាយបន្ត។
លោកបន្តថា ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានបង្គាប់ឱ្យភាគីនិយោជកអនុវត្តទូទាត់ប្រាក់ឈ្នួលគោលជូនកម្មករតាមការកំណត់របស់រដ្ឋាភិបាលនិងទូទាត់ប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករ ប៉ុន្តែភាគីនិយោជកមិនអនុវត្ត។
លោកបញ្ជាក់ថា៖ «កន្លងមក យើងបានផ្សះផ្សារហើយ ប៉ុន្តែមិនសះជា យើងនឹងបញ្ជូនសំណុំរឿងទៅក្រុមប្រឹក្សាអាជ្ញាកណ្តាលដោះស្រាយបន្ត ប៉ុន្តែភាគីថៅកែជំទាស់។ យ៉ាងណាយើងខំពន្យល់ផ្លូវច្បាប់ដល់គាត់ថែមទៀត»។
ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា លោក ទូត កុសល ដែលចុះឃ្លាំមើលវិវាទការងារនេះ មានប្រសាសន៍ថា ករណីបញ្ឈប់ថ្នាក់ដឹកនាំសហជីពពីរនាក់និងមិនអនុវត្តទូទាត់ប្រាក់ឈ្នួលគោលឱ្យកម្មករតាមរដ្ឋាភិបាលកំណត់នោះ គឺជារឿងមិនត្រឹមត្រូវនិងខុសច្បាប់។
លោកបន្តថា ថៅកែអាចបញ្ឈប់កម្មករណាម្នាក់បានលុះត្រាតែកម្មករនោះមានកំហុសធ្ងន់ធ្ងរ ដូចជា លួចរបស់ក្រុមហ៊ុន បង្កអំពើហិង្សា និងក្លែងបន្លំឯកសារផ្សេងៗជាដើម។
លោកបន្ថែមថា៖ «ករណីគេបញ្ឈប់ថ្នាក់ដឹកនាំសហជីពនេះ មកពីគិតថា សហជីពហ្នឹងធ្វើឱ្យមានការរាំងស្ទះដល់ឬក៏ធ្វើឱ្យមានចលនាអ្វីមួយខ្លាំង អីចឹងគេមានការព្រួយបារម្ភ គេត្រូវទប់ស្កាត់ គេបញ្ឈប់ ដើម្បីបន្ថយកម្លាំងនិងឥទ្ធិពលរបស់សហជីព»។
បើតាមក្រុមកម្មករ រោងចក្រ ផេកធីក ខេមបូឌា ជារោងចក្រផលិតកាបូបយួរ ផលិតក្រណាត់ជូតវ៉ែនតា និងម៉ាស់ មានកម្មករសរុបជាង៥០០នាក់និងមានថៅកែជាជនជាតិហូឡង់៕