ក្រុម​​អ្នក​​តវ៉ា​​បន្ត​​ស្នើ​​ទៅ​​ស្ថានទូត​​ជប៉ុន​និង​​អាល្លឺម៉ង់​​ជំរុញ​​ឱ្យ​​មាន​​ការ​ដោះលែង​​លោក​ រ៉ុង​ ឈុន​ និង​​សកម្ម​ជន​​ដទៃ​ទៀត​

ក្រុមអ្នកគាំទ្រនិងសាច់ញាតិលោក រ៉ុង ឈុន ធ្វើដំណើរតាមដងផ្លូវដើម្បីយកញត្តិទៅដាក់នៅស្ថានទូតជប៉ុននិងអាល្លឺម៉ង់ ឱ្យអន្តរាគមន៍ដោះលែងលោក រ៉ុង ឈុន នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០។ (ខាន់ លក្ខិណា)

​ក្រុម​អ្នកគាំទ្រនិង​សាច់ញាតិ​របស់​លោក រ៉ុង ឈុន នៅ​ថ្ងៃនេះ បាន​នាំគ្នា​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ស្ថានទូត​អាល្លឺម៉ង់និង​ជប៉ុន ដើម្បី​ឱ្យ​ជួយ​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​លោក រ៉ុង ឈុន និង​អ្នកជាប់ឃុំ​ផ្សេងទៀត​ឱ្យ​មាន​សេរីភាព​វិញ។

មនុស្ស​ប្រហែល១៥០នាក់​ដែល​ជា​សាច់ញាតិ គ្រូបង្រៀន កម្មករ រួម​ទាំង​ប្រជាពលរដ្ឋ បាន​នាំ​គ្នា​យក​ញត្តិទៅ​ដាក់​នៅ​ស្ថានទូត​ជប៉ុននិង​អាល្លឺម៉ង់​នៅ​ព្រឹក​ថ្ងៃនេះ ដោយ​បាន​ស្នើ​ទៅ​ស្ថានទូត​ទាំងពីរ​ជំរុញ​ទៅ​រដ្ឋាភិបាល​ដោះលែង​លោក រ៉ុង ឈុន ប្រធាន​សហភាពសហជីព​កម្ពុជា និង​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំ​មើលកម្ពុជា ឱ្យ​មាន​សេរីភាព​វិញ។

ក្រុមអ្នកគាំទ្រនិងសាច់ញាតិលោក រ៉ុង ឈុន កាន់បដាពាក្យស្លោកនិងយកញត្តិទៅដាក់នៅស្ថានទូតជប៉ុននិងអាល្លឺម៉ង់ ឱ្យអន្តរាគមន៍ដោះលែងលោក រ៉ុង ឈុន នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០។ (ខាន់ លក្ខិណា)

តំណាង​កម្មករ​នៅ​រោង​ចក្រ​ វ៉ា​យអូ​លែ​ត អ្នកស្រី អ៊ុ​ក ចាន់​ធឿន ដែល​បាន​មក​ចូល​ដាក់​ញត្តិ លើកឡើង​ថា រូប​គាត់និង​កម្មករ​ដទៃទៀតមើលឃើញ​ថា ការ​ចាប់ខ្លួននិង​ចោទប្រកាន់​លើ​លោក រ៉ុង ឈុន ធ្វើឡើង​ដោយ​អយុត្តិធម៌។

អ្នកស្រី អ៊ុ​ក ចាន់​ធឿន ប្រាប់​ថា៖ «ថ្មី​ៗហ្នឹង លោកគ្រូ រ៉ុង ឈុន គាត់​បាន​ចូលរួម​តវ៉ា​ដោះស្រាយ​រោង​ចក្រ​ វ៉ា​យអូ​លែ​ត ហើយ​គាត់​បែរជា​មានទោស​ទៅវិញ។ ពួក​ខ្ញុំ​មិន​អាច​ឈរ​ឱបដៃ​មើល​ទុក្ខវេទនា គាត់​លះបង់​ទាំង​សេចក្ដីសុខ​របស់​គាត់​ជួយ​ពួក​ខ្ញុំ។ អ៊ីចឹងពួក​ខ្ញុំ​មក​ចូលរួម​នេះ ដើម្បី​ទាមទារយកសិទ្ធិ​សេរីភាព​ឱ្យ​គាត់​វិញ ហើយ​ខ្ញុំ​ទទូច​ឱ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​នូវ​ការចោទប្រកាន់​លើ​លោកគ្រូ រ៉ុង ឈុន»។

លោក រ៉ុង ឈុន ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី៣១ ខែកក្កដា​កន្លងមក​នេះ។ មួយថ្ងៃ​បន្ទាប់មក ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ឃុំខ្លួន​លោក​នៅ​ពន្ធនាគារ​ព្រៃសប​ណ្ដោះ​អាសន្ន ក្រោម​បទ​ចោទ​ថា ញុះញង់​ឱ្យ​មានការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន។

យុវជន២នាក់នៅក្នុងចំណោម​ក្រុម​យុវជន​ដែល​បាន​នាំគ្នា​តវ៉ា​ទាមទារ​ឱ្យ​មានការ​ដោះលែង​លោក រ៉ុង ឈុន ត្រូវ​បាន​សមត្ថកិច្ច​ចាប់និង​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ក្រោម​បទ​ចោទប្រកាន់ថា «ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម»។

ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សុភ័​ណ្ឌ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី១៤ ខែសីហា ក្រោម​ការចោទប្រកាន់​ពី​បទ «ញុះញង់​បំភ្លៃ​ការពិត​លើ​បញ្ហា​ព្រំដែន»។

លោក រ៉ុង ឈុន គឺជា​អតីតប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ មុននឹង​លោក​ក្លាយជា​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​បន្ទាប់ពី​ការបោះឆ្នោត​ជាតិ​ដ៏​ចម្រូង​ចម្រាសនៅ​ឆ្នាំ២០១៣។

ប្រាប់​អ្នក​សា​រព័ត៌មាន​បន្ទាប់ពី​ដាក់​ញត្តិ​នៅ​ស្ថានទូត​ជប៉ុននិង​អាល្លឺម៉ង់​នៅ​ព្រឹក​ថ្ងៃនេះ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុ​ក ឆា​យ៉ា​វី លើកឡើង​ថា ស្ថានទូត​បាន​សន្យា​នឹង​ជួយ​ចំពោះរឿងនេះ។

អ្នកស្រី អ៊ុ​ក ឆា​យ៉ា​វី ប្រាប់​ថា៖ «ការសន្យា​មួយ​ធ្វើ​ឱ្យ​យើង​សប្បាយចិត្ត មាន​កម្លាំង​ខ្លះ ក្នុង​ការដែល​យើង​បាន​មក​ជួប ដើម្បីនឹង​ឱ្យ​អន្តរាគមន៍ឱ្យ​មានការ​ដោះលែង​នេះ។ យើង​សន្យា​ថា បើសិន​គ្មាន​ការ​ដោះលែងលោក រ៉ុង ឈុន និង​អ្នកជាប់ឃុំ​ផ្សេងទៀត យើង​នឹង​បន្ត​ធ្វើការ​ជួប ស្រែក​រក​ប្រទេស​ប្រជាធិបតេយ្យ​មួយចំនួន​ទៀត ដើម្បី​ដោះលែងលោក រ៉ុង ឈុន សកម្មជន​ទាំងពីរ​ដែល​ជាប់ពន្ធ​នា​គារ​ដោយ​អយុត្តិធម៌។ យើង​ទាំងអស់គ្នា​សន្យា​ថា យើង​នឹង​រួមគ្នា​ដើម្បី​លោក រ៉ុង ឈុន មិន​ឱ្យ​លោក​អស់សង្ឃឹម​ទេ»។

គិត​ត្រឹម​ថ្ងៃទី១ ខែកញ្ញា​នេះ ក្រុម​អ្នក​តវ៉ា​បាន​ដាក់​ញត្តិ​ទៅ​ស្ថានទូត​ចំនួន៧ រួមមាន ​ស្ថានទូត​អាមេរិក បារាំង អូស្ត្រាលី សហភាព​អឺរ៉ុប ជប៉ុន និង​អាល្លឺម៉ង់ និង​ការិយាល័យ​ឧត្ដមស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ទាមទារ​ឱ្យ​មានការ​ដោះលែង​លោក រ៉ុង ឈុន និង​មនុស្សដទៃ​ទៀតដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ។

អ្នកនាំពាក្យ​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា បាន​ឆ្លើយតប​តាម​អ៊ី​ម៉ែ​លថា អាល្លឺម៉ង់​គាំទ្រ​ការគោរព​សិទ្ធិមនុស្ស​គ្រប់​ទម្រង់​នៅ​តាម​បណ្ដា​ប្រទេស​នានា​ដែល​ប្រទេស​នេះ​មាន​ទំនាក់ទំនង​ជាមួយ ហើយ​ប្រទេស​មួយ​នេះ​តែងតែ​ចូលរួម​ពង្រឹង​ការគោរព​សិទ្ធិមនុស្ស​នៅ​តាម​បណ្ដា​ប្រទេស​ជាច្រើន​រួម​ទាំង​កម្ពុជា​ផង​ដែរ។

មន្ត្រី​នាំពាក្យ​ស្ថានទូត​អាល្លឺម៉ង់​និយាយ​ថា៖ «សិទ្ធិមនុស្ស តែងតែ​ស្ថិតនៅ​លើ​របៀបវារៈ​របស់​អាល្លឺម៉ង់ នៅពេល​ធ្វើការ​ជាមួយ​បណ្ដា​ប្រទេស​ជា​ដៃគូ​របស់​ខ្លួន។ អាល្លឺម៉ង់​គាំទ្រ​សង្គម​ស៊ីវិល​ដែល​ជំរុញ​សិទ្ធិមនុស្ស​នៅ​បណ្ដា​ប្រទេស​ជាច្រើន រួម​ទាំង​កម្ពុជា​ដែរ។ អាល្លឺម៉ង់​ក៏​ធ្វើការ​ឆ្ពោះទៅ​រក​ការ​ពង្រឹង​សិទ្ធិមនុស្ស​នៅក្នុង​វេទិកា​ពហុភាគី ជា​ពិ​សេ​សនៅ​ឯអង្គការសហប្រជាជាតិ»។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ា​លីន ចាត់ទុក​ការ​ដាក់​ញត្តិ​របស់​សាច់ញាតិនិង​អ្នកគាំទ្រ​លោក រ៉ុង ឈុន ជា​សិទ្ធិ​បញ្ចេញមតិ ប៉ុន្តែលោក​ថា បណ្ដា​ស្ថានទូត​បរទេស​ទាំងនោះនឹង​មិន​ធ្វើសកម្មភាព​បំពានច្បាប់​កម្ពុជា​នោះ​ឡើយ។

លោក ជិន ម៉ា​លីន ប្រាប់​ថា៖ «កន្លងមក គាត់​ដើរ​ដាក់​គ្រប់តែ​កន្លែង​ហ្នឹង ប៉ុន្តែគ្មាន​អ្នកណា​ជួយ​អន្តរាគមន៍​ទេ បានន័យ​ថា វា​មិន​ស្រប​ទៅតាម​ផ្លូវច្បាប់ ព្រោះអី​នេះ​ជា​នីតិវិធី​តុលាការជា​ស្ថាប័ន​ឯករាជ្យ។ អ៊ីចឹង ស្ថាប័ន​ផ្សេង​ៗដែល​ទទួល​ញត្តិ​ ចេះតែ​ទទួល​ទៅ ប៉ុន្តែគេ​ក៏​មិន​អន្តរាគមន៍​អីដែរ។ គេ​ក៏​មិន​ធ្វើសកម្មភាព​បំពានច្បាប់​នៅ​កម្ពុជា​ដែរ»។

របាយការណ៍​ចេញ​ដោយ​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក​កាលពីដើម​ឆ្នាំនេះ បាន​វាយតម្លៃ​ថា ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ស្ថិតនៅ​កម្រិតទាប​ជាងគេ​នៅ​លើ​ពិភពលោក ពោល​គឺ​ល្អ​ប្រសើរ​ជាង​ប្រទេស​វេ​ណេ​ហ៊្សុយ​អេ​ឡា​មួយ​ប៉ុណ្ណោះ។

នាយករង​អង្គការ​ការពារ​សិទ្ធិមនុស្ស​លី​កាដ​ូ លោក អំ សំអាត លើកឡើង​ថា ប្រសិនបើ​រដ្ឋាភិបាលនិង​ស្ថាប័ន​តុលាការមិន​ដោះលែង​លោក រ៉ុង ឈុន និង​អ្នកជាប់ឃុំ​ផ្សេងទៀត​ទេ លោក​ថា សកម្មភាព​តវ៉ា​ទាមទារ​នៅតែ​កើតមានឡើង។

លោក អំ សំអាត ប្រាប់​ថា៖ «យើង​ឃើញ​សហគមន៍​អន្តរជាតិ ដូចជា​សហជីព​អន្តរជាតិ​ជាច្រើន ក៏ដូចជា​សមាគម​គ្រូបង្រៀន​អន្តរជាតិ គេ​ទាមទារ​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន ជាដើម​ដែរ។ អ៊ីចឹង បើសិនជា​ករណីនេះមិន​មានការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំឬទម្លាក់​បទចោទប្រកាន់​តាមរយៈ​តុលាការ។ ទោះ​យើង​ដឹង​ហើយ​តុលាការ​ឯករាជ្យ ប៉ុន្តែរឿង​ទាំងអស់​ហ្នឹងអាច​បន្ត​នូវ​ការ​ទាមទារ​អ៊ីចឹង​ទៀត ដោយសារ​គេ​យល់ឃើញ​ថា ការ​ចាប់ខ្លួន​នេះ​ជា​រឿង​អយុត្តិធម៌»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ