ក្រសួងពាណិជ្ជកម្មបញ្ជាឱ្យបញ្ឈប់ជាបន្ទាន់រាល់ការនាំចូលនិងចែកចាយទឹកដោះគោម៉ាក នុតទ្រីលែត (Nutrilatt) សម្រាប់កុមារអាយុពីសូន្យដល់២៤ខែ។
សេក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មដែលចេញផ្សាយនៅថ្ងៃទី០៣ ខែកញ្ញា បានលើកឡើងថា ផ្អែកតាមលទ្ធផលពិសោធន៍នៅមន្ទីរពិសោធន៍បង្ហាញថា ផលិតផលនុតទ្រីលែតមិនបានបំពេញតម្រូវការអប្បបរមាលើកម្រិតជាតិដែកដែលមានកំណត់ក្នុងស្ដង់ដារ Codex[សុវត្ថិភាពអាហារសម្រាប់មនុស្សគ្រប់រូបនៅគ្រប់ទីកន្លែង] នោះទេ។
ក្រសួងពាណិជ្ជកម្មដាក់ចេញនូវវិធានការបន្ទាន់មួយចំនួន រួមមាន ក្រុមហ៊ុនត្រូវបញ្ឈប់បន្ទាន់រាល់ការនាំចូលចែកចាយទឹកដោះគោម៉ាក Nutrilatt (០ខែដល់២៤ខែ) រហូតមានការជូនដំណឹងជាថ្មី ប្រមូលត្រឡប់មកវិញនូវម្សៅទឹកដោះគោមានលេខកូដ B/N ៤៨៧, ៤៨៨, ៥៣៦, ៥៣៩ ឱ្យស្ថាប័នជំនាញពិនិត្យនិងសហការជាមួយស្ថាប័នជំនាញ ដើម្បីពិនិត្យគុណភាពគ្រប់ផលិតផលនុតទ្រីលែត(ក្នុងរយៈពេល៣ខែ)។
ក្រសួងពាណិជ្ជកម្មក៏ស្នើឱ្យផ្សារទំនើប ឱសថស្ថាន ហាងលក់ទំនិញ ផ្អាកជាបន្ទាន់រាល់ការតាំងលក់ផលិតផលម្សៅទឹកដោះគោនុតទ្រីលែតទាំងអស់ នឹងត្រូវប្រគល់ម្សៅទឹកដោះគោដែលមានលេខកូដ ៤៨៧, ៤៨៨, ៥៣៦, ៥៣៧, ៥៣៨ និង ៥៣៩ ជូនអង្គភាពជំនាញដើម្បីត្រួតពិនិត្យ។
ក្រសួងពាណិជ្ជកម្មតម្រូវឱ្យអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ចុះត្រួតពិនិត្យតាមទីផ្សារនានាដើម្បីដកហូតផលិតផលដែលមានលេខកូដលេខកូដ ៤៨៧, ៤៨៨, ៥៣៦, ៥៣៧, ៥៣៨ និង ៥៣៩ ដែលចរាចរលើទីផ្សារ។
ក្រសួងពាណិជ្ជកម្មបានស្នើឱ្យឪពុកម្តាយឈប់ឱ្យកូនបៅទឹកដោះគោនុតទ្រីលែតដែលមានលេខកូដ ៤៨៧, ៤៨៨, ៥៣៦, ៥៣៧, ៥៣៨ និង ៥៣៩ ព្រមទាំងដាក់ពាក្យបណ្ដឹងមកកាន់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក្នុងករណីសង្ស័យថា កូនរបស់ខ្លួនរងផលប៉ះពាល់ដោយសារញ៉ាំទឹកដោះគោនុតទ្រីលែត។
ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា៖ «វិធានការនេះធ្វើឡើងក្នុងបំណងទប់ស្កាត់ផលប៉ះពាល់ដល់សុខភាពទារកនិងកុមារកម្ពុជា ពីការបៅទឹកដោះគោនុតទ្រីលែត។»
វីអូឌីមិនអាចទាក់ទងតំណាងក្រុមហ៊ុន នុតទ្រីលែត បានទេ នៅរសៀលថ្ងៃទី០៣ ខែកញ្ញា។
ម្ចាស់ឱសថស្ថានមួយខណ្ឌដង្កោ រាជធានីភ្នំពេញ លោក ហេង ចាន់ មានប្រសាសន៍ប្រាប់វីអូឌីថាលោកផ្អាកលក់ទឹកដោះគោនុតទ្រីលែតតាំងពីចុងខែកក្កដាមក ដោយបារម្ភខ្លាចប៉ះពាល់សុខភាពទារកនិងកុមារបន្ទាប់ពីបានអានព័ត៌មាន។
លោក ហេង ចាន់ មានប្រសាសន៍ថា៖ «កាលចុងខែ៧ហ្នឹង ខ្ញុំលក់អាទឹកដោះគោហ្នឹងអស់ហើយ ខ្ញុំអត់យកមកលក់ទៀតទេ។ កាលហ្នឹងកូនខ្ញុំវាអានព័ត៌មានឃើញគេផ្សាយថា ក្មេងញ៉ាំអាហ្នឹង ធ្លាក់ខ្លួនឈឺស្លេកខ្វះជាតិដែកអីហ្នឹង ខ្ញុំសម្រេចផ្អាកលក់តែម្ដង។ មានម៉ូយមករកដែរ តែខ្ញុំប្រាប់ពួកគាត់តាមហ្នឹងទៅ»។
កាលពីថ្ងៃទី៣១ ខែសីហា ប្រធានក្រុមការងារបច្ចេកទេសលើវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភនៃរាជរដ្ឋាភិបាលកម្ពុជា លោក យឹម ឆៃលី ស្នើឱ្យក្រសួងពាណិជ្ជកម្មចាត់វិធានការតឹងរ៉ឹងចំពោះក្រុមហ៊ុនផលិតទឹកដោះគោនុតទ្រីលែត (Nutrilat)។
លោក យឹម ឆៃលី លើកឡើងថា លោកគាំទ្រដល់ចំណាត់ការដ៏តឹងរ៉ឹងរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីឱ្យក្រុមហ៊ុន Nutrilatt MasterLM Co ,LTD ដែលជាក្រុមហ៊ុននាំចូលម្សៅទឹកដោះគោ នុតទ្រីលែត គោរពច្បាប់កម្ពុជានិងស្ដង់ដារអន្តរជាតិ។
មាតាកុមាររងគ្រោះដោយសារជំងឺស្លេកស្លាំងនិងជាអតីតអតិថិជនទឹកដោះគោនុតទ្រីលែត អ្នកស្រី ច័ន្ទ ផល្គុន មានប្រសាសន៍ថា អ្នកស្រីគាំទ្រចំណាត់ការរបស់ក្រសួងពាណិជ្ជកម្ម បើទោះជាចំណាត់ការនេះហាក់ដូចជាយឺតពេលបន្តិចក៏ដោយចុះ។ អ្នកស្រីបន្តថា កន្លងមក ក្រុមហ៊ុនចែកចាយម្សៅទឹកដោះគោនុតទ្រីលែត គ្មានការទទួលខុសត្រូវក្នុងនាមជាអ្នករកស៊ីសុចរិតនោះឡើយ។
ប្រសាសន៍អ្នកស្រី ច័ន្ទ ផល្គុន មានប្រសាសន៍ថា៖ «គេដៀលគេមើលងាយជនរងគ្រោះ គេ[តំណាងក្រុមហ៊ុន] បានដៀលពួកយើងថា គេផឹកមួយប្រទេសមិនអី មកអីតែប៉ុន្មានអង្គឯងហ្នឹង។ ភាសាខ្លះទៀត បុគ្គលិកគេហ្នឹងនិយាយថា បើចង់បានលុយនិយាយត្រង់ៗមក កុំធ្វើយំស្រែកគួរឱ្យអាណិតណាស់! ភាសាអីចឹងគេប្រើមកលើអតិថិជនជនរងគ្រោះ»។
អ្នកស្រីបន្ថែមថា ក្រុមគ្រួសារទារករងគ្រោះកំពុងសិក្សាលទ្ធភាពទាមទារសំណងចំពោះករណីនេះ។
អ្នកស្រី ច័ន្ទ ផល្គុន បន្ថែមថា៖ «លទ្ធផលចេញហើយ ច្បាស់ហើយថាផលិតផលនេះជាដើមហេតុដែលធ្វើឱ្យកុមារឈឺរងគ្រោះសឹងបាត់បង់ជីវិត។ យើងស្ថិតក្នុងដំណាក់កាលសិក្សាទាមទារសំណង ពួកយើងត្រូវការជំនួយពីគ្រប់ភាគីពាក់ព័ន្ធដើម្បីធ្វើរឿងនេះ»។
បើតាមអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ឱ្យដឹងថា គិតមកដល់ដើមខែកញ្ញានេះ មានឪពុកម្ដាយចំនួន១៧គ្រួសារ មានកុមារកើតជំងឺស្លេកស្លាំងដោយខ្វះជាតិដែកធ្ងន់ធ្ងរ១៨នាក់ (គ្រួសារមួយកូនភ្លោះ) បានដាក់ពាក្យប្ដឹងមកកាន់អង្គភាពជំនាញមួយនេះ ដើម្បីឱ្យចាត់វិធានការលើក្រុមហ៊ុនចែកចាយម្សៅទឹកដោះគោនុតទ្រីលែត។
អត្ថបទស៊ើបអង្កេតរបស់វីអូឌីដែលចេញផ្សាយកាលពីថ្ងៃទី២០ ខែឧសភា រកឃើញថា ជាង៩០%(៣២នាក់) ក្នុងចំណោមកុមារ៣៤នាក់ដែលរងគ្រោះដោយសារជំងឺនេះ បានបៅទឹកដោះគោម៉ាកនុតទ្រីលែត១ (Nutrilatt 1)៕