ប្រជាពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញ ត្អូញត្អែថា បន្លែ ត្រីសាច់ និងផ្លែឈើ បានឡើងថ្លៃចន្លោះ ១៥០០រៀលទៅ ១៣០០០រៀលក្នុងមួយគីឡូអំឡុងពេលសែនក្បាលទឹក បើធៀបនឹងថ្ងៃធម្មតា។
ដើរចេញពីកន្លែងទិញម្ហូបនៅម្តុំផ្សារអូឡាំពិក លោកស្រី វួច ឆេង និយាយថា គាត់ចំណាយជាង ១០០ដុល្លារសម្រាប់ពិធីសែនក្បាលទឹកឆ្នាំនេះ។ អ្នកស្រីបន្តថា មុនសែនក្បាលទឹកចំនួន ២ថ្ងៃ និងថ្ងៃសែនក្បាលទឹក អ្នកលក់បន្លែស្ពៃក្តោប ស្ពៃតឿ ឆៃថៅ និងត្រសក់ជាដើម បានដំឡើងថ្លៃ ១៥០០រៀលក្នុងមួយគីឡូក្រាម។ រីឯសាច់ជ្រូក និងសាច់មាន់ ដំឡើងទៅ ១៣០០០រៀលក្នុងមួយគីឡូក្រាម។
លោកស្រី វួច ឆេង និយាយថា៖ «គេលក់មាន់ស្រែធម្មតា ២២០០០រៀលក្នុងមួយគីឡូក្រាម។ ដល់ពេលសែនសែន ៣៥០០០រៀល បន្លែឡើងដែរ ១គីឡូឡើងប្រហែល ១៥០០រៀល»។
លោកស្រី ចាន់ ហិន ដែលមកទិញបន្លែនៅម្តុំផ្សារដើមគ និយាយថា គាត់ទិញបន្លែខាត់ណា និងសាច់គោ ដើម្បីយកទៅធ្វើម្ហូបសែន និងទុកសម្រាប់ឆាបាយលក់នៅពេលល្ងាច។ ប៉ុន្តែ ពីរបីថ្ងៃចុងក្រោយនេះ អ្នកលក់បានដំឡើងថ្លៃចន្លោះពី ១៥០០រៀល ទៅ ១៣០០០រៀលក្នុងមួយគីឡូក្រាម ដែលធ្វើឲ្យគាត់យកទៅឆាបាយលក់បានចំណេញតិចតួចតែប៉ុណ្ណោះ។
លោកស្រី ចាន់ ហិន និយាយថា៖ «ទិញទៅ ឧបមាថា ខ្ញុំលក់បាយឆា ១ចានតែ ៧០០០រៀលទេ ប៉ុន្តែ បន្លែ សាច់ ឡើងថ្លៃ ខ្ញុំលក់តែ ៧០០០ដដែល វាចាយលុយអស់ច្រើន។ ដល់យើងលក់បានលុយតិច វាចំណេញដែរ តែចំណេញតិច»។
ចំណែកលោក រ័ត្ន ចាន់សម័យ ដឹកប្រពន្ធមកទិញបន្លែនៅម្តុំផ្សារទួលទំពូងឯណោះវិញ និយាយថា ប្រហែលជា ៣ថ្ងៃនេះ តម្លៃបន្លែត្រីសាច់ ឡើងថ្លៃ ជាហេតុធ្វើឲ្យប៉ះពាល់ដល់ជីវភាពគ្រួសារផងដែរ។ ករណីនេះ លោកស្នើទៅអ្នកលក់កុំដំឡើងតម្លៃ ខណៈសេដ្ឋកិច្ចកំពុងធ្លាក់ចុះ រកលុយមិនសូវបាន។
លោក ចាន់សម័យ និយាយថា៖ «រកបានមួយថ្ងៃ ២ម៉ឺន ៣ម៉ឺនរៀលទិញម្ហូប ហូបអស់មួយថ្ងៃអស់ជាង ២ម៉ឺនរៀលក្នុងមួយថ្ងៃ ហើយយើងអស់សល់លុយ…តម្លៃទីផ្សារចង់ឲ្យវាថេរធម្មតា ហើយថ្ងៃបុណ្យទានក៏ប៉ុណ្នឹងក៏វាល្អ»។
អាជីវកលក់បន្លែត្រីសាច់ បាននិយាយប្រហាក់ប្រហែលគ្នាថា ប្រហែលជា ៣ថ្ងៃនេះ ពួកគាត់លក់បន្លែឡើងថ្លៃ ដោយសារតែនាំចូលមកថ្លៃដែរ។
អាជីវករលក់បន្លែនៅផ្សារអូឡាំពិក លោកស្រី ពាង ម៉ុល អះអាងថា ដើមចមដែលនាំឲ្យគាត់លក់បន្លែ សាច់ឡើងថ្លៃ ដោយសារគាត់ទិញយកមកលក់ឡើងថ្លៃដែរ។
លោកស្រី ពាង ម៉ុល និយាយថា៖ «ឡើងនៅពេលសែនក្បាលទឹក បានតែមួយថ្ងៃ ពីរថ្ងៃហ្នឹង ផុតតែពីរថ្ងៃហ្នឹងថោកវិញហើយ យកមកថ្លៃដែរ លក់ចំណេញបានតិចៗដែរ»។
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោក តាន់ ផាន់ណារ៉ា មានប្រសាសន៍ថា សត្វរស់តម្លៃលក់មិនឡើងថ្លៃនោះទេ ប៉ុន្តែ លោកថា អាជីវករដែលយកទៅលក់បន្តឆ្លៀតឱកាសនៅថ្ងៃបុណ្យដំឡើងថ្លៃខ្លួនឯង។ ករណីនេះធ្វើឲ្យពិបាកក្នុងការគ្រប់គ្រងតម្លៃនោះផងដែរ។
លោក តាន់ ផាន់ណារ៉ា មានប្រសាសន៍ថា៖ «តម្លៃមាន់រស់ តម្លៃជូ្រករស់អត់មានអ្វីផ្លាស់ប្តូរទេ ប៉ុន្តែ បងប្អូនគាត់លក់នៅលើទីផ្សារជួនកាលនៅពេលដែលមានតម្រូវការខ្លាំង គាត់ឡើងតិចតួចទៅតាមទីកន្លែងម៉េច ខ្ញុំអត់ដឹងទេ វាជារឿងមួយធម្មតាយើងទៅអន្តរាគមន៍ជាមួយពួកគាត់យ៉ាងម៉េច នៅពេលអញ្ចឹងវាទូទាំងប្រទេស»។
នាយិកាមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (អង្គការCEDAC) អ្នកស្រី តុង ចាន់ធាង មានប្រសាសន៍ថា លោកស្រីធ្លាប់ចុះទៅដល់កន្លែងកសិដ្ឋានលក់បន្លែ និងសាច់របស់ប្រជាកសិករមួយចំនួនផងដែរ ប៉ុន្តែ នៅរដូវបុណ្យទានផ្សេងៗ ពួកគេលក់ឡើងថ្លៃ ១០០០រៀល ទៅ ២០០០រៀលក្នុងមួយគីឡូក្រាម។ ប៉ុន្តែ ឈ្មួញទិញតៗគ្នាយកទៅលក់ឡើងថ្លៃខ្ពស់ទៅវិញ។
ករណីនេះលោកស្រីអំពាវនាវទៅរដ្ឋាភិបាលត្រូវចេញសេចក្តីណែនាំមុនថ្ងៃបុណ្យទានប្រហែលមួយសប្តាហ៍ ដើម្បីឲ្យអ្នកនាំបន្លែ សាច់ លក់នៅលើទីផ្សារតម្លៃសមរម្យ ដើម្បីរួមចំណែកជួយដល់អ្នកដែលមានជីវភាពដែលមិនសូវធូធារ។
លោកស្រី តុង ចាន់ធាង ប្រាប់ថា៖ «កន្លងមកដូចជាមានការអំពាវនាវរឿងសាច់ជ្រូក កុំឲ្យឡើងថ្លៃខ្លាំង ត្រូវកំណត់ថា លក់តម្លៃប៉ុណ្ណេះបានហើយ ដើម្បីឲ្យប្រជាជនយើងមានលទ្ធភាពទិញបាន កុំឲ្យគាត់ដាក់បន្ទុកធ្ងន់ពេកក្នុងការទិញម្ហូបអាហារហ្នឹង ឃើញមានការអនុវត្តបានល្អប្រសើរ ប្រសិនជាអន្តរាគមន៍ពីរដ្ឋាភិបាល ស្រដៀងហ្នឹងចំពោះការមិនឡើងថ្លៃពេលមានបុណ្យទាន កម្មវិធីសាសនា ឬកម្មវិធីបុណ្យទានធំៗ…ជាការល្អប្រសើរហើយ»។
របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា កម្ពុជាបានចំណាយថវិកាខ្ទង់ ២០០លានដុល្លារអាមេរិកក្នុង១ឆ្នាំៗ ទៅលើការនាំចូលបន្លែពីបរទេសដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក។ ក្រសួងថា បន្លែនាំចូលទាំងនោះ ភាគច្រើននាំចូលពីប្រទេសវៀតណាម និងប្រទេសចិន។
បើតាមរបាយការណ៍ក្រសួងដដែលនេះ កម្ពុជាត្រូវការបន្លែប្រមាណពី ៥០០ទៅ ៦០០តោនក្នុងមួយថ្ងៃៗ ក្នុងនោះនៅដើមឆ្នាំនេះ កម្ពុជានាំចូលប្រមាណ ៣០ភាគរយ បន្ទាប់ពីបរិមាណនៃការនាំចូលបន្លែពីបរទេសចូលមកកម្ពុជា បានកើនឡើងដល់ទៅ ៥០ភាគរយកាលពីពាក់កណ្ដាលឆ្នាំមុន។
អំឡុងខែកញ្ញា ឆ្នាំ២០១៧ អង្គការ USAID របស់អាមេរិក បានបង្ហាញរបាយការណ៍ថា ពលរដ្ឋកម្ពុជាជាង ៧០ភាគរយ កំពុងប្រកបរបរកសិកម្ម ប៉ុន្តែ កសិករអាចដាំបន្លែបានតែ ១ភាគ៣ នៃតម្រូវការទីផ្សារ ដោយសារបញ្ហាផ្សេងៗ៕