ប្រជាពលរដ្ឋដែលដាក់ញត្តិនៅស្ថានទូតអាល្លឺម៉ង់ ភ្ញាក់ផ្អើលនៅពេលដែលពួកគេបានឃើញអាជ្ញាធររាជធានីភ្នំពេញ បានបង្ហោះឧបករណ៍ដ្រូន(Drone) ដើម្បីថតសកម្មភាពរបស់ពួកគេ និងបានចាត់ទុកករណីនេះថា ជាការគំរាមកំហែង និងរឹតត្បិតសិទ្ធិសេរីភាពពួកគេបន្ថែមទៀត។
កាលពីថ្ងៃអង្គារម្សិលមិញ ប្រជាពលរដ្ឋប្រមាណ ១៥០នាក់ បាននាំគ្នាប្រមូលផ្តុំដាក់ញត្តិនៅស្ថានទូតអាល្លឺម៉ង់ ស្ថិតក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ ដើម្បីស្នើមន្ត្រីទូតជួយអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជា ដោះលែងមេដឹកនាំសហជីព លោក រ៉ុង ឈុន និងសកម្មជនផ្សេងទៀត។
នៅពេលប្រមូលផ្តុំនោះ ក្រុមពលរដ្ឋទាំងនោះ បានប្រទះឃើញដ្រូនពណ៌ស និងមានបិទសញ្ញាសាលាក្រុងរាជធានីភ្នំពេញ បានហោះឆ្វែលពីលើពួកគេ ដើម្បីថតយកសកម្មភាព។
អ្នកស្រី សុខ ស្រីនិច ដែលចូលរួមទៅដាក់ញត្តិនៅស្ថានទូតអាល្លឺម៉ង់នោះ ប្រាប់វីអូឌីនៅថ្ងៃនេះថា ដំបូងឡើយ ពួកគាត់គិតថា ដ្រូនដែលបង្ហោះសម្រាប់ថតសកម្មភាពប្រមូលផ្តុំរបស់ពួកគាត់ ជារបស់ស្ថានទូតអាល្លឺម៉ង់ ប៉ុន្តែជាក់ស្ដែងអ្នកស្រីបានឃើញដ្រូននោះ មានបិទស្លាកសញ្ញារបស់សាលារាជធានីភ្នំពេញទៅវិញ។
អ្នកស្រី បន្តថា ពួកគាត់មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលឃើញអាជ្ញាធប្រើប្រាស់ឧបករណ៍ថ្មីនេះ មកថតសកម្មភាពរបស់ពួកគាត់។ អ្នកស្រីចាត់ទុកសកម្មភាពនេះថា ជាការបំភ័យ និងគំរាមកំហែង មិនឱ្យពួកគាតចេញតវ៉ាទៀត។
អ្នកស្រីថា៖ «ជាធម្មតា គាត់មានត្រឹមតែកាមេរ៉ា គឺយើងគិតថា វាជាការរំលោភបំពានសិទ្ធិបាត់ទៅហើយ ពេលខ្លះមានការរុញច្រានពីកងសន្តិសុខ ប៉ុន្តែជាក់ស្ដែងកាលពីម្សិលមិញ នៅមុខស្ថានទូតអាល្លឺម៉ង់ គឺមានការបង្ហោះដ្រូនទៀត អ៊ីចឹងខ្ញុំគិតថា ជាការរឹតត្បិតសេរីភាពមែនទែន ហើយជាការរឹតត្បិតសកម្មភាពបញ្ហាសង្គម»។
លោក កង សុនសាន ជាគ្រូបង្រៀនមួយរូប និងបានចូលរួមដាក់ញត្តិដែរនោះ មានប្រសាសន៍ថា អាជ្ញាធរបានប្រើប្រាស់ដ្រូន ដើម្បីថតយកសកម្មភាព និងចំនួនមនុស្សដែលប្រមូលផ្តុំទាំងអស់ បើទោះជាការប្រមូលផ្តុំរបស់ពួកគាត់ធ្វើឡើងដោយសន្តិវិធីក៏ដោយ។
ចំណែក អ្នកនាំពាក្យស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា បានលើកឡើងតាមរយៈអ៊ីម៉ែលថា លោកមិនបានដឹងថាដ្រូនដែលបង្ហោះនោះជាកម្មសិទ្ធរបស់អ្នកណា ហើយក៏មិនបានដឹងពីគោលបំណងនៃការបង្ហោះដ្រូននោះដែរ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានបញ្ជាក់ថា ដ្រូនដែលត្រូវបានបង្ហោះនៅទីតាំងមុខស្ថានទូតអាល្លឺម៉ង់ គឺជាកម្មសិទ្ធិរបស់សាលារាជធានីភ្នំពេញ ហើយថា គោលបំណងនៃការបង្ហោះដ្រូននេះ គឺគ្មានអ្វីក្រៅពីផ្តិតយករូបភាពនៃក្រុមអ្នកតវ៉ានោះទេ។
លោកបន្តថា ការប្រើប្រាស់ដ្រូនដើម្បីថតសកម្មនេះ ជារឿងធម្មតា មិនខុសពីការប្រើប្រាស់ទូរស័ព្ទដៃ និងកាម៉េរ៉ា ដើម្បីថតសកម្មភាពនោះទេ។
លោកបានថ្លែងថា៖ «វាគឺជាការផ្តិតរូបភាព ហើយដ្រូននេះ គឺសម្រាប់ថតរូបភាពហើយ អ្វីដែលជាការលើកឡើង ជាការព្រួយបារម្ភ[របស់ក្រុមអ្នកតវ៉ា] កុំបារម្ភ ប្រសិនបើយើងមិនធ្វើអ្វីខុស គ្រាន់តែរូបភាពតើ…យើងបារម្ភដល់ថ្នាក់នោះ បារម្ភនោះ [បានន័យថា]យើងរអារខ្លួនហើយ មានអ្វីខុសហើយបានរអារដល់ថ្នាក់នោះ»។
នាយករងអង្គការការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាត បានមានប្រសាសន៍ថា កន្លងមក អាជ្ញាធរ បានប្រើប្រាស់កាមេរ៉ា និងទូរស័ព្ទដៃ ដើម្បីថតសកម្មភាពតវ៉ានានា ដែលសកម្មភាព នេះ បានបង្កការភ័យខ្លាចក្នុងចំណោមអ្នកតវ៉ា។
លោកយល់ថា ការប្រើប្រាស់ឧបករណ៍ដ្រូនបន្ថែមទៀតនេះ អាចបង្កការភ័យខ្លាំងកាន់តែខ្លាំងថែមទៀតដល់ក្រុមអ្នកតវ៉ា បើទោះជាអាជ្ញាធរលើកហេតុផលថាដើម្បីការពារសុវត្ថិភាពរបស់អ្នកតវ៉ាក៏ដោយ។
លោកបានថ្លែងថា៖ «សង្គមស៊ីវិលយើងមើលទៅរូបភាពនេះ វាជាការបំផិតបំភ័យសម្រាប់ក្រុមអ្នកតវ៉ាដោយសន្តិវិធីបន្ថែមទៀត។ ខ្ញុំគិតថា មិនសូវមានផលចំណេញអីទេសម្រាប់ខាងសលាក្រុង»៕