ក្រសួងយុត្តិធម៌ប្រើរយៈពេល១០០ថ្ងៃ ដោះស្រាយសំណុំរឿងកកស្ទះបានជាង៨ពាន់

ក្រសួងយុត្តិធម៌។ រូបភាព៖ ជន ចាន់រ៉ែន

ក្រសួងយុត្តិធម៌បានឲ្យដឹងថា ​គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងព្រហ្មទណ្ឌ (គ.យ.ក.ស) ទូទាំង២៥រាជធានី-ខេត្ត បានចំនួនជាង៨ពាន់សំណុំរឿងក្នុងរយៈពេល១០០ថ្ងៃកន្លងមកនេះ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌ ចេញផ្សាយកាលពីថ្ងៃទី២៨ ខែសីហាថា ចាប់ពីថ្ងៃទី១៨ ខែឧសភា ដល់ថ្ងៃ២៨ខែសីហា ឆ្នាំ២០២០នេះ គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងព្រហ្មទណ្ឌនៅតាមសាលាដំបូងទូទាំងប្រទេសបានចំនួន៨១១៣សំណុំរឿង ស្មើនឹង៦៣% នៃសំណុំរឿងដែលកកស្ទះកន្លងមក។

សេចក្តីប្រកាសព័ត៌មានដដែលជំរុញនឹងលើកទឹកចិត្តដល់ស្ថាប័នពាក់ព័ន្ធ ជាពិសេសស្ថាប័នតុលាការ ដែលមានចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា មន្ត្រីរាជការ នៃអង្គភាពរដ្ឋបាលនៃសាលាជម្រះក្តីទាំងអស់ ពន្លឿនដោះស្រាយសំណុំរឿងកកស្ទះនៅសាលាដំបូងទូទាំងប្រទេសបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងវិស័យយុត្តិធម៌នៅកម្ពុជា ទើបសម្រេចបានតាមផែនការដែលគ្រោងទុក។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ដែលទើបឡើងកាន់តំណែងថ្មី បានអះអាងកាលពីថ្ងៃទី១៨ ខែឧសភាឆ្នាំ២០២០នេះថា អំឡុងប្រកាសបើកយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតុលាការ ខ្លួនបានសហការជាជួយអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីចាត់វិធានការដោយមិនយោគយល់ទៅលើមន្ត្រីយុត្តិធម៌ទាំងឡាយណាដែលឆ្លៀតយកឱកាសនេះប្រព្រឹត្តអំពើពុករលួយជាប្រយោជន៍ផ្ទាល់ខ្លួន។ បើតាមក្រសួង ភាពចង្អៀតណែនក្នុងពន្ធនាគារនឹងត្រូវកាត់បន្ថយបានពី ៥០ ទៅ​ ៧០ភាគរយ ត្រឹមរយៈ ៦ខែ គិតចាប់ពីថ្ងៃបើកយុទ្ធនាការនោះមក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ