ក្រសួង​សុខាភិបាលអំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្នករណីពុល​អាហារ និង​ស្រាអំឡុ​ងភ្ជុំបិណ្ឌ

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ លោកស្រី​ ឱ វណ្ណ​ឌីន ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចពិភាក្សា ស្ដីពី “សារព័ត៌មាន៖ ចំពោះមុខ COVID-19 និងព័ត៌មានក្លែងក្លាយ” នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

ក្រសួង​សុខាភិបាល អំពាវនាវ​ដល់​ប្រជាពលរដ្ឋទាំងអស់ ​អនុវត្តវិធានសុខាភិបាលក្នុងការការ​ពារ​​ខ្លួន​​ពីការ​ឆ្លង​ជំងឺកូវីដ​១៩ និង​​​យកចិត្តទុកដាក់​លើ​​​សុវត្ថិភាពចំណីអាហារ ដើម្បីជៀស​វាង​ករណី​​​ពុល​ចំណីអាហារ និង​ស្រា ក្នុងកំឡុង​ពេល​បុណ្យ​កាន់បិណ្ឌ និងភ្ជុំបិណ្ឌ។

ពិធីបុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌឆ្នាំនេះ នឹង​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ខែកញ្ញា ស្អែកនេះ រហូត​ដល់​ថ្ងៃទី១៧ ខែកញ្ញា។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ​លោកស្រី ឱ វណ្ណឌីន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន​តាម​​​ប្រព័ន្ធតេឡេក្រាម (Telegram) នៅថ្ងៃពុធនេះថា ពិធីបុណ្យ​កាន់​បិណ្ឌ និងភ្ជុំបិណ្ឌ នឹង​ចាប់ផ្តើម​​ពីថ្ងៃស្អែកនេះទៅ ដែល​ករណីនេះ ក្រសួង​​​​អំពាវ​នាវ​ដល់​​​ប្រជា​ពលរដ្ឋ​ទាំងអស់ ត្រូវ​ប្រុងប្រយ័ត្ន​ថែរក្សា​​សុខភាពផ្ទាល់​ខ្លួន ដើម្បីជៀសវាង​កើតមានបញ្ហាសុខភាព។

លោកស្រីបាន​ណែនាំនូវ​ចំណុចគន្លឹះមួយចំនួន​​ដើម្បីរក្សា​​សុវត្ថិភាពចំណីអាហារផងដែរ ក្នុង​នោះ ត្រូវ​ចម្អិន​ម្ហូបអាហារ​ឱ្យ​បាន​ឆ្អិន​ល្អ រក្សា​ទុកដាក់ចំណីអាហារ​ឱ្យ​បានត្រឹមត្រូវ ដោយ​មិន​ត្រូវ​ទុក​ដាក់​​ចំណីអាហារ​ច្របូកច្របល់គ្នា និង​ជៀសវាង​ទុកអាហារ​យូរម៉ោង​រហូត​ដល់ជូរ​​​ផ្អូម។

លោកស្រី ក៏បានណែនាំឱ្យ​ចៀសវាង​ប្រើប្រាស់​របស់​របរមិនស្អាត និង​ត្រូវ​លាង​សម្អាតវត្ថុប្រើប្រាស់សម្រាប់​ចម្អិនអាហារ​ឱ្យ​បាន​ស្អាត និង​ចៀសវាង​ការ​ទទួលទានស្រា​ស ដែលមិនមានប្រភព​ច្បាស់​លាស់ និងលក្ខណៈបច្ចេកទេស​ផលិត​ត្រឹមត្រូវ ជា​ពិសេស​ចៀសវាង​ការ​យក​មេតាណុល​មក​លាយ​ធ្វើស្រាស។

ជាមួយគ្នានេះដែរ លោកស្រី ឱ វណ្ណឌីន បាន​អំពាវ​នា​វដល់ប្រជាពលរដ្ឋ​ ត្រូវ​អនុវត្ត​នូវវិធានការ​សុខាភិបាល ដើម្បីការ​ពារការ​ចម្លងវីរុស​កូវីដ១៩ ដោយ​ត្រូវលាងសម្អាត​ដៃឱ្យបានស្អាតជានិច្ច ពាក់ម៉ាស់ និង​រក្សា​គម្លាតសុវត្ថិភាព​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ