ក្រសួងសុខាភិបាលអំពាវនាវទៅសាសនិកឥស្លាមគោរពប្រតិបត្តិសកម្មភាពជំនឿសាសនារបស់ខ្លួននៅតាមវិហារ និងសូរ៉ាវ នាចុងសប្តាហ៍ក្រោយ ត្រូវចេះការពារសុខភាព ដើម្បីកុំឲ្យឆ្លងជំងឺកូវីដ១៩។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះផ្សាយកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០នេះថា ក្រសួងបានសម្រួលឲ្យសាសនិកឥស្លាមគោរពប្រតិបត្តិសកម្មភាពជំនឿសាសនារបស់ខ្លួននៅតាមវិហារ និងសូរ៉ាវជាដំណាក់ៗ ដើម្បីការពារកុំឲ្យឆ្លងជំងឺកូវីដ១៩ ដោយអនុវត្តចាប់ពីថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ។
វិធានការជាដំណាក់ៗទាំងនោះរួមមាន សាសនិកឥស្លាម ដែលចូលថ្វាយបង្គំតាមវិហារ និងសូរ៉ាវ ត្រូវពាក់ម៉ាស់ វាស់កម្តៅ លាងដៃជាប្រចាំនឹងសាប៊ូ អាល់កុល ឬជេល និងរក្សាគម្លាតពីគ្នាយ៉ាតិច១.៥ម៉ែត្រ ដោយអនុញាតថ្វាយបង្គមប្រមាណ៣០% នៃចំណុះទីតាំងវិហារនិមួយៗ ហើយត្រូវយកកម្រាលថ្វាយបង្គំពីផ្ទះសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ហាមក្មេង និងអ្នកមានជំងឺផ្សេងៗចូលរួម ហាមចាប់ដៃគ្នា ដោយជំនួសជាការលើកដៃ ឬនិយាយស្វាគមន៍បែបឥស្លាម ហើយបែកគ្នាភ្លាមក្រោយពីជួបគ្នាថ្វាយបង្គំប្រមាណ២០ទៅ៣០នាទី។
ក្រសួងសុខាភិបាលបញ្ជាក់ថា វិធានការនេះត្រូវអនុវត្តចាប់ពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ដោយសាកល្បងរយៈពេល៤សុក្រ បន្ទាប់មកចាប់ផ្តើមថ្វាយបង្គំជុំគ្នានៅតាមសូរ៉ាវ ប៉ុន្តែត្រូវប្រកាន់ភ្ជាប់ និងអនុវត្តវិធានការរបស់ខ្លួនសុខាភិបាលជានិច្ច។
បន្ថែមពីនេះ ក្រសួងសុខាភិបាលឲ្យដឹងទៀតថា បើមានបញ្ហាសង្ស័យថា មានជំងឺកូវីដ១៩ ជាយថាហេតុ គណៈឥស្លាមដែលដឹកនាំនៅវិហារនិមួយៗ ត្រូវរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋាន ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីជួយអន្តរាគមន៍ទប់ស្កាត់បញ្ហាទាំងនោះ ឲ្យមានប្រសិទ្ធភាពខ្ពស់។
សេចក្តីប្រកាសព័ត៌មានដដែលឲ្យដឹងទៀតថា គិតត្រឹមព្រឹកថ្ងៃ០៦ ខែកញ្ញា ឆ្នាំ២០២០នេះ មានមនុស្សចំនួន ២៧៤នាក់ហើយ ដែលត្រូវបានរកឃើញឆ្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ក្នុងនោះអ្នកជំងឺ ២៧២នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងអ្នកកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ មន្ទីរពទ្យមិត្តភាព-សូវៀត រាជធានីភ្នំពេញ ចំនួន២នាក់ ជាបុរស៕