កម្មករ​​រោង​ចក្រ​​មួយ​​នៅ​​ជាយ​​ភ្នំពេញ​​ដេក​​យាម​​មុខ​​រោងចក្រ​ ក្រោយ​​ថៅកែ​​រត់ចោល​​ដោយ​​មិន​​បើក​ប្រាក់​​ឈ្នួល​​

កម្មកររោងចក្រ រ៉េ សាញ ខ្លូ​ស៊ីង ​(RAY SHINE CLOTHING​) ស្ថិត​ក្នុង​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ផ្ទុះការតវ៉ាករណីថៅកែរត់ចោលនិងមិនទាន់បានទទួលប្រាក់ឈ្នួលនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។ (ផ្ដល់ឱ្យ)

កម្មករ​-កម្មការិនី​បម្រើការ​ងារ​នៅ​រោងចក្រ រ៉េ សាញ ខ្លូ​ស៊ីង (RAY SHINE CLOTHING​) ស្ថិត​ក្នុង​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ បាន​នាំគ្នា​ដេក​យាម​មុខ​រោងចក្រ ក្រោយ​ថៅកែ​រត់ចោល​ដោយ​មិនបាន​បើកប្រាក់​ឈ្នួលនិង​ទូទាត់​អត្ថ​ប្រយោជន៍​ផ្សេង​ៗជូន​ពួក​គេ។

ជា​កម្មការិនី​ផ្នែក​ត្រួតពិនិត្យ​នៅ​រោងចក្រ រ៉េ សាញ ខ្លូ​ស៊ីង ​រយៈពេល​ជាង៥ខែ អ្នកស្រី ទឹម បុប្ផា ប្រាប់​វី​អូ​ឌី​ថា ក្រុម​កម្មករ​បាន​នាំគ្នា​បោះតង់​ដេក​យាម​មុខ​ក្រុមហ៊ុន​តាំងពី​ថ្ងៃទី១០ ខែសីហា ដើម្បី​ការពារ​កុំ​ឱ្យមានការ​ដឹក​សម្ភារចេញពី​រោងចក្រ ខណៈ​រង់ចាំ​ការ​ជួយ​ដោះស្រាយ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ។

កម្មការិនី​រូប​នេះ​អះអាង​ថា កន្លងមក ក្រុម​កម្មករ​ធ្លាប់​រក​កិច្ច​អន្តរាគមន៍ពីក្រសួងការងារនិង​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រីឱ្យជួយ​ដោះស្រាយ​ដែរ ប៉ុន្តែរហូត​ពេលនេះមិនទាន់​មាន​ដំណោះស្រាយ​ទេ។

អ្នកស្រី ទឹម បុប្ផា និយាយ​ថា៖ «ពួក​ខ្ញុំ​ជា​កម្មករ​អត់​លុយ​សម្រាប់​ចំ​ណាយ​ផ្សេង​ៗ។ មន្ត្រី​ក្រសួង​ចុះ​ដោះ​ស្រាយ​ ពន្យា​រពេល​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ។ គាត់​ថា ធ្វើការ​តាម​ដំណាក់កាល។ បើ​គាត់​ធ្វើការ​តាម​ដំណាក់កាល តើ​ពួក​ខ្ញុំ​បាន​អី​ហូប? គាត់​ចរ​ចា​ពន្យា​រពេល ​ធ្វើឱ្យកម្មករ​គ្នា​លំបាក​វេទនា​ដេក​តាមចិញ្ចើមថ្នល់​ហាលភ្លៀង​ហាលថ្ងៃ»។

អ្នកស្រី ទឹម បុប្ផា អះអាង​ថា ថៅកែ​នៅ​ជំពាក់ប្រាក់​ឈ្នួល​កម្មករ១ខែ១០ថ្ងៃ ប្រាក់​ដំណាច់ឆ្នាំ ប្រាក់៥ភាគរយ ប្រាក់​ថែម​ម៉ោង និង​ប្រាក់​ថ្លៃ​បាយ។ អ្នកស្រី​ថា ជា​រួម ថៅកែ​ជំពាក់ប្រាក់​ឈ្នួល​កម្មករ​ម្នាក់​ចន្លោះ​ពី៣០០ទៅ៥០០ដុល្លារ។

កម្មករ​ផ្នែក​ដេរ លោក គង់ សា​រ័ត្ន បម្រើការ​ងារ​នៅ​រោងចក្រ​នេះ១ឆ្នាំ​កន្លះ និយាយ​ថា សម្ភារក្នុង​រោងចក្រ​អាច​លក់​ឡាយឡុង​ដើម្បី​ដោះស្រាយ​សំណង​ជូន​កម្មករ​គ្រប់គ្នា ប៉ុន្តែម្ចាស់​អគារបាន​ជំទាស់ ដោយ​ថា សម្ភារដែល​នៅ​សេសសល់​ក្នុង​រោងចក្រ​នោះជា​របស់​ខ្លួន។

លោក គង់ សា​រ័ត្ន សុំ​ឱ្យ​រដ្ឋាភិបាល​បញ្ចេញ​កញ្ចប់​ថវិកា​ណាមួយ​ដោះស្រាយ​ជូន​កម្មករ​សិន ខណៈ​ពួក​គាត់​កំពុង​ជួប​ទុក្ខ​លំបាក​ដោយសារ​ខ្វះ​ខាតលុយ​សម្រាប់​ចំណាយ​ប្រចាំថ្ងៃ បង់​បន្ទប់​ជួល ទឹក​ភ្លើង និង​បង់​សងធនាគារ​ជាដើម។

លោក គង់ សា​រ័ត្ន និយាយ​ថា៖ «ខ្ញុំ​អំពាវនាវ​ដល់​សម្តេច​ ហ៊ុន​ សែន​ ឱ្យគាត់​ជួយ​ដោះស្រាយ​ដល់​កម្មករ​ ដោយសារ​ខាង​ពួក​ខ្ញុំ​ហ្នឹង​ភាគច្រើន​កំពុង​ជួប​ទុក្ខ​លំបាក ជំពាក់​ខាង​ធនាគារ ហើយ​ខាង​ធន​គារ​គេ​អត់​យោគយល់​យើង​ទេ។ គេ​មក​ចាំ​ទារ​យើង​ដល់​ផ្ទះ ខ្លាច​តែ​រឹបអូស​ផ្ទះ​ដីធ្លី​ទៀត ​ខ្ញុំ​មិនដឹង​ទៅ​នៅ​ណា?»

លោក ទុត សុ​គន្ធា​រ៉ា ដែល​អះអាង​ថាជា​តំណាង​ម្ចាស់​អគារ បាន​ប្រាប់​វី​អូ​ឌី​ថា ថៅកែ​ពិតជា​បាន​បិទ​ទ្វា​ររោងចក្រ​រត់ចោល​កម្មករ​មែន។ លោក​ថា ម្ចាស់​អគារ​ជា​ជនរងគ្រោះ​ដោយសារ​ថៅកែ​រត់ចោល​ដោយ​មិនបាន​ទូទាត់​បំណុល​ដែរ។

តំណាង​ម្ចាស់​អគារ​រូប​នេះ អះអាង​ថា ម្ចាស់​អគារ​សុំ​សម្របសម្រួល​ដោះស្រាយ​ជាមួយ​កម្មករ​ដែរ ក្នុងនាមជា​ជនរងគ្រោះ​ដូចគ្នា ប៉ុន្តែក្រុម​កម្មករ​មិនព្រម។

លោក ទុត សុ​គន្ធា​រ៉ា និយាយ​ថា៖ «យើង​ខិតខំ​ដោះស្រាយ​ជាមួយ​ពួក​គាត់​ណាស់ ប៉ុន្តែ​ពួក​គាត់​អត់​ចូលរួម​ដោះស្រាយ​ទេ។ ពួក​គាត់​គិតតែ​ទាមទារ​ដូច​ថៅកែ​នៅ​អីចឹង។ គាត់​អត់​គិតថា យើង​ជា​ជនរងគ្រោះ​ដូចគ្នា តើ​ត្រូវ​សម្របសម្រួល​ដូចម្តេច​ផង​ហ្នឹង។ គាត់​មិន​ស្តាប់​អាជ្ញាធរនិង​ស្តាប់​អ្នកសម្របសម្រួល​ដោះស្រាយ​ផង​ហ្នឹង»។

អគ្គលេខាធិការ​រង​គណៈកម្មការ​ដោះស្រាយ​កូដកម្ម​បាតុកម្ម​គ្រប់មុខ​សញ្ញា នៃ​ក្រសួងការងារ លោក វង្ស សុវណ្ណ ដែល​កាន់​សំណុំរឿង​នេះ ប្រាប់​ថា ករណីនេះ ក្រសួង​កំពុង​បន្ត​សម្របសម្រួល​ដោះស្រាយ​តាម​នីតិវិធី។

លោក​បន្ត​ថា បញ្ហា​ប្រឈម​នោះ​គឺសម្ភារ​នៅ​សេសសល់​ក្នុង​រោងចក្រ​ជាប់ពាក់ព័ន្ធ​ជាមួយ​ម្ចាស់​ជាច្រើន​នាក់​ផ្សេងទៀត ដែល​កម្មករ​ពិបាក​ក្នុង​ការ​លក់​ឡាយឡុងដើម្បី​ដោះស្រាយ​សំណង ប៉ុន្តែលោក​ថា កម្មករ​អាច​ប្តឹង​ករណីនេះ​ទៅ​តុលាការ​បាន។

លោក វង្ស សុវណ្ណ ប្រាប់​ថា៖ «ឥលូវយើង​មិន​អាច​ប៉ាន់ស្មាន​បាន​នៅឡើយ​ទេ​ថា ដំណោះស្រាយ​បាន​យ៉ាងម៉េច ព្រោះ​ឥលូវនេះបងប្អូន​យើង​ក៏​មិនទាន់​ជ្រើសរើស​ដា​ក់​បណ្តឹង​ទៅ​តុលាការ​នៅឡើយ។ អ៊ីចឹង មានតែ​យើង​សម្របសម្រួល​ដោះស្រាយ​បន្ត ហើយ​យើង​ក៏​ពិនិត្យមើល​ថា អ្នកណា​ខ្លះ​ជា​ម្ចាស់​សម្ភារ​ហ្នឹង​ខ្លះ ហើយ​បាន​ពិនិត្យ​ទៅលើ​លទ្ធភាព​បើក​ជូន​គាត់​យ៉ាង​ម៉េច​ៗ បាន​គិត​ទៀត»។

បើ​តាម​អ្នកស្រី ទឹម បុប្ផា រោងចក្រ រ៉េ សាញ ខ្លូ​ស៊ីង ជា​រោងចក្រ​ផលិត​សម្លៀកបំពាក់​មាន​ថៅកែ​ជា​ជនជាតិ​ចិននិង​មានកម្ម​ករ​ប្រមាណ៣២០នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ