ក្រុមយុវជនខ្មែរថាវរៈនៅតែរក្សាជំហរធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ នៅថ្ងៃចន្ទស្អែកនេះ ដើម្បីទាមទារដោះលែងលោក រ៉ុង ឈុន និងអ្នកគាំទ្រលោក៤នាក់ផ្សេងទៀត បើទោះបីជាសាលារាជធានីភ្នំពេញព្រមានចាត់វិធានការផ្លូវច្បាប់លើពួកគេក៏ដោយ។
ក្នុងលិខិតមួយរបស់ក្រុមយុវជនខ្មែរថាវរៈ ចេញផ្សាយនៅថ្ងៃនេះថា សាលារាជធានីភ្នំពេញបានបដិសេធមិនអនុញាតក្រុមយុវជនខ្មែរថាវរៈធ្វើការជួបជុំសម្តែងមតិនៅទីលានប្រជាធិបតេយ្យ នៅថ្ងៃទី៧ ខែកញ្ញា ដល់ថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២០នោះទេ។
ប៉ុន្តែក្រុមយុវជនទាំងនោះអះអាងថា ពួកគេនៅតែប្រកាន់ជំហរធ្វើបាតុកម្មតាមការគ្រោងទុក នឹងស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ ដែលនិយាយថា ពលរដ្ឋគ្រប់រូបមានសេរីភាពបញ្ចេញមតិ សេរីភាពជួបប្រជុំ សេរីភាពធ្វើកូដកម្ម និងបាតុកម្មដោយសន្តិវិធីជាដើម។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី ព្រមានថា បើក្រុមយុវជនទាំងនោះ ជួបជុំគ្នាសម្តែងមតិមិនស្របតាមច្បាប់ ពួកគេប្រឈមនឹងវិធានការរបស់អាជ្ញាធរផងដែរ។
លោកមានប្រសាសន៍ថា៖ «វាអត់មានអ្វីចំឡែកទេ [បើធ្វើបាតុកម្មមិនគោរពច្បាប់] សំរាប់អាជ្ញាធរក្នុងការចាត់វិធានការ ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ»។
លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចូលចាប់ខ្លួននៅផ្ទះទាំងយប់កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ហើយត្រូវបានសាលាដំបូងសម្រេចបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃសនៅថ្ងៃបន្ទាប់ ក្រោមការចោទពីបទ «ញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។ ការចាប់ខ្លួននោះ ធ្វើឡើងបន្ទាប់ពីលោក ចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃ២១ ខែកក្កដា ឆ្នាំ២០២០នេះថា កម្ពុជាបោះបង្គោលព្រំដែនជាមួយវៀតណាម ក្នុងភូមិសាស្រ្តឃុំត្រពាំងថ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ពីលេខ១១៤ដល់១១៩នោះមានភាពមិនប្រក្រតីច្រើន ដែលធ្វើឱ្យដីអាស្រ័យផលរបស់ពលរដ្ឋនៅភូមិសាស្រ្តនោះជាច្រើនរយហិកតាបាត់បង់ទៅខាងភាគីវៀតណាម។
រីឯ ប្រធានគណបក្សខ្មែរឈ្នះ និងយុវជន៣នាក់ទៀត ត្រូវបានសមត្ថកិច្ចចាប់ និងឃុំខ្លួននៅពន្ធនាគារ ក្នុងខែសីហា ឆ្នាំ២០២០នេះ ពាក់ព័ន្ធនឹងបទចោទ «ញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»ផងដែរ៕