ស្ត្រីម្នាក់ត្រូវបានកម្លាំងសន្តិសុខខណ្ឌ៧មករារុញច្រានបណ្តាលឱ្យដួលបោកផ្ទប់នឹងថ្នល់ ខណៈពេលដែលស្ត្រីរូបនោះ រួមនឹងសាច់ញាតិរបស់អតីតសមាជិកគណបក្សសង្គ្រោះជាតិ បានប្រមូលផ្តុំគ្នាតវ៉ានៅក្បែរសាលាដំបូងរាជធានីភ្នំពេញ។
អង្គការការពារសិទ្ធិមនុស្សលីកាដូ បានឱ្យដឹងតាមគេហទំព័ររបស់ខ្លួនថា នៅព្រឹកថ្ងៃសុក្រនេះ អ្នកស្រី សេង ចាន់ថន អាយុ៤៩ឆ្នាំ ជាភរិយារបស់លោក ស៊ុន ធន់ អតីតសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ និងស្ត្រីមួយចំនួនទៀតដែលជាសាច់ញាតិរបស់អតីតសមាជិកគណបក្សសង្គ្រោះជាតិ បាននាំគ្នាឈរតវ៉ាដោយសន្តិវិធី ដើម្បីទាមទារឱ្យតុលាការដោះលែងស្វាមីរបស់ពួកគាត់ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ។
អង្គការនេះបន្តថា៖ «ខណៈដែលកម្លាំងសន្ដិសុខជាច្រើនប៉ះទង្គិចគ្នាជាមួយក្រុមស្រ្តី សន្តិសុខម្នាក់បានចាប់បោកអ្នកស្រី ចាន់ថន យ៉ាងហិង្សាផ្ទប់ទៅនឹងថ្នល់។ អ្នកស្រីត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត»។
អង្គការលីកាដូបានបញ្ជាក់ដែរថា ស្វាមីរបស់អ្នកស្រី ចាន់ថន ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ កាលពីដើមខែមិថុនា ក្រោមការចោទប្រកាន់ពីបទ «រួមគំនិតក្បត់ បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទញុះញង់កុំឱ្យយោធិនស្ដាប់បង្គាប់» ក្នុងនោះមានបទចោទខ្លះ ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងសកម្មភាពតាំងពីខែកក្កដា ឆ្នាំ២០១៨។
បើតាមអង្គការការពារសិទ្ធិមនុស្សមួយនេះ ចាប់តាំងពីដើមខែមិថុនា ឆ្នាំ២០២០ គ្រួសាររបស់អតីតសមាជិកគណបក្សជំទាស់ ត្រូវបានអូស ទាញ ទាត់ និងវាយដំ អំឡុងពេលដែលពួកគាត់តវ៉ាដោយសន្ដិវិធី ដើម្បីអំពាវនាវឱ្យដោះលែងសមាជិកគ្រួសារពួកគាត់វិញ។
វីអូឌីពុំទាន់អាចសុំការបញ្ជាក់ជុំវិញករណីនេះពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បាននៅឡើយទេ។
គិតមកទល់ពេលនេះ អតីតសមាជិកគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយចំនួន២៣នាក់ហើយ ត្រូវបានចាប់និងឃុំខ្លួនក្នុងពន្ធនាគារ៕