ក្រុមសហជីពចង់ឱ្យប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករក្នុងឆ្នាំ២០២១ឡើងដល់ជាង២០១ដុល្លារក្នុងមួយខែ ខណៈប្រាក់ឈ្នួលអប្បបរមាកម្មករឆ្នាំ២០២០នេះមានចំនួន១៩០ដុល្លារ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញានេះ បានបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាលើកទី១ ដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរនិងផលិតស្បែកជើងសម្រាប់ឆ្នាំ២០២១។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយចប់កិច្ចប្រជុំ ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា មានប្រសាសន៍ថា ក្រោយពិភាក្សាគ្នារវាងតំណាងកម្មករនិងសហជីព កាលពីថ្ងៃទី២៨ ខែសីហា ក្រុមសហជីពបានស្នើដល់រដ្ឋាភិបាលតម្លើងប្រាក់ឈ្នួលអប្បបរមាចំនួន២០១.៥៩ដុល្លារក្នុងមួយខែ សម្រាប់កម្មករនិយោជិតនៅឆ្នាំក្រោយ ពោលគឺស្នើតម្លើង១១.៥៩ដុល្លារបន្ថែមលើប្រាក់ឈ្នួលអប្បបរមាក្នុងឆ្នាំនេះ។
លោក ប៉ាវ ស៊ីណា បញ្ជាក់ថា ការស្នើនេះបានធ្វើឡើងក្រោយពីរកឃើញថា អតិផរណានិងតម្រូវការងារកើនឡើង ខណៈការរស់នៅរបស់កម្មករជួបការលំបាកនិងមានបញ្ហាផ្សេងៗទៀត។
លោកបន្ថែមថា៖ «យោងទៅលើបទបង្ហាញរបស់ក្រសួងការងារដែលបង្ហាញពីការកើនឡើងនៃទំនិញទីផ្សារឬអតិផរណានោះគឺ៣.១ភាគរយ ហើយផលិតភាព០.២ភាគរយ អីចឹងវាស្មើ៣.៣ភាគរយ តែអ្វីដែលស្នើុគឺ១.១ភាគរយ។ អីចឹងបើយើងមើលគម្លាតគ្នា គឺខុសតែជាង២ភាគរយ។ នេះជាការមើលឃើញរបស់យើងក្នុងនាមភាគីសហជីពនិងតួលេខដែលយើងបានរកឃើញ។ ប៉ុន្តែតួលេខនេះ យើងនឹងធ្វើការពិភាក្សាគ្នាបន្តទៀតនៅថ្ងៃចន្ទខាងមុខ ដែលជាកិច្ចប្រជុំផ្ទៃក្នុងរបស់ក្រុមសហជីព»។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បង្ហាញក្តីសង្ឃឹមថា ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករក្នុងឆ្នាំ២០២១ នឹងមានតួលេខមួយដែលអាចទទួលបាន ប្រសិនបើកម្ពុជារក្សាបានកំណើនវិនិយោគ ហើយថៅកែបញ្ចេញប្រាក់ចំណេញដែលបានចំណេញរាប់ឆ្នាំមកជួយកម្មករ និងស្របពេលដែលរដ្ឋាភិបាលរកវិធីបញ្ចៀសផលប៉ះពាល់ពីការដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងតែអាវុធ» (EBA) ចំនួន២០ភាគរយ និងជំងឺកូវីដអាចបញ្ចប់នៅរយៈពេលដ៏ខ្លីខាងមុខ។
លោកបន្ថែមថា៖ «ពាក់ព័ន្ធចំណុចប្រឈមដែលខ្ញុំនិយាយថា កូវីដ និង EBA បើតាមរដ្ឋនិយាយ វាអាចបញ្ចៀសបាន។ អីចឹងជារួម សម្រាប់ការចរចាប្រាក់ឈ្នួលឆ្នាំ២០២១ខាងមុខនេះ ខ្ញុំគិតថា វានៅតែមានសក្តានុពល ដែលការចាប់ផ្តើមដំបូងម្នាក់ៗមានការបារម្ភ ប៉ុន្តែក្រោយពេលជួបប្រជុំថ្ងៃនេះដូចជាមានសង្ឃឹមច្រើនថានឹងមានតួលេខដែលអាចចរចាបាន»។
វីអូឌីមិនអាចសុំការឆ្លើយតបពីអគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC លោក ខេន លូ បានទេ ដោយទូរសព្ទចូលគ្មានអ្នកទទួល។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំថា ការប្រជុំលើកទី១នេះគឺដើម្បីបង្ហាញអំពីស្ថិតិសំខាន់ៗ សម្រាប់ភាគីពាក់ព័ន្ធយកធ្វើជាមូលដ្ឋានក្នុងការប្រើប្រាស់លក្ខណៈវិនិច្ឆ័យនិងស្តាប់គោលជំហរភាគីទាំងនោះ ទៅលើការធ្វើវិនិច្ឆ័យសង្គមនិងសេដ្ឋកិច្ច ក្នុងការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២១ប៉ុណ្ណោះ មិនទាន់មានការកំណត់តួលេខណាមួយឡើយ។
លោក អ៊ិត សំហេង ឱ្យដឹងថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងជួបប្រជុំចំនួនពីរដងទៀតទើបចប់ គឺនៅថ្ងៃទី៩និងទី១០ ខែកញ្ញា ឆ្នាំ២០២០។
លោកបន្ថែមថា៖ «យើងមានឆន្ទៈជជែកពិភាក្សាគ្នាដោយស្មារតីទទួលខុសត្រូវក្នុងការដោះស្រាយប្រាក់ឈ្នួលឆ្នាំនេះ អីចឹងភាគីមួយៗមិនទាន់កំណត់ថាយ៉ាងម៉េចទេ»។
គួរបញ្ជាក់ថា នៅក្នុងការចរចារឿងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករឆ្នាំ២០២០នេះ ក្រុមសហជីពបានស្នើចំនួន១៩៥ដុល្លារ និងភាគីនិយោជកស្នើ១៨៦ដុល្លារ ខណៈរដ្ឋាភិបាលបានស្នើ១៨៧ដុល្លារ ហើយត្រូវបានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបោះឆ្នោតយកតួលេខ១៨៧ដុល្លារ ក្នុងនោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថែមជូន៣ដុល្លារទៀត ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករមានចំនួន១៩០ដុល្លារ៕