ក្រសួងអប់រំ យុវជន និងកីឡា ណែនាំដល់មន្ត្រីអប់រំរាជធានី-ខេត្តសហការជាមួយមន្ទីរសុខាភិបាលរាជធានី-ខេត្ត ដើម្បីវាស់កម្តៅនិងផ្តល់វិញ្ញាបនបត្របញ្ជាក់សុខភាពជូនបេក្ខជនប្រឡងសញ្ញាបត្រទុតិយភូមិ មុនដំណើរការប្រឡងមួយថ្ងៃ និងអនុវត្តគោលការណ៍មួយចំនួន ដើម្បីបង្ការនិងទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩។
ក្នុងសេចក្តីណែនាំបន្ថែមស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) របស់ក្រសួងអប់រំ កាលពីថ្ងៃពុធម្សិលមិញ បានឱ្យដឹងថា សម័យប្រឡងសញ្ញាបត្រទុតិយភូមិនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ក្នុងនោះក្រសួងបានកំណត់នូវគោលការណ៍មួយចំនួន ដើម្បីឱ្យការរៀបចំការប្រឡងប្រព្រឹត្តទៅដោយរលូននិងមានគុណភាព ព្រមទាំងចូលរួមបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
សេចក្តីណែនាំបន្តថា ក្នុងដំណើរការប្រឡង គ្រប់មណ្ឌលរាជធានី-ខេត្តត្រូវរៀបចំបេក្ខជនក្នុងមួយបន្ទប់ចំនួន២៥នាក់និងក្នុងមួយមណ្ឌលពី២០បន្ទប់ទៅ២៥បន្ទប់ ហើយត្រូវធ្វើការបែងចែកឱ្យដាច់ពីគ្នារវាងមណ្ឌលប្រឡងថ្នាក់វិទ្យាសាស្ត្រពិតនិងមណ្ឌលប្រឡងថ្នាក់វិទ្យាសាស្ត្រសង្គម។
សេចក្តីណែនាំដដែលក៏បានតម្រូវឱ្យរៀបចំបន្ទប់មួយដាច់ដោយឡែក នៅពេលបេក្ខជនណាមានកម្តៅលើសពី៣៨អង្សា និងមួយបន្ទប់ទៀតសម្រាប់បំពាក់សម្ភារចាំបាច់សម្រាប់សង្គ្រោះបឋម។
សេចក្តីណែនាំគូសបញ្ជាក់ថា៖ «ត្រូវសហការឱ្យបានជិតស្និទ្ធជាមួយមន្ទីរសុខាភិបាលរាជធានី-ខេត្តនិងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ដើម្បីវាស់កម្តៅនិងផ្តល់វិញ្ញាបនបត្របញ្ជាក់សុខភាពជូនដល់បេក្ខជននៅពេលបេក្ខជនពិនិត្យមើលឈ្មោះមុនដំណើរការប្រឡង»។
ក្រសួងអប់រំក៏បានចេញសេចក្តីណែនាំមួយទៀតសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ថ្នាក់ទី៩) ផងដែរ ក្នុងនោះក្រសួងបានប្រកាសបន្តប្រគល់សិទ្ធនៃការទទួលខុសត្រូវទាំងស្រុង ជូនគ្រឹះស្ថានមធ្យមសិក្សានីមួយៗក្នុងការរៀបចំការប្រឡង ទាំងដំណើរការសំណេរ កំណែ ស្រង់ និងបូកសរុបពិន្ទុ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅថ្ងៃនេះថា សិស្សថ្នាក់ទី៩ដែលត្រូវចូលរៀននៅថ្ងៃទី០៧ ខែកញ្ញាខាងមុខ ត្រូវដាក់ពាក្យសុំចុះឈ្មោះប្រឡង ដោយមិនមានការលុបបេក្ខភាពចោលនោះទេ។
លោកបន្តថា ដោយឡែក សិស្សទី១២ដែលបានដាក់ពាក្យសុំចុះឈ្មោះប្រឡងហើយ នឹងត្រូវអនុញ្ញាតឱ្យប្រឡងទាំងអស់ ហើយក្រសួងនឹងបញ្ជូនបញ្ជីផ្ទៀងផ្ទាត់ព័ត៌មានបេក្ខជនទៅតាមមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត។ សូមជម្រាបថា ក្រសួងអប់រំបានកំណត់កាលបរិច្ឆេទប្រឡងរបស់សិស្សថ្នាក់ទី៩ នៅថ្ងៃទី៣០ ខែវិច្ឆិកា និងថ្នាក់ទី១២ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ខាងមុខ៕