រដ្ឋាភិបាលសម្រេចផ្លាស់ប្តូរទីតាំងសាលាដំបូងរាជធានីភ្នំពេញបច្ចុប្បន្នទៅកាន់ទីតាំងថ្មីក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ក្នុងតំបន់អភិវឌ្ឍន៍ក្រុមហ៊ុនOCIC ។
ទីស្តីការគណៈរដ្ឋមន្ត្រី ឱ្យដឹងតាមរយៈលិខិតចុះថ្ងៃទី៣១ ខែសីហាថា ការសម្រេចនេះធ្វើឡើងតបតាមសំណើសុំជាគោលការណ៍របស់ក្រសួងយុត្តិធម៌ តាមរយៈលិខិតចុះថ្ងៃទី១៣ ខែសីហា និងចំណាររបស់នាយករដ្ឋមន្ត្រី ចុះថ្ងៃទី២៦ ខែសីហាដូចគ្នា។
តាមកម្មវត្ថុ ក្រសួងយុត្តិធម៌សុំសាងសង់អគារសាលាយុត្តិធម៌ថ្មីមួយខ្នង សម្រាប់ប្រើប្រាស់ធ្វើជាអគារសាលាដំបូងរាជធានីភ្នំពេញនិងអគារសាលាឧទ្ធរណ៍ភ្នំពេញ នៅក្រុមហ៊ុនOCIC ដោយឱ្យក្រុមហ៊ុន លី ឈួង សំណង់ & អាហរ័ណ នីហរ័ណ ជាអ្នកអនុវត្តគម្រោងសាងសង់។
អគារយុត្តិធម៌មួយខ្នងថ្មីនេះ សាងសង់កម្ពស់៧ជាន់ មានផ្ទៃក្រឡាសរុបជិត២ហិកតា(១៩៩៥៩ម៉ែត្រក្រឡា) សម្រាប់ធ្វើជាអគារសាលាដំបូងរាជធានី អយ្យការអមសាលាដំបូងរាជធានី និងអគារសាលាឧទ្ធរណ៍ភ្នំពេញ។
លិខិតដដែលសរសេរបន្តថា៖ «ដោះដូរទីទាំងរបស់សាលាដំបូងរាជធានីភ្នំពេញ និងអយ្យការសាលាដំបូងរាជធានីភ្នំពេញ ដែលមានផ្ទៃដីទំហំ១៧៥៦ម៉ែត្រក្រឡា ស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា ជាថ្នូរនឹងការសាងសង់អគារសាលាយុត្តិធម៌ថ្មីលើដីដែលទទួលបានពីរាជរដ្ឋាភិបាល ទំហំ៩៤៥៦ម៉ែត្រក្រឡា ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ OCIC សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ដោយអនុវត្តស្របតាមគោលការណ៍ឯកជនភាវូបនីយកម្ម»។
ដើម្បីធានាដំណើរការនៃការសាងសង់អគារយុត្តិធម៌ថ្មីមួយនេះ រដ្ឋាភិបាលបានអនុញ្ញាតឱ្យផ្ទេរកម្មសិទ្ធិទីតាំងដីសាលាដំបូង ជូនក្រុមហ៊ុនសាងសង់ដោយពន្ធប្រថាប់ត្រាជាបន្ទុករបស់រដ្ឋ។
មួយវិញទៀត ក្រោយសាងសង់រួច សាលាឧទ្ធរណ៍ចាស់ទុកឱ្យក្រសួងយុត្តិធម៌ជាអ្នកប្រើប្រាស់។ ចំណែកតម្លៃនៃការដោះដូរ ត្រូវមានការយល់ព្រមពីគណៈកម្មាធិការឯកជនភាវូបនីយកម្ម។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន សុំមិនពន្យល់បន្ថែម ដើម្បីចង់ដឹងថា តើការស្នើសុំគោលការណ៍ដោះដូរនោះ មកពីទីតាំងចាស់មានបញ្ហាចម្បងអ្វី ត្រូវប្តូរទីតាំងថ្មីនៅពេលណា និងថាការដោះដូរនោះមានការដាក់ដេញថ្លៃជាសាធារណៈឬក៏អត់ ដោយលោកថា «អាចទាក់ទងទៅទីស្តីការគណៈរដ្ឋមន្ត្រី ឬស្ថាប័នសាម៉ីនឹងត្រូវផ្លាស់ប្តូរ»។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ សុំមិនធ្វើអត្ថាធិប្បាយដែរ ដោយថា ក្នុងលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់អស់ហើយ។
លោកថា៖ «នៅក្នុងហ្នឹងគេបញ្ជាក់ហើយ បងមើលឡើងវិញទៅ»។
ប្រធានក្រុមអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន សុំមិនធ្វើអត្ថាធិប្បាយដែរ លោកថាអត់ដឹងនិងឱ្យទាក់ទងទៅរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី លោក ហ៊ីង ថូរ៉ាក់ស៊ី ដែលVODមិនអាចទាក់ទងបាន។
លោកថា៖ «អត់ដឹងទេ! សូមសួរទៅឯកឧត្តម ហ៊ីង ថូរ៉ាក់ស៊ី»។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី និយាយថា ការដោះដូរអគាររដ្ឋពីកន្លែងចង្អៀតទៅកន្លែងទូលាយដើម្បីកាត់បន្ថយបញ្ហា ជាជម្រើសចាំបាច់ តែថា បើការដោះដូរនោះខ្វះតម្លាភាព ទ្រព្យសម្បត្តិជាតិនឹងធ្លាក់ទៅលើដៃមនុស្សមួយក្រុម។
លោកថា៖ «មានពេលខ្លះ ការដោះដូរដែលខ្ញុំធ្លាប់សង្កេតឃើញ អាដីដោះដូរថ្មីហ្នឹង កន្លែងខ្លះជារបស់មន្ត្រីថ្នាក់ធំៗ មានដីនៅត្រង់ហ្នឹង ដល់ដោះដូរទៅ អាការិយាល័យមន្ទីរស្អីៗហ្នឹង វាចំដីអ្នកធំវាដូចជាត្រូវរ៉ូវគ្នាក្នុងរូបភាពណាមួយក្នុងការដោះដូរដី វាមិនមែនទៅរកដីធម្មតាដែលទិញពីពលរដ្ឋសាមញ្ញយកមកធ្វើ»។
អង្គការតម្លាភាពអន្តរជាតិ កាលពីខែមករាដើមឆ្នាំនេះ ចេញផ្សាយរបាយការណ៍មួយចាត់ថ្នាក់កម្ពុជាក្នុងស្ថានភាពអាក្រក់ជាងមុននៃអំពើពុករលួយសម្រាប់ឆ្នាំ២០១៩ ហើយបើប្រៀបធៀបជាមួយប្រទេសទាំង១០នៅក្នុងតំបន់អាស៊ាន របាយការណ៍ បង្ហាញថា កម្ពុជាទទួលបានពិន្ទុ២០ក្នុងចំណោម១០០ពិន្ទុ។
ការវាយតម្លៃនេះ អង្គការតម្លាភាពអន្តរជាតិ បានសិក្សាលើ១៨០ប្រទេសនិងតំបន់លើពិភពលោក។ ក្នុងចំណោម១៨០ប្រទេសនិងតំបន់ ពិន្ទុសូន្យជាប្រទេសពុករលួយបំផុតនិងពិន្ទុ១០០ជាប្រទេសស្អាតស្អំបំផុត៕