អ្នកនាំពាក្យស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនយុវជនម្នាក់ទៀតជាសកម្មជនសិទ្ធិមនុស្ស នៅរសៀលថ្ងៃនេះ ក្រោមបទចោទ «ញុះញង់ឲ្យមានភាពវីកវរដល់សន្តិសុខសង្គម» ពាក់ព័ន្ធរឿងព្រំដែន។
ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីយុវជនរូបនោះ ប្រកាសថានឹងធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យនៅព្រឹកថ្ងៃស្អែក ដើម្បីទាមទារដោះលែងលោក រ៉ុង ឈុន និងអ្នកគាំទ្រលោក៤នាក់ទៀត ឲ្យមានសេរីភាពវិញ ពាក់ព័ន្ធរឿងព្រំដែន។
អ្នកនាំពាក្យស្នងការរូបនោះប្រាប់វីអូឌីនៅថ្ងៃនេះថា សមត្ថកិច្ចបានចាប់ខ្លួនយុវជន លោក មាន ព្រហ្មមុនី នៅរាជធានីភ្នំពេញ នៅវេលាម៉ោងជាង២រសៀលថ្ងៃនះ តាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធរឿងព្រំដែនកម្ពុជា-វៀតណាម។ ក្រោយពីឃាត់ខ្លួនភ្លាម សមត្ថកិច្ចបានបញ្ជូនយុវជនរូបនោះ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
លោកមានប្រសាសន៍ថា៖ «ការឃាត់ខ្លួន អនុវត្តតាមដីការបស់តុលាការ យើងបានបញ្ជូនទៅ[តុលាការ]តាមដីកាតែម្តង ឃាត់ខ្លួននៅម៉ោង២ជាង»។
អ្នកនាំពាក្យសាលាដំបូងភ្នំពេញ លោក អ៊ី រិន្ទ សុំមិនធ្វើការបកស្រាយជុំវិញករណីនេះ ដោយលោកថា ជាប់រវល់។ ចំណែកអ្នកនាំពាក្យម្នាក់ទៀត លោក គុជ គឹមឡុង ទូរសព្ទចូលមិនមានអ្នកទទួល។
តាមគម្រោងក្រុមយុវជនខ្មែរថាវរៈ នឹងធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៥ខែកញ្ញា ដើម្បីទាមទារឱ្យមានយុត្តិធម៌នៅក្នុងសង្គម ហើយទាមទារឱ្យដោះលែងលោក រ៉ុង ឈុន និង យុវជន៤នាក់ទៀត៕