ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច និយាយថា កម្ពុជាក៏អាចកសាងប៉ុស្តិ៍ជាសំណង់រឹងដូចវៀតណាមបានដែរ ប្រសិនបើប្រទេសជិតខាងមួយនេះមិនព្រមរុះរើប៉ុស្តិ៍ដែលសាងសង់ចម្ងាយ១២០ម៉ែត្រពីព្រំដែនជាមួយកម្ពុជានោះទេ។
លោកបណ្ឌិត សុខ ទូច ក្នុងកិច្ចពិភាក្សាតុមូលស្តីពី «តើកម្ពុជាត្រៀមខ្លួនយ៉ាងដូចម្ដេចសម្រាប់ថ្ងៃនេះនិងថ្ងៃស្អែក?» ក្នុងរាជធានីភ្នំពេញ នាថ្ងៃសុក្រនេះ បាននិយាយថា ការដែលកម្ពុជាបាត់បង់កោះត្រល់ទៅវៀតណាមពីអតីតកាល ដោយសារតែខ្មែរគ្មានមាយាទ ខ្លាចរលកធ្វើដំណើរឆ្ងាយតាមផ្លូវទឹក ។
ប៉ុន្តែលោកថា បច្ចុប្បន្ន រដ្ឋាភិបាលបានបំពេញចំនុច៤សំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដីដែលលោកថាស្លាប់ទៅវិញក៏លោករីករាយដែរ។ លោកបន្តថា អ្វីជាមោទកភាពរបស់លោកដែលរដ្ឋាភិបាលបានធ្វើ គឺបង្គោលព្រំដែនដែលបន្សល់ទុកពីបារាំង ត្រូវរក្សាទុកដើម្បីកុំឱ្យប្រវត្តិសាស្ត្រចារថា លោក ហ៊ុន សែន កាត់ដីឱ្យវៀតណាម។ ដីនៅតាមព្រំដែនមិនត្រូវជួលឱបរទេស រួមទាំងការសាងសង់សំណង់រឹងណាមួយចម្ងាយ១៥០ម៉ែត្រពីខ្សែបន្ទាត់ព្រំដែន ត្រូវមានការឯកភាពពីប្រទេសទាំងពីរ។ លោកបានបន្ថែមថា ការកសាងផ្លូវតាមព្រំដែនក៏ជាចំណុចសំខាន់មួយដែលធ្វើឱ្យលោកពេញចិត្តចំពោះរដ្ឋាភិបាលសព្វថ្ងៃផងដែរ។
ជុំវិញករណីដែលវៀតណាមធ្វើប៉ុស្តិ៍យាមជាសំណង់រឹងនៅតាមខ្សែបន្ទាត់ព្រំដែនថ្មីៗ លោកបានលើកឡើងថា កម្ពុជានឹងមានវិធានការបន្តបន្ទាប់ ដូចជាត្រូវធ្វើកំណត់ទូតសួរទៅភាគីវៀតណាម និងជម្រើសចុងក្រោយធ្វើប៉ុស្តិ៍ជាសំណង់រឹងទល់មុខគ្នាតាមខ្សែបន្ទាត់ព្រំដែនដូចវៀតណាមដែរ។
លោកថា៖ «ទី២ បើ [វៀតណាម] មិនស្តាប់! កម្ពុជា អង្វរម្តងទៀត។ ទី៣ កម្ពុជាអាចធ្វើ១២០ម៉ែត្រទល់នឹងប៉ុស្តិ៍ហ្នឹងវិញ។ អាប៉ុស្តិ៍ប៉ុណ្ណឹងថ្លៃប៉ុន្មាន អាហ្នឹងដូចគ្នា វៀតណាមធ្វើបាន កម្ពុជាក៏ធ្វើបានដែរ។ រឿងអីទិញឡានអាតូយ៉ូតាល្អៗបាន ធ្វើតូបប៉ុណ្ណឹងមិនបាន។ យើងអត់ផ្ចាញ់ផ្ចាលទេ ប៉ុន្តែយើងបង្ហាញភាពស្មើគ្នាក្នុងប្រទេស អ្នកឯងធ្វើបាន កម្ពុជាក៏ធ្វើបានដែរ។ អាតូបប៉ុណ្ណឹងធ្វើបាន ប៉ុន្តែយើងធ្វើក្រោយវា»។
អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង មានប្រសាសន៍ថា ក្រសួងមិនទាន់បានធ្វើកំណត់ទូតផ្ញើទៅភាគីវៀតណាមនៅឡើយទេពាក់ព័ន្ធនឹងបញ្ហានេះ ដោយរង់ចាំ«របាយការណ៍ពីសាលាខេត្តនិងគណៈកម្មាធិការព្រំដែនសិន»។
ស្នងការនគរបាលខេត្តកណ្ដាល កាលពីថ្ងៃទី២៦ ខែសីហានេះ បានរាយការណ៍ថា កម្លាំងការពារព្រំដែនកម្ពុជាបានចុះទៅត្រួតពិនិត្យទីតាំងតង់់ចាស់របស់យោធាការពារព្រំដែនវៀតណាម នៅតំបន់មិនទាន់ឯកភាពគ្នានៃប្រទេសទាំងពីរ ក៏បានជួបភាគីវៀតណាមកំពុងសាងសង់តង់ថ្មីជាជម្រករឹងមាំធ្វើពីឈើសសរថ្ម កម្ពស់៣ម៉ែត្រ ទំហំ៥ម៉ែត្រគុណនឹង៤ម៉ែត្រ ដំបូលប្រក់ស័ង្កសី ដោយឃ្លាតពីខ្សែបន្ទាត់ព្រំដែនដែលកម្ពុជាគ្រប់គ្រងបច្ចុប្បន្នចម្ងាយប្រមាណ១២០ម៉ែត្រ។
ស្នងការដ្ឋានបានបន្តទៀតថា បើទោះជាកម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនក្អមសំណនិងកម្លាំងយោធាការពារព្រំដែនកង៦០១ បានស្នើឱ្យយោធាវៀតណាមបញ្ឈប់សកម្មភាពសាងសង់នោះជាច្រើនសារក៏ដោយ ប៉ុន្តែភាគីវៀតណាមមិនព្រមបញ្ឈប់ឡើយ ដោយថា ការសាងសង់ប៉ុស្តិ៍យាមរឹងមាំថ្មីឬជម្រករឹងមាំថ្មីនេះ គឺធ្វើតាមបញ្ជាថ្នាក់លើរបស់ខ្លួន។
អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ និយាយថា គិតត្រឹមថ្ងៃសុក្រនេះ វៀតណាមមិនទាន់បញ្ឈប់ការសាងសង់ប៉ុស្តិ៍ជាសំណង់រឹងនោះនៅឡើយទេ។ លោកបន្តថា ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា រួមទាំងមន្ត្រីកិច្ចការព្រំដែនផង កំពុងបន្តចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងតាមខ្សែបន្ទាត់ព្រំដែននៅឡើយ។
លោកថា៖ «យើងមិនមែនបណ្តោយទេ ប៉ុន្តែយើងធ្វើអីក៏ដោយ យើងធ្វើតាមច្បាប់តាមបច្ចេកទេស។ ក្នុងនាមជាប្រទេសកិច្ចសហប្រតិបត្តិការល្អ ឱ្យប្រទេសជាតិមានសុខសន្តិភាពជាធំ ធ្វើឱ្យប្រជាជនសុខសប្បាយជាធំ គេហៅថា មិនទូងទាំង មិនបញ្ចើចបញ្ចើ មួលបង្កាច់អីទេ។ អាហ្នឹងយើងត្រូវធ្វើតាមនីតិវិធីច្បាប់»។
អតីតមន្ត្រីបក្សប្រឆាំងដែលសកម្មកិច្ចការព្រំដែន លោក អ៊ុំ សំអាន និយាយថា ជាការល្អដែលរដ្ឋាភិបាលហ៊ានបង្ហាញប្រតិកម្មជុំវិញការរំលោភបំពានបូរណភាពទឹកដីពីប្រទេសវៀតណាម។ ប៉ុន្តែលោកថា រដ្ឋាភិបាលទំនងជាមិនហ៊ានធ្វើអ្វីឱ្យវៀតណាមមិនសប្បាយចិត្តនោះទេ។
អតីតមន្ត្រីបក្សប្រឆាំងរូបនេះផ្តល់ជាយោបល់ថា ដើម្បីទប់ស្កាត់ការឈ្លានពានណាមួយពីប្រទេសជិតខាង រដ្ឋាភិបាលគួរហ៊ានប្រើយន្តការអន្តរជាតិ ដូចជា ប្តឹងទៅសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជាដើម។
លោកថា៖ «រឿងបោះតង់ហ្នឹង ឥលូវក្លាយជាសំណង់រឹងទៅហើយ អាចប្តឹងវៀតណាមទៅតុលាការអន្តរជាតិទីក្រុងឡាអេ ដើម្បីឱ្យគេជួយដោះស្រាយបញ្ហាហ្នឹង ដូចកាលឆ្នាំ២០០៨ យើងធ្លាប់បានប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេដែរ »។
កន្លងទៅ កម្ពុជាធ្លាប់បានកោះហៅឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាឱ្យបំភ្លឺ ក្រោយពីយោធាវៀតណាមបានចល័តទីតាំងឈរជើងបោះតង់តាមបណ្តោយព្រំដែន២៥០កន្លែងក្នុងតំបន់មិនទាន់ឯភាពគ្នា ។
ប៉ុន្តែមកដល់ពេលនេះ អាជ្ញាធរកម្ពុជាអះអាងថា តង់ទាំងនោះភាគីវៀតណាមមិនទាន់រុះរើនៅឡើយទេ បើទោះបីមានការស្នើពីភាគីកម្ពុជាក៏ដោយ ដែលតង់មួយចំនួនត្រូវបានភាគីវៀតណាម ធ្វើជាសំណង់រឹង ។
កម្ពុជា-វៀតណាម មានព្រំប្រទល់ជាប់គ្នាប្រវែង១២៧០គីឡូម៉ែត ដែលបច្ចុប្បន្នភាគីទាំងពីរបានព្រមព្រៀងគ្នាបោះបង្គោលព្រំដែន ដើម្បីកំណត់ខ្សែបន្ទាត់ព្រំដែនបាន៨៤ភាគរយហើយ នៅសល់១៦ភាគរយទៀតនៅមិនទាន់ឯកភាពគ្នានៅឡើយ៕