មេធាវីមួយចំនួនមើលឃើញថា ៣ខែចុងក្រោយនេះ សំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធជម្លោះដីធ្លី ត្រូវបានតុលាការពន្លឿននីតិវិធីតបទៅតាមយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងរបស់ក្រសួងយុត្តិធម៌ ប៉ុន្តែមេធាវីខ្លះទៀតយល់ឃើញថា វាស្ថិតក្នុងសភាពយឺតយ៉ាវដដែល។
ក្រសួងយុត្តិធម៌ និយាយក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រសប្ដាហ៍មុនថា អំឡុងរយៈពេល១០០ថ្ងៃដំបូងនៃយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅសាលាដំបូង សំណុំរឿងព្រហ្មទណ្ឌជាង៨ពាន់ឬស្មើនឹង៦៣ភាគរយ ត្រូវបានពន្លឿននីតិវិធី ដែលជាផ្នែកមួយកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ។
លោក សេក សោភណ្ឌ មេធាវីការិយាល័យរ៉ាយស៍ និងប៊ីស៊ីនិស (Rights & Business Lawyer Office) និយាយថា ភាគច្រើននៃសំណុំរឿងដែលលោកកាន់ ពាក់ព័ន្ធជម្លោះដីធ្លីក្នុងសហគមន៍ មិនត្រូវបានពន្លឿននីតិវិធីទេ បើទោះបីសំណុំរឿងខ្លះលោកបានប្តឹងតាំងពីឆ្នាំ២០១៤។
ប៉ុន្តែមេធាវីរូបនេះអះអាងថា មានតែសំណុំរឿងមួយប៉ុណ្ណោះដែលត្រូវបានដោះស្រាយ ពាក់ព័ន្ធសំណុំរឿងដីធ្លីនៅឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ រវាងជនជាតិដើមភាគតិចកួួយនិងក្រុមហ៊ុនចិន ដែលតុលាការទម្លាក់បទចោទទៅលើកូនក្តី១៧នាក់កាលពីខែកក្កដាកន្លងមកនេះ។
លោក សេក សោភណ្ឌ ប្រាប់ថា៖ «ខ្ញុំជាអ្នកប្រកបវិជ្ជាជីវៈ ខ្ញុំត្រូវការប្រសិទ្ធភាពនៃនីតិវិធីរបស់តុលាការ មានភាពលឿន យុត្តិធម៌ ត្រឹមត្រូវ ដូចពាក្យស្លោករបស់ក្រសួងយុត្តិធម៌អ៊ីចឹង»។
នាយករងអង្គការលីកាដូដែលឃ្លាំមើលសិទ្ធិមនុស្ស លោក អំ សំអាត និយាយប្រហាក់ប្រហែលដែរថា មួយរយៈចុងក្រោយនេះ មេធាវីរបស់អង្គការលីកាដូដែលកាន់សំណុំរឿងដីធ្លី មានការមមាញឹកចូលការពារកូនក្តីតាមការជូនដំណឹងរបស់តុលាការ។
ប៉ុន្តែមន្ត្រីជាន់ខ្ពស់នៅអង្គការឃ្លាំមើលសិទ្ធិមនុស្សរូបនេះមិនបានដឹងថា ការចូលការពារក្តីរបស់មេធាវីលោក មានជនជាប់ឃុំប៉ុន្មាននាក់ត្រូវបានតុលាការទម្លាក់បទចោទបាននៅក្រៅឃុំឬបាននៅក្រៅឃុំបណ្តោះអាសន្ននោះទេ ក្រោយពីក្រសួងយុត្តិធម៌ធ្វើយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងជាង៣ខែមកនេះ។
លោក អំ សំអាត ប្រាប់ថា៖ «អ្វីដែលសង្គមស៊ីវិលចង់បានតទៅទៀតនោះ គឺធ្វើយ៉ាងណាបន្តពន្លឿននីតិវិធីប្រកបដោយតម្លាភាព មិនមានអំពើពុករលួយ ហើយប្រកបដោយភាពយុត្តិធម៌»។
អ្នកនាំពាក្យសមាគមអាដហុកការពារសិទ្ធិមនុស្ស លោក ស៊ឹង សែនករុណា និយាយថា ៣ខែចុងក្រោយនេះ មេធាវីសមាគមនេះក៏ត្រូវបានជូនដំណឹងឱ្យចូលទៅការពារក្តីដែរពាក់ព័ន្ធករណីជម្លោះដីធ្លី តែគ្មានរបាយការណ៍ជាក់លាក់ដូចគ្នាពីចំនួនអ្នកបាននៅក្រៅឃុំ។
អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សរូបនេះផ្តល់ជាយោបល់ថា វាគួរដល់ពេលស្ថាប័នពាក់ព័ន្ធ ធានាយុត្តិធម៌សង្គមបញ្ចេញព័ត៌មានលម្អិតជាងនេះថា សំណុំរឿងដែលបានពន្លឿនមានលក្ខខណ្ឌពិសេសអ្វីខ្លះ បានក្រសួងសម្រេចពន្លឿននីតិវិធីមុនគេលើយន្តការកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ។
លោក ស៊ឹង សែនករុណា ប្រាប់ថា៖ «កន្លងទៅ រឿងច្រើនណាស់ពាក់ព័ន្ធទៅនឹងការគំរាមកំហែងប្រជាពលរដ្ឋដែលគាត់ប្តឹងតុលាការ តែតុលាការចាត់ការតែបណ្តឹងខាងក្រុមហ៊ុនឬអ្នកមានអំណាច ហើយរឿងគាត់[ប្រជាពលរដ្ឋ]បិទចោល រឿងខ្លះវាអ៊ីចឹង»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន និយាយថា ក្រសួងមិនទាន់អាចបូកសរុបទិន្នន័យអ្នកជាប់ឃុំដែលត្រូវបានចេញពីមន្ទីរឃុំឃាំង តាមរយៈនៃការពន្លឿនលើសំណុំរឿងជាង៨ពាន់ករណីនេះនៅឡើយទេ ដោយរង់ចាំការបិទបញ្ចប់យុទ្ធនាការ។
ប៉ុន្តែលោកថា តាមរយៈនៃការពន្លឿននីតិវិធីបានលឿន ជាទិដ្ឋភាពច្បាប់ ទិដ្ឋភាពបច្ចេកទេស ភាពចង្អៀតណែនក្នុងពន្ធនាគារនឹងអាចកាត់បន្ថយ ព្រោះជនជាប់ឃុំមួយចំនួនត្រូវបានផ្ទេរពីកន្លែងចង្អៀតទៅកន្លែងមិនសូវចង្អៀតតាមរយៈសាលក្រមស្ថាពរ និងមួយទៀតចៅក្រមអាចប្រើអំណាចឆន្ទានុសិទ្ធិសម្រេចព្យួរទោស ដែលក្នុងដំណើរការនីតិវិធីចៅក្រមស៊ើបសួរអាចប្រើវិធានការក្រៅពីការឃុំខ្លួន ដូចជា ការឱ្យនៅក្រៅឃុំស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការជាដើម។
លោក ជិន ម៉ាលីន ប្រាប់ថា៖ «ជាធម្មតា វាអាចមានការធូរស្រាលខ្លះពាក់ព័ន្ធអ្នកជាប់ឃុំ ប៉ុន្តែយើងមិនធ្វើការបូកសរុបនៅពេលនេះទេ រង់ចាំដល់ពេលបិទបញ្ចប់យុទ្ធនាការតែម្តង អាចនៅដំណាច់ឆ្នាំ២០២០នេះ»។
នៅពេលសួរថា តើសំណុំរឿងស្មើនឹង៦៣ភាគរយដែលបានពន្លឿន មានប៉ុន្មានភាគរយពាក់ព័ន្ធគ្រឿងញៀន ដីធ្លី និងនយោបាយ អ្នកនាំពាក្យរូបនេះបញ្ជាក់ត្រឹមថា សំណុំរឿងដែលបានដោះស្រាយទាំងអស់ភាគច្រើនជាសំណុំរឿងព្រហ្មទណ្ឌច្រើនជាងបទមជ្ឈឹមនិងមានភាពចម្រុះ។
យ៉ាងនេះក្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ក្នុងពិធីចូលកាន់តំណែងអគ្គនាយកពន្ធនាគារថ្មី កាលពីថ្ងៃទី១០ ខែសីហានេះ បាននិយាយថា លោកមានការព្រួយបារម្ភពីការធ្លាយពន្ធនាគារ ដោយសារតែបទល្មើសគ្រឿងញៀនបានជំរុញឱ្យមានចំនួនអ្នកជាប់ឃុំបន្តកើនឡើងយ៉ាងគំហុក បង្កផលប៉ះពាល់ដល់សុខភាពរបស់ពួកគេ ខណៈអ្នកជាប់ឃុំមានចំនួនជិត៤ម៉ឺននាក់។
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ បានចេញរបាយការណ៍វាយតម្លៃថា យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរយៈពេល៣ឆ្នាំមកនេះរបស់រដ្ឋាភិបាលកម្ពុជាថា បានបរាជ័យ។
របាយការណ៍ដដែលអះអាងថា ភាពបរាជ័យនេះ វាបានជំរុញឱ្យមានការកើនឡើងការរំលោភសិទ្ធិមនុស្ស ការប្រើមធ្យោបាយឃុំឃាំងហួសកម្រិត បង្កឱ្យមានហានិភ័យដល់សេវាសុខភាពសាធារណៈ និងបង្កើតឱកាសឱ្យប្រព្រឹត្តអំពើពុករលួយ។
Amnesty បានលើកឡើងទៀតថា អ្នកដែលត្រូវបានឃុំខ្លួន បើគ្មានលុយសម្រាប់ដូរយកសេរីភាពទេ ពួកគេត្រូវដាក់នៅកន្លែងចង្អៀតណែន ជាទីដែលអ្នកជាប់ឃុំមិនអាចទទួលបានសេវាថែទាំសុខភាពនិងរងការរំលោភបំពានធ្ងន់ធ្ងរ ប៉ុន្តែរបាយការណ៍នោះត្រូវបានស្ថាប័នជំនាញគ្រឿងញៀនប្រកាសច្រានចោល៕