ប្រជា​​សហ​គមន៍​​ជិត​៣០​គ្រួសារ​​ប្រឈម​​កា​រ​បណ្តេញ​​ចេញ​ពី​​លំនៅឋាន​ក្រោម​​គម្រោង​​អភិវឌ្ឍន៍​​របស់​​រដ្ឋ​​

តំណាង​សហគមន៍​ភូមិ១៧ ស្ថិតនៅ​សង្កាត់​បឹងកក់​ទី២ ខណ្ឌទួលគោក លោក គា ភា​រ៉ា ផ្ដល់បទសម្ភាសន៍ករណីវិវាទដីធ្លីរបស់សហគមន៍ ព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

ប្រជា​សហគមន៍​រស់នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ជិត៣០គ្រួសារ នៅ​ខណ្ឌទួលគោក អះអាង​ថា ពួក​គេ​ប្រឈម​នឹង​ការ​បណ្តេញ​ចេញពី​លំនៅឋាន បើ​សាលា​រាជធានី​ភ្នំពេញ​ធ្វើការ​អភិវឌ្ឍ​ផ្លូវ​បេតុងនិង​អាងស្តុកទឹក​នៅ​តំបន់​នោះនា​ពេល​ឆាប់​ៗខាងមុខនេះ។

ការ​អះអាង​នេះបាន​ធ្វើឡើង​នៅពេល​ដែល​ពួក​គេ​បាន​ទៅ​ប្រមូល​ផ្តុំ​នៅមុខ​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី០៣ ខែកញ្ញា​នេះ ដើម្បី​សួរនាំ​ពាក់ព័ន្ធ​នឹង​គម្រោង​អភិវឌ្ឍន៍​របស់​អាជ្ញាធរ។

តំណាង​ប្រជា​សហគមន៍​អភិវឌ្ឍន៍​ថ្មី សង្កាត់​ទឹកល្អក់​ទី១ ខណ្ឌទួលគោក អ្នកស្រី មាស ស្រី​ភាព និយាយ​ថា កាលពី​ថ្ងៃទី១២ ខែសីហាថ្មី​ៗនេះ អាជ្ញាធរ​ខណ្ឌ​បាន​ជូនដំណឹង​ដល់​ប្រជា​សហគមន៍​ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង ក្នុង​សង្កាត់​ទឹកល្អក់​ទី១ សង្កាត់​បឹងកក់​ទី១ និង​សង្កាត់​បឹងកក់​ទី២ ដោយ​ទុក​ពេល១ខែ​ចាប់ពី​ថ្ងៃ​ជូនដំណឹងឱ្យ​ពួក​គេ​ត្រៀម​រុះរើ​ផ្ទះ​ចេញពី​តំបន់​នោះ ដើម្បី​ទុក​លទ្ធភាព​ឱ្យ​អាជ្ញាធរ​ស្ថាបនា​ផ្លូវនិង​កែ​លម្អ​អាងស្តុកទឹក​ឱ្យ​បាន​ល្អ​ប្រសើរ​ឡើងវិញ។

ករណីនេះ អ្នកស្រី​ថា សាលា​រាជធានី​ភ្នំពេញមិនបាន​បញ្ជាក់​ពីទី​តាំង​ថ្មីដែល​ត្រូវ​ដោះដូរ​ឱ្យ​ពួក​គេ​នោះ​ទេ ប៉ុន្តែ​ពួក​គាត់​បាន​ដាក់​សំ​ណើស្នើសុំ​ពីរ​ចំណុច គឺ​ធ្វើការ​អភិវឌ្ឍ​នៅនឹង​កន្លែងឬដោះដូរ​ទីតាំង​ដី​ថ្មី​នៅ​ក្រោយ​វត្ត​«ទួល​អស់លោក»​ដែល​នៅ​ក្បែរ​តំបន់​នោះ។

អ្នកស្រី​បាន​និយាយ​ថា៖ «ខ្ញុំ​ថា ខ្ញុំ​អត់​ទទួលយក​សំណង​ទេ ខ្ញុំ​សុំ​ដូរ​ដី​ខ្ញុំ​វិញ ទាំង​ភូមិ១៥, ១៦ និង​ភូមិ១៧ គេ​សុំ​ស្នើ​ដូចគ្នា​ទាំងអស់ គឺ​ដី​នៅ​[វត្ត​]ទួល​អស់លោក និង​ខណ្ឌទួលគោក គឺ​ដី​កន្លែងណា​[ផ្សេង​]ក៏​ពួក​ខ្ញុំ​អត់​យក​ដែរ»។

បន្ថែម​ពីនេះ អ្នកស្រី​ថា សាលា​រា​ធានី​ភ្នំពេញស្នើ​ឱ្យប្រជា​សហគមន៍​ទាំងនោះ​ធ្វើ​លិខិត​ដាក់ពាក្យ​ស្នើសុំ​កម្មសិទ្ធិ​ដី​នោះ​ជាថ្មី ដោយ​បញ្ជាក់​ទីតាំង​ឱ្យបាន​ច្បាស់លាស់ ដើម្បី​ជូន​ទៅ​ថ្នាក់លើ​ពិនិត្យនិង​សម្រេច។

តំណាង​ប្រជា​សហគមន៍​អភិវឌ្ឍន៍​ថ្មី​ម្នាក់ទៀត អ្នកស្រី ហ៊ុយ សា​ខឿន និយាយ​ថា បើ​សាលា​រាជធានី​ភ្នំពេញ​មិនព្រម​អភិវឌ្ឍនិង​ដោះដូរ​ទីតាំង​ថ្មី​ឱ្យ​ពួក​គេ​ទេ នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ជីវភាព​គ្រួសារ​កាន់តែ​ខ្លាំង។

អ្នកស្រី​និយាយ​ថា៖ «បើ​ដេញចេញ​ទៅ ខ្ញុំ​មិនដឹង​ទៅ​នៅកន្លែង​ណា​ទេ ហើយ​ណា​កូន​ខ្ញុំ​រៀន​នៅ​ទីនេះ ហើយ​កន្លែង​ខ្ញុំ​ធ្វើការ​រកស៊ី​ក៏​នៅ​ទី​ហ្នឹង​ដែរ បើ​ឱ្យ​ខ្ញុំ​ទៅ​នៅកន្លែង​ណា​ឆ្ងាយ បើ​ចង់​ដោះស្រាយ​ ខ្ញុំ​ចង់​នៅកន្លែង​ហ្នឹង​ [អភិវឌ្ឍនៅនឹង​កន្លែង​] ក៏បាន ងាយស្រួល​យើង​ធ្វើការ កូន​រៀន ខ្ញុំ​រកស៊ី​នៅ​ទី​ហ្នឹង ខ្ញុំ​រកស៊ី​នៅ​ទី​ហ្នឹង​ដែរ»។

រីឯតំណាង​សហគមន៍​ភូមិ១៧ ស្ថិតនៅ​សង្កាត់​បឹងកក់​ទី២ ខណ្ឌទួលគោក លោក គា ភា​រ៉ា អះអាង​ថា ពួក​គាត់​នឹង​បន្ត​ការ​តវ៉ា​រហូតដល់​មាន​ដំណោះស្រាយ។ 

លោក​ព្រមាន​ថា៖ «បើ​អត់មាន​ដំណោះស្រាយ មានតែ​ពួក​ខ្ញុំធ្វើការ​ដាក់​ញត្តិ​ជូន​ទៅ​សាលា​រាជធានី​ភ្នំពេញ​ម្តង​ទៀត ដើម្បីឱ្យគាត់​រក​ដំណោះស្រាយ​ឱ្យខ្ញុំ ដំណោះស្រាយ​ដូរ​ដី​ឱ្យ​ខ្ញុំដែល​នៅក្នុង​ខណ្ឌទួលគោក»។

វី​អូ​ឌីមិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្តី បានទេ​នៅ​រសៀល​ថ្ងៃនេះ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លី​កាដ​ូ លោក អំ សំអាត មានប្រសាសន៍​ថា ប្រសិនបើ​រដ្ឋាភិបាលមាន​គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់​នោះ​មែន អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​រក​វិធី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ជាមុន មុននឹង​ធ្វើការ​អភិវឌ្ឍ ដើម្បី​កុំឱ្យ​មានការ​តវ៉ា​រឿង​ដីធ្លី នៅ​អំឡុង​ពេល​អភិវឌ្ឍន៍​នោះ។

លោក​មានប្រសាសន៍​ថា៖ «បើសិនជា​គ្មាន​ដំណោះស្រាយ វា​អាច​មាន​បញ្ហា​ប្រឈម​ជាបន្តបន្ទាប់ មានន័យថា ពលរដ្ឋ​អាច​នឹង​រង​ផល​ប៉ះពាល់ រង​នូវ​ការ​បណ្តេញ​ចេញ ហើយ​អាជ្ញាធរ​ក៏អាច​រង​នូវ​ការ​តវ៉ា នូវ​ការ​​ទាមទារពី​ប្រជាពលរដ្ឋ​ដែរ បើសិនជា​មិន​មាន​ដំណោះស្រាយ​ណាមួយ​ឈាន​ដល់​ការព្រមព្រៀង​គ្នាហើយ​ធ្វើការ​អភិវឌ្ឍ»។

កាលពី​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ប្រជា​សហគមន៍​ទាំងនោះក៏បាន​ដាក់​លិខិត​ទៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ស្នើសុំ​ជួបពិភាក្សា​គ្នា​ស្វែងរក​ដំណោះស្រាយ​លើ​ករណីនេះ​ដែរ ប៉ុន្តែ​មកដល់ពេលនេះនៅមិនទាន់​មានការ​ឆ្លើយតប​នៅឡើយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ