អតីតមន្រ្តីបក្សសង្រ្គោះជាតិ២៨នាក់នៅកំពង់ចាមត្រូវតុលាការកោះហៅករណីញុះញង់​

លោក ប៉ែន ច័ន្ទសង្រ្គាម អតីតក្រុមប្រឹក្សាខណ្ឌមកពីគណបក្សសង្រ្គោះរាជធានីភ្នំពេញ និយាយក្នុងបាតុកម្មមួយកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។ (រូបថតពីវីដេអូផ្តល់ឱ្យ)

អតីតមន្រ្តីជាន់ខ្ពស់បក្សសង្រ្គោះជាតិ បានអះអាងថាអតីតសមាជិករបស់ខ្លួន​ចំនួន២៨នាក់​ត្រូវ​បាន​តុលាការខេត្តកំពង់ចាមកោះហៅឱ្យចូលខ្លួនឆ្លើយបំភ្លឺជុំវិញការចោទប្រកាន់​ញុះញង់​ឱ្យ​ប្រព្រឹត្តបទ​ឧក្រិដ្ឋជាអាទិ៍ ខណៈអតីតប្រឹក្សាខណ្ឌម្នាក់របស់បក្សនេះ​ក៏ត្រូវរងបទចោទ​ញុះញង់​ឱ្យមានចលាចលក្នុងរាជធានីភ្នំពេញផងដែរ។

អតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ​ដែលកំពុងរស់នៅក្រៅប្រទេស​បានបង្ហាញបញ្ជីឈ្មោះ​អតីត​មន្រ្តីរបស់ខ្លួនចំនួន២៨នាក់មកពីស្រុកចំនួននៃខេត្តកំពង់ចាម ដែលពួកគេទាំងនោះ​ធ្លាប់​ជាសមាជិកបក្ស ក្រុមប្រឹក្សាឃុំ សមាជិកយុវជនបក្សថ្នាក់ខេត្ត  អនុប្រធានភូមិម្នាក់ មេឃុំ និងអតីត​បេក្ខជនក្រុមប្រឹក្សាឃុំ​ជាដើម។ យោងតាមបញ្ជីនេះ អតីតសមាជិក​បក្សប្រឆាំង​ទាំងនោះត្រូវ​បាន​តុលាការ​បង្គាប់ឱ្យចូលខ្លួន​ចន្លោះពីថ្ងៃទី៣ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ដែល២៧នាក់ត្រូវហៅមកសាកសួរក្រោមបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងម្នាក់ទៀត​ក្រោមបទរួមគំនិតក្បត់។

លោក ឈន ចាន់ដែត ប្រធានស្តីទីលេខាធិការដ្ឋានសាលាដំបូងខេត្តកំពង់ចាម​ បានប្រាប់វីអូឌីថា​លោក​បានដឹង​ថាមានមនុស្ស១១នាក់ត្រូវបានចោទប្រកាន់ ឬហៅមកសាកសួរក្នុង​នាមជា​សាក្សីកាល​ពីចុងខែសីហា នៅពេលដែលអ្នកសារព័ត៌មានសួរពាក់ព័ន្ធនឹង​ករណីអតីត​មន្រ្តីបក្សសង្រ្គោះជាតិ។ ទោះយ៉ាងណាក៏ដោយ លោកថាលោកមិនអាចប្រាប់​ឈ្មោះអ្នក​ទាំង​នោះទេ ប៉ុន្តែលោកបានបញ្ជាក់បន្ថែមថា​ពិតជាមានឈ្មោះមនុស្ស២នាក់ក្នុងចំណោម​២៨នាក់​ដែលស្ថិត​ក្នុងបញ្ជីរបស់អតីតមន្រ្តីជាន់ខ្ពស់បក្សសង្រ្គោះជាតិ​មែន។ ពួកគេទាំង២នាក់នោះ​រួមមានឈ្មោះ ឡុច សុខផល និងមុត សុខខែម ដែលជាអតីតសមាជិកបក្សសង្រ្គោះជាតិក្នុង​ឃុំស្រង៉ែ ស្រុកព្រៃឈរ ហើយត្រូវចូលខ្លួន​ឆ្លើយបំភ្លឺនៅសាលាដំបូងខេត្តនៅថ្ងៃពុធ។

លោកបានបន្ថែមថាមនុស្ស៨នាក់ផ្សេងទៀតក៏ត្រូវបានចោទប្រកាន់ឬហៅមកឆ្លើយក្នុងនាមជាសាក្សីករណីញុះញង់​ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍កាលពីចុងខែកក្កដា។

លោកស្រី មួរ សុខហួរ អនុប្រធានអតីតគណបក្សសង្រ្គោះជាតិ​ បានបញ្ជាក់ថា​អ្នកដែលបាន​ចូលខ្លួនតាម​ការកោះហៅរបស់តុលាការ​ត្រូវបានសាកសួរដោយតុលាការ ប៉ុន្តែមិនត្រូវបានឃុំ​ខ្លួននោះទេ។

ស្នងការនគរបាលខេត្តកំពង់ចាម លោក ឯម កុសល បានឆ្លើយថាលោកកំពុងជាប់ប្រជុំ ខណៈ​អធិការ​នគរបាលស្រុកកងមាសលោក ជា ជួន ថាលោករវល់ខ្លាំងណាស់មិនអាចធ្វើការ​អត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ។ អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ចាម លោក ហាក់ ហន បាននិយាយថា​គាត់មិនមាន​ព័ត៌មានជុំវិញករណីទាំងនេះទេនៅពេលនេះ។

ក្នុងដីការកោះមួយទៀតចុះថ្ងៃទី១៤ ខែសីហា ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង បាន​បង្គាប់ឱ្យកម្លាំងមានសមត្ថកិច្ចនាំខ្លួនលោក ប៉ែន ច័ន្ទសង្រ្គាម អតីតក្រុមប្រឹក្សាខណ្ឌមកពីបក្សសង្រ្គោះជាតិ ក្នុងរាជធានីភ្នំពេញ​ មកបង្ហាញខ្លួនឱ្យបាន​មុនថ្ងៃទី៧ ខែកញ្ញានៅការិយាល័យប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីសាកសួរ​ពីដំណើររឿងញុះញង់បង្កឱ្យមាន​ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

លោក សំ សុខគង់ មេធាវី ការពាក្តីឱ្យលោក ច័ន្ទសង្រ្គាម បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា​កូនក្តីរបស់លោក ត្រូវបានកោះហៅឱ្យឆ្លើយបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញមែន។ នៅពេលដែលសួរថាតើកូនក្តីរបស់លោកចូលខ្លូនតាមការកោះហៅរបស់តុលាការមុនពេលកំណត់ដែរឬទេ លោក សុខគង់និយាយថា​គាត់រង់ចាំមើលសិន។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ​ លោក គុជ គឹមឡុង នៅថ្ងៃចន្ទនេះមិនអាចបញ្ជាក់​លំអិតជុំវិញករណីលោក ច័ន្ទសង្រ្គាមបានទេ។

លោក ច័ន្ទសង្រ្គាម ត្រូវបានគេមើលឃើញថា​ជាអ្នកមានជំហរិះគន់រដ្ឋាភិបាល​ជុំវិញបញ្ហាព្រំដែន​ជាមួយ​វៀតណាម ក៏ដូចជា​គោលនយោបាយអន្តោប្រវេសន៍ តាមរយៈវីដេអូដែល​ត្រូវបាន​ថតពេលបាតុកម្មឱ្យដោះលែងលោក រ៉ុង ឈុន​ កាលពីថ្ងៃទី១៣ ខែសីហា ដែលពេលនោះ​សកម្មជន៦នាក់ត្រូវបានចាប់ខ្លួន ដោយក្នុងនោះអាជ្ញាធរបានឃុំ​ខ្លួនសកម្មជន២នាក់ក្រោម​ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ខណៈ៤នាក់ទៀតត្រូវបានដោះលែងវិញ។

នៅក្នុងវីដេអូនោះ លោក ច័ន្ទសង្រ្គាម បាននិយាយថាលោកចូលរួមធ្វើបាតុកម្ម​ដើម្បីបញ្ចេញមតិ ក៏ដូចជាតាមដានការអនុវត្តច្បាប់ ដោយលោកថា​អាជ្ញាធរ​កំពុងរំលោភច្បាប់។

លោកបានលើកឡើងក្នុងវីដេអូដដែលនោះថា លោកធ្លាប់ត្រូវបានគេគំរាម​កំហែងនៅពេលដែល​បញ្ចេញ​មតិ ហើយលោកក៏បានប្រាប់ករណីនេះទៅអង្គការសហប្រជាជាតិ​ឱ្យ​យកចិត្ត​ទុកដាក់​ពីរឿង​នេះដែរ ប៉ុន្តែលោកថា​លោកហ៊ានបូជាជីវិតចំពោះការងាររបស់លោក៕

រាយការណ៍បន្ថែមដោយ លោក Matt Surrusco

ប្រែសម្រួលពីអត្ថបទដើមជាភាសាអង់គ្លេសដោយ ស៊ុន សុខេន

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ