អគ្គស្នងការ​​​ណែនាំ​​មន្ត្រីនគរបាលការពារ​សន្តិ​​សុខ​ និង​សុវត្ថិភាព​សង្គម​​ក្នុង​ពិធីបុណ្យភ្ជុំបិណ្ឌ

អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន ថ្លែងពីសភាពការណ៍នយោបាយទៅកាន់នាយនគរបាលទាំងអស់ក្នុងកិច្ចប្រជុំផ្សព្វផ្សាយការងារសន្តិសុខ នាព្រឹកថ្ងៃទី១៧ខែកញ្ញានៅក្រសួងមហាផ្ទៃ (រូបថតវណ្ណ វិចារ)

អគ្គស្នងការនគរបាលជាតិ ណែនាំដល់​មន្ត្រីនគរបាល​រាជធានី-ខេត្តទាំង​អស់​ ការ​ពារ​សន្តិសុខ​ សណ្តាប់ធ្នាប់​ និងសុវត្ថិភាពសង្គម​ ព្រមទាំងបន្ត​​ផ្សព្វផ្សាយ​ដល់ពលរដ្ឋ​ពីវិធានការ​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺកូវីដ​១៩ ក្នុង​ពិធីបុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំបិណ្ឌ។

សេចក្តីណែនាំរបស់​អគ្គស្នងការ​ដ្ឋាននគរបាលជាតិ កាល​ពីថ្ងៃម្សិល​មិញ​​ បាន​​​​ណែនាំ​ដល់​នាយក​ដ្ឋានកណ្តាល ​អង្គភាពជំនាញ និង​ស្នងការ​ដ្ឋាននគរ​បាល​​រាជ​ធានី-ខេត្តទាំងអស់ ត្រូវ​យក​ចិត្តទុកដាក់ ពាក់ព័ន្ធសន្ដិសុខ និងសណ្ដាប់ធ្នាប់សង្គម ជាពិសេស សកម្មភាពភេរវកម្ម ឧក្រិដ្ឋ​កម្ម និងសកម្មភាពល្មើសច្បាប់ផ្សេងៗទៀត ដើម្បីចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធភាពទាន់ពេលវេលា។

អគ្គស្នងការ​ បាន​បន្តជំរុញឱ្យ​មន្ត្រីនគរបាល​ទាំង​អស់​ ត្រូវ​អនុវត្ត​គោលនយោបាយ​ភូមិឃុំមានសុវត្ថិភាព, រឹតបន្តឹង​ការ​អនវុត្ត​ច្បាប់​ចរាចរណ៍, ប្រុងប្រយ័ត្ន​គ្រោះអគ្គិភ័យ និងចាត់វិធានការ​ការ​ពារ​​ គ្រប់គោលដៅប្រារព្ធពិធី​បុណ្យ និងគោលដៅកម្សាន្ដសប្បាយ​​នានា ព្រមទាំង​យាមកាម ល្បាតការពារផ្ទះសម្បែង និង​​ទ្រព្យសម្បត្តិ​របស់ប្រជាពលរដ្ឋ ដែលធ្វើដំណើរទៅកាន់ស្រុកកំណើត ឬទៅសម្រាកកម្សាន្ដនៅតាមតំបន់នានា។

ជាមួយគ្នានេះដែរ អគ្គស្នងការ​ដ្ឋាននគរបាលជាតិ ក៏បានណែនាំឱ្យ​​មន្ដ្រីបន្ដចុះធ្វើការផ្សព្វ​​ផ្សាយ​អប់រំបន្ថែមទៀត អំពីវិធានសុខាភិបាល​ ដល់ប្រជាពលរដ្ឋ ដើម្បី​ចូលរួមបង្ការជំងឺកូវីដ​១៩ ហើយ​​ក្នុងករណីសង្ស័យមានអ្នកផ្ទុកជំងឺនេះ​ ត្រូវរាយការណ៍បន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត។

ពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅឆ្នាំនេះ នឹង​ប្រព្រឹត្តទៅ​ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៧ ខែកញ្ញា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ